ស្រវឹង «​អស់​លុយ​ហើយ ជាប់គុក​ទៀត​»!

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍ ជា​ញឹកញាប់ ដែល​ធ្វើ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ បាត់បង់​ជីវិត​មនុស្ស និង​ធ្វើ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាច្រើន ដោយសារតែ​ការបើក​បរទាំង​មាន​សារជាតិ​ស្រវឹង​។ ប៉ុន្តែ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ នឹងដាក់​ពិន័យ​ធ្ងន់ធ្ងរ​ដល់​អ្នកបើកបរ​មាន​សារជាតិ​ស្រវឹង ដោយ​ពួកគេ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ទៀតផង  ។​

​គ្រឿង​ស្រវឹង បាន​កំពុង​ពេញនិយម​ខ្លាំងណាស់​នៅក្នុង​សង្គម​កម្ពុជា ។ ប្រជាពលរដ្ឋ​មិន​ថា​ចាស់ មិន​ថា​ក្មេង ជាពិសេស​យុវជន​មួយចំនួន គេ​សង្កេតឃើញថា និយម​សេព​គ្រឿង​ស្រវឹង​ស្ទើរ​គ្រប់ពេលវេលា និង​ស្ទើរ​គ្រប់​កម្មវិធី​ជួបជុំ​ជាដើម បើទោះជា​ពួកគេ​ដឹងថា ការសេព​គ្រឿង​ស្រវឹង​នេះ ធ្វើ​ឲ្យ​ពួកគេ​ទប់​មិនអាច​ទប់​ស្មារតី​ខ្លួនឯង នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អាយុជីវិត​ក៏ដោយ​។ បើទោះជា​រដ្ឋាភិបាល​បាន​រម្លឹក​ដល់​អ្នកបើក​បរ​គ្រប់រូប កុំ​ឲ្យ​សេព​គ្រឿង​ស្រវឹង​ច្រើន​នៅពេល​ពួកគេ​ត្រូវ​បើកបរ​ក៏ដោយ ក៏​មិនទាន់​អាច​ទប់ស្កាត់​ពលរដ្ឋ​បានដែរ ។

​តែ​យ៉ាងណា​នៅ​ឆ្នាំ​២០១៦ ពលរដ្ឋ​ដែល​សេព​គ្រឿង​ស្រវឹង​ហើយ​បើកបរ​នោះ ពួកគេ​អាច​ប្រឈម​នឹង​ការ «​អស់​លុយ​ហើយ ជាប់គុក​ទៀត​» ព្រោះ​ចាប់ពី​ឆ្នាំ​២០១៦ តទៅ អ្នកបើកបរ នឹងត្រូវ​ជាប់ពន្ធនាគា​រ​ពី​១​ខែ​ដល់​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី​២០០​ដុល្លា ដល់​១០០០​ដុល្លា ប្រសិនបើ​នៅតែ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​តទៅទៀត​។​

​សូមបញ្ជាក់ថា ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៥ ក្នុង​ជំពូក​ទី​១០ មាត្រា​៧៧ បាន​ចែងថា​៖ ជន​ណា​បើកបរ​យានយន្ត​នៅពេលដែល​ខ្លួន​ស្ថិតក្នុង​ភាពស្រវឹង ដោយមាន​ជាតិ​អាល់កុល​ចាប់ពី  ០,៤០ (​សូន្យ​ក្បៀស​សែសិប​) មី​លី​ក្រាម ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី​០,៨០ (​សូន្យ​ក្បៀស​ប៉ែតសិប​) ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើងទៅ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១(​មួយ​)​ខែ ទៅ ៦ (​ប្រាំមួយ​) ខែ និង​ពិន័យ​ជា​ប្រាក់ ពី ៨០០ ០០០ (​ប្រាំបី​សែន​) រៀល ទៅ ៤០០០ ០០០ (​បួន​លាន​)​រៀល​៕