សម្តេច​ហ៊ុនសែន បញ្ជា​ឲ្យ​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​

ភ្នំពេញ: ក្នុងពេល​សម្រាក​លំហែកាយ នៅ​ឆ្នេរសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លង​ឆ្នាំ​សកល នា​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​​មន្ត្រី បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​​កិច្ច និង​ហិរញ្ញវត្ថុ ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី នៃ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ និង​លប់ចោល​ការចំណាយ​ណា​របស់​ប្រជាជន ដែល​ជាការ​នាំឱយ​ខាតបង់​ប្រាក់កាស​របស់​ប្រជាជន​។ សម្តេច​ហ៊ុនសែន បានប្រកាសថា សម្តេច​នឹង​តាមដាន​ពិនិត្យ​រឿងនេះ ជា​បន្ត មុននឹង​ដាក់ឱយអនុវត្ត​ន៍​សារជាថ្មី​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសរ​នៅលើ​ផេ​ក​ផ្លូវការ​របស់​សម្តេច នៅ​យប់​ថ្ងៃទី​២៩ ខែធ្នូ ថា "​ខ្ញុំ​បានទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ តាម Facebook ស្នើសុំ​អោយជួយ​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​។ ខ្ញុំ​បាន​ទាក់ទង​ទៅ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ពាកព័ន្ធ​មួយចំនួន​របស់​រាជរ​ដ្ឋា​ភិ​បា​លហើយ​។ ខ្ញុំ​បាន​បញ្ជា​ឱយ​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ផ្អាក​នូវ​ដំណើការ​នេះ ដើម្បី​ប្រជុំ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​រក​ដំណោះ​
​ស្រាយ​សមស្រប ជូន​ប្រជាជន​យើង​។ ខ្ញុំ​ក៏បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បញ្ចុះតម្លៃ និង​លប់ចោល​ការចំណាយ​ណា​របស់​ប្រជាជន ដែល​ជាការ​នាំឱយ​ខាតបង់​ប្រាក់កាស ​របស់​​ប្រជាជន​។ ខ្ញុំ​នឹង​តាមដាន​ពិនិត្យ​រឿងនេះ ជា​បន្ត មុននឹង​ដាក់ឱយអនុវត្ត​ន៍​សារជាថ្មី​។ ខ្ញុំ​សង្ឃឹមថា ការបញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណបើកបរ​នេះ គឺ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​បាន​មួយកម្រិត​ធំ​របស់​បងប្អូន ជាពិសេស​សម្រាប់​យុវជន​ដែល​ត្រូវការ​ប័ណ្ណបើកបរ​ចាំបាច់ ជាមួយនឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍ នៅ​ដើមឆ្នាំ​២០១៦ នេះ​"​។​

​ជាមួយនឹង​ការលើកឡើង​ខាងលើនេះ សម្តេច​តេ​ជោ​ហ៊ុនសែន ក៏បាន​លើកយក​សំណូម​ពរ​ប្រជាពលរដ្ឋ មក​បញ្ជាក់ថា "​ជំរាបសួរ​លោកពូ ក្មួយ​ចង់​សួរ ពី​រឿង​លោកពូ​រឿង​ធ្វើ​ប័ណ្ណបើកបរ​ម៉ូត ហេតុ​អី​ក៏​ថ្លៃ​មិ​ស រហូតដល់ 30$ តែ​ឡាន 35$ ហើយ​ប័ណ្​ណបើកបរ​ក្មួយ​មាន​ហើយ តែ​ផុតកំណត់​ចឹ​ង ក្មួយ​ចង់​ផ្តូ​រ​ថ្មី គ្រាន់តែ​ប្តូរ​ថ្មី​អស់​រហូត​ដល់ 30$ ហើយ​គ្រួសារ​ក្មួយ ត្រូវ​ប្តូរ​គ្នា បើ​ចឹ​ង​អស់​លុយ​ច្រើនណាស់ បើ​ធ្វើ​ថ្មី មិន​អី​ទេ តែ​នេះ​គ្រាន់​ផ្តូ​រ​ថ្មី​នឹង​។ ក្មួយ​ចង់​សំណួ​ម​ពរ​លោកពូ ហើ​ដាក់​តំលៃ​ណាមួយ ដែល​សមរម្យ សំរាប់​អ្នក​ប្តូរ នឹង​អ្នកធ្វើ​ថ្មី​ថា ត្រូវដាក់​ក្នុង​តំលៃ​ណាមួយ​។ សំរាប់​អ្នក​ផ្តូ​រ​ថ្មី 30 $ ថ្លៃ​ណាស់​។ ព្រោះ​ថ្លៃ​ពេក​ចឹ​ង ពេលខ្លះ​អ្នកក្រ គា្ន​គ្មាន​លទ្ធភាព​ធ្វើ​ទេ​។ សុំ​អរគុណ​លោកពូ​"៕​