ឡិច​ស៊ី​ស​៣៣០​បុក​របាំង​ថ្ម​នៅ​ស្តុ​ប​ដេ​អិន​អស់​២​ផ្ទាំង

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​៣៣០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-3438 មួយ​គ្រឿង​បាន​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​ផ្ទាំង និង​បណ្ដាល​ឲ្យ​រថយន្ត​ដាច់​ក្រឡេក​ង់​មុខ​ម្ខាង ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រង​របួស​ក្បាល​ស្រាល​ដោយសារ​បោក​ក្បាល​ទៅ​នឹង​កញ្ចក់​រថយន្ត ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៩ ធ្នូ ២០១៥ នៅ​ចំណុច​ស្តុ​ប​ដេ​អិន តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន សហការ​ជាមួយ​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​បាន​ទំនាក់ទំនង​ទៅ​នគរបាល​ចរាចរណ៍​ក្រុង​មក​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ៕