គ.ជ.ប នៅ​មិន​ទាន់​ពិនិត្យ​ជ្រើសរើស​បេក្ខជន​ជា​អគ្គលេខាធិការ​និង​អគ្គលេខាធិការ​រង

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឲ្យ​ដឹង​ថា គណៈកម្មាធិការ​នេះ​នៅ​មិន​ទាន់​បាន​ពិនិត្យ​សម្រេច​ជ្រើសរើស​បេក្ខជន សម្រាប់​កាន់​មុខ​តំណែង​ជា​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​នៅ​ឡើយ​ទេ រហូត​មក​ដល់​ថ្ងៃ​អង្គារ ទី​២៩ ធ្នូ។

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឲ្យ​ដឹង​ថា គ.ជ.ប នៅ​មិន​ទាន់​បាន​ពិនិត្យ​ចម្រាញ់​បេក្ខជន ដែល​បាន​ដាក់​សម្រាប់​ការ​ជ្រើសរើស​ក្នុង​មុខ​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ទេ។

មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា បញ្ជាក់​បន្ថែម​ថា គ.ជ.ប កំពុង​ធ្វើ​ការងារ​នេះ ដោយ​បង្កើត​គណៈកម្មការ​ជ្រើសរើស​មួយ សម្រាប់​ជម្រុះ​បេក្ខជន​មុន​ការ​សម្រេច​លើ​បេក្ខជន៖ «ឥឡូវ​យើង​ធ្វើ​ការ​រាល់​ថ្ងៃ ហើយ​ព្រឹក​មិញ គ.ជ.ប បាន​បង្កើត​រួច​ហើយ​នូវ​គណៈកម្មការ ដើម្បី​ពិនិត្យ​មើល​សំណុំ​បែបបទ​របស់​បេក្ខជន​ទាំង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ហើយ​គណៈកម្មការ​នេះ​ឯង មាន​តួនាទី​ក្នុង​ការ​រៀបចំ​សម្រិតសម្រាំង​រក្សា​ទុក​នូវ​ឈ្មោះ​បេក្ខជន​មួយ​ចំនួន ដែល​មាន​ភាព​ចាំបាច់ ដាក់​ជូន គ.ជ.ប ដើម្បី​ពិនិត្យ​សម្រេច។ ទើប​នឹង​បាន​បង្កើត ហើយ​ស្អែក​នឹង​មាន​ប្រជុំ​ពាក់ព័ន្ធ​នឹង​រឿង​ហ្នឹង​ដែរ​បាទ»

កាល​ពី​ថ្ងៃ​ទី​២៦ ធ្នូ គ.ជ.ប បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា បន្ទាប់​ពី​បាន​ចេញ​សេចក្ដី​ប្រកាស​ជ្រើសរើស​រយៈពេល ១០​ថ្ងៃ មាន​បេក្ខជន​ចំនួន ២៤​នាក់ បាន​ដាក់​ពាក្យ​សុំ​ឈរ​ឈ្មោះ​សម្រាប់​ការ​ជ្រើសរើស​ឲ្យ​កាន់​មុខ​តំណែង​អគ្គលេខាធិការ ១​រូប។ ចំណែក​ឯ​មុខ​តំណែង​អគ្គលេខាធិការ​រង មាន​បេក្ខជន​ចំនួន ១០០​នាក់ ដែល​បាន​ដាក់​ពាក្យ​សុំ​ឈរ​ឈ្មោះ សម្រាប់​ការ​ជ្រើសរើស​យក​មុខ​តំណែង​អគ្គលេខាធិការ​រង ៤​រូប។ ក្នុង​ចំណោម​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​សុំ​ឈរ​ឈ្មោះ សម្រាប់​មុខ​តំណែង​អគ្គលេខាធិការ​រង ក៏​មាន​បេក្ខនារី ៤​នាក់​ដែរ។

លោក​បណ្ឌិត ហង្ស ពុទ្ធា ថ្លែង​ថា ការ​ចម្រាញ់​ជ្រើសរើស​យក​បេក្ខជន​ចុង​ក្រោយ សម្រាប់​មុខ​តំណែង​អគ្គលេខាធិការ ១​រូប និង​អគ្គលេខាធិការ​រង​ចំនួន ៤​រូប សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទាំង ៩​រូប នឹង​ចេញ​សេចក្ដី​សម្រេច​របស់​ខ្លួន​ជា​សាធារណៈ​នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០១៦៖ «បាទ! ការ​រំពឹង​សម្រេច​នេះ ប្រហែល​ជា​ចូល​ដល់​ឆ្នាំ​ថ្មី​ហើយ​បាទ»

ក្នុង​ចំណោម​បេក្ខជន​ដាក់​ពាក្យ​ក្នុង​តំណែង​អគ្គលេខាធិការ ក៏​មាន លោក ទេព នីថា ដែល​បាន​កាន់​តំណែង​ជា​អគ្គលេខាធិការ គ.ជ.ប រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ​ដែរ ដែល​លោក​ទទួល​រង​ការ​រិះគន់​ជាច្រើន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​អាណត្តិ​ធ្វើ​ការ​របស់​លោក​នៅ​ស្ថាប័ន គ.ជ.ប ចាស់ មុន​ពេល​សភា​រំលាយ​ចោល​នោះ។ ក្រៅ​ពី​នេះ​ទៀត ក៏​មាន​ធម្ម​បណ្ឌិត ហេង មណីចិន្តា បច្ចុប្បន្ន​ជា​នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ នៅ​ខេត្ត​បាត់ដំបង។ ចំណែក​អ្នក​ដាក់​ពាក្យ​ក្នុង​តួនាទី​អគ្គលេខាធិការ​រង មាន លោក សុកុលៈ ទីប៉ោ ក្នុង​តំណែង​អគ្គលេខាធិការ​រង គ.ជ.ប បច្ចុប្បន្ន លោក នី ចរិយា ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​លោក គឹម ឈន ជា​អ្នក​សម្រប​សម្រួល​កម្មវិធី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។