បង្ក្រាប​គ្រឿងញៀន​នៅ​ក្រុង​សួង ចាប់ខ្លួន​៤​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​១៧​កញ្ចប់

ខេត្ត​ត្បូងឃ្មុំ ៖ មុខសញ្ញា​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់​នៅ​ទឹកដី​ត្រើយ​ខាងកើត​ទន្លេមេគង្គ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​វេលា​ម៉ោង​៥ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ នៅ​ភូមិ​សួង​លិច សង្កាត់​សួង ក្រុង​សួង និង​ឈាន​ទៅ​ចាប់ខ្លួន​បក្ខ​ពួក​​៣​នាក់​ផ្សេង​ទៀត ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​​សរុប​ទាំង​អស់​​ចំនួន១៧កញ្ចប់ ។

លោក​វរសេនីយ៍ទោ ឈ​ន សុ​ធន់ អធិការ​នគរបាល​ក្រុង​សួង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ គឹ​ម ភក្តិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​សួង​លិច សង្កាត់​សួង ក្រុងសួង ។ ខណៈ​​ពេល​ចាប់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​៧​កញ្ចប់ ហើយ​តាម​រយៈ​ការ​ឆ្លើយ​សារភាព​របស់​ជនសង្ស័យ សមត្ថកិច្ច​ឈាន​ទៅ​ចាប់​បក្ខពួក​បាន​៣​នាក់​ទៀត មាន ១-​ឈ្មោះ សម្បត្តិ វ៉ា​ន់​ដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ជ្រៃ​បិទមាស សង្កាត់​សួង ក្រុង​សួង ជា​មុខសញ្ញា​ទើប​ចេញពី​ពន្ធនាគារ​, ២-​ឈ្មោះ ធឿ​ន ស្រី​នី ភេទ​ស្រី អាយុ​២១​ឆ្នាំ នៅ​ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម និង ៣-​ឈ្មោះ ស្រ៊ុ​ន ប៊ុ​ន​ម៉េ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​សួង​លិច សង្កាត់​សួង ក្រុង​សួង ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់ទៀត ។

លោក​អធិការ​នគរបាល​ក្រុង​សួង​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​សមត្ថកិច្ច​របស់​លោក​បាន​តាមដាន​ជា​ច្រើន​ថ្ងៃ ទើប​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ ភក្តិ បាន​ធ្វើ​សកម្មភាព​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន នៅ​ក្នុងភូមិ​សួង​លិច សង្កាត់​សួង ព្រមទាំង​បាន​ហៅ​បក្ខពួក​មក​សេព​គ្រឿងញៀន​ក្នុងផ្ទះរ​ប់ស​ខ្លួន​ថែម​ទៀត ។ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៨ ធ្នូ ដឹង​ថា​ជនសង្ស័យ​រូប​នេះ​កំពុង​តែ​ស្ថិត​នៅផ្ទះ​របស់​ខ្លួន សង្ស័យ​នាំ​គ្នា​សេព​គ្រឿងញៀន រូប​លោក​បាន​សុំ​គោលការណ៍​ពី​លោកស្នងការ​នគរបាល​ខេត្ត ដើម្បី​មាន​វិធានការ​ចុះ​ទៅ​បង្ក្រាប​ជា​បន្ទាន់ ដោយ​បាន​សុំ​ការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។ ក្រុម​​ជន​សង្ស័យ​​គ្រាន់តែ​ឃើញ​កម្លាំង​នគរបាល​ទៅ​ពី​ចម្ងាយ​​ អ្នក​មើលផ្លូវ​បាន​ប្រាប់​បក្ខពួក​ប្រញាប់​នាំ​គ្នា​រត់គេច​ខ្លួន​អស់​៦​នាក់ ដោយ​ចាប់​បាន​តែ​ឈ្មោះ គឹ​ម ភក្តិ ស្ថិត​នៅ​ក្នុងផ្ទះ​តៀម​សាងសង់​ពី​ឈើ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​៧​កញ្ចប់ ថង់​វេច​ខ្ចប់​មួយ​ចំនួន ដប​ទឹកបរិសុទ្ធ​ដែល​ច្នៃ​សម្រាប់​ជក់​គ្រឿងញៀន ដែកកេះ​៤ ទូរស័ព្ទ​ដៃ​សាំង​សុង​១​គ្រឿង និង​ដាវ​សា​មូ​រ៉ៃ​៣​ដើម ។

លោក​វរសេនីយ៍ទោ ឈ​ន សុ​ធន់ បញ្ជាក់​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩​ធ្នូ​នេះ ជនសង្ស័យ​រូប​នេះ​បាន​ឆ្លើយ​សារភាព រូប​លោក​បាន​សុំ​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត លុះ​នៅ​វេលា​ម៉ោង​ជិត​១​រសៀល ក៏​បាន​ធ្វើការ​ឆែកឆេរ​ដោយ​ចាប់​បាន​ជនសង្ស័យ​៣​នាក់​ទៀត ត្រង់​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ភូមិ​វិហារ​ខ្ពស់ សង្កាត់​សួង ក្រុង​សូ​ង ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់ ដែកកេះ​៥ ព្រមទាំង​ថង់​វេច​ខ្ចប់​មួយ​ចំនួន ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕