បុរស​ខ្លាំង​ “​ច្រៀង​ខុស​បទ​”

​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិកាល​សាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ម្សិលមិញ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សម្តែង​នូវ​ប្រតិកម្ម​ខ្លាំងៗ​របៀប​សន្យា​អះអាង​យ៉ាង​ដាច់​ណាត់​ថា​ "​នឹង​កាត់​ដៃស្តាំ​ចោល​"​ ប្រសិនបើ​ចុះហត្ថលេខា​ស្នើ​លើកលែងទោស​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​មិន​ទាន់​អនុវត្តន៍​ទោស​ ក្រោម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​របស់​ស្ថាប័ន​តុលាការ​កម្ពុជា​ ជា​លើក​ទី​៣​ ខណៈ​ទន្ទឹម​នឹង​ការ​អះអាង​បែប​នេះ​ បុរស​ខ្លាំង​បាន​បន្ទរ​ក្នុង​ទំនុក​ជា​បទ​ចម្រៀង​ថា​ "​ហួសពេល​ហើយ​អូន​"​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​ អ្នក​សិក្សា​រៀនសូត្រ​ និង​អ្នក​ធ្លាប់​បាន​ស្តាប់​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​ "​ហួសពេល​ហើយ​អូន​"​ បាន​បញ្ចេញ​ទស្សនៈ​ថា​ បុរស​ខ្លាំង​អាយុ​៦៤​ឆ្នាំ​ ដែល​បន្ទរ​ជា​បទ​ចម្រៀង​ចង់​សំដៅ​ទៅ​លើ​ការ​មិន​ចុះហត្ថលេខា​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ ស្នើ​លើកលែងទោស​លោក​ សម​ រ​ង្ស៊ី​ អាយុ​៦៦​ឆ្នាំ​ ជា​មេ​បក្ស​ប្រឆាំង​ "​ច្រៀង​ខុស​បទ​"​ហើយ​ គឺ​ត្រូវ​ប្តូរ​ច្រៀង​ថា​ "​ហួសពេល​ហើយ​បង​"​ វិញ​ ទើប​ត្រឹមត្រូវ​ ពីព្រោះ​លោក​ សម​ រ​ង្ស៊ី​ មាន​អាយុ​ច្រើន​ជាង​ ។​ ម្យ៉ាងទៀត​ ការណ៍​ដែល​បុរស​ខ្លាំង​និយាយ​ ឬ​ច្រៀង​មិន​គោរព​អាយុ​បង​ ឬ​ប្អូន​នោះ​ អាច​ធ្វើ​ឲ្យ​គេ​រិះគន់​ថា​ "​មិន​ស្គាល់​ឋានៈ​ អាយុ​ខ្ពស់​ ទាប​"​ ។​

​គួរ​រំលឹក​ជូន​ថា​ ក្រោម​សម្ពាធ​នៃ​អំណាច​របស់​ស្ថាប័ន​តុលាការ​នៅ​កម្ពុជា​ លោក​ សម​ រ​ង្ស៊ី​ បាន​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ចំនួន​២​លើក​ ហើយ​ក៏​ត្រូវ​ទទួល​បានការ​លើកលែងទោស​ពី​អង្គ​ព្រះមហាក្សត្រ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ចំនួន​២​លើក​ដែរ​ ដើម្បី​បាន​បន្ត​ជីវភាព​នយោបាយ​ទល់​បច្ចុប្បន្ន​ គឺ​លើក​ទី​១​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៦/០៦៨​ ចុះ​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០០៦​ និង​លើក​ទី​២​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៣/៨២៧​ ចុះ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣​ ៕​

បុរស​ខ្លាំង​ “​ច្រៀង​ខុស​បទ​”បុរស​ខ្លាំង​ “​ច្រៀង​ខុស​បទ​”បុរស​ខ្លាំង​ “​ច្រៀង​ខុស​បទ​”