ការវាយប្រហារ តាមដែនអាកាស របស់រុស្ស៊ី ជួយរំដោះតំបន់ចំនួន ២០ពីការគ្រប់គ្រង របស់ ISIS នៅស៊ីរី

ម៉ូស្គូ៖ កងទ័ពអាកាស របស់ប្រទេស រុស្ស៊ី បានជួយដល់កងកម្លាំង ប្រជាធិបតេយ្យរបស់ប្រទេស ស៊ីរី ក្នុងការរំដោះតំបន់ រស់នៅរបស់ ប្រជាពលរដ្ឋចំនួន ២០កន្លែង ពីកណ្តាប់ដៃរបស់ ពួកឧទ្ទាមរដ្ឋឥស្លាម ISIS នៅជុំវិញទីក្រុង Raqqa ដែលជាជំរុំដ៏ធំមួយ របស់ពួកឧទ្ទាម ISIS នេះបើយោងតាមការ លើកឡើងរបស់អ្នកនាំពាក្យយោធារុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ។

ក្រោមជំនួយពីសំណាក់ ទ័ពអាកាសរបស់ប្រទេស រុស្ស៊ី កងកម្លាំងប្រជាធិតេយ្យរបស់ស៊ីរី វាយដណ្តើមបានតំបន់ ជាច្រើនក្រោមការ គ្រប់គ្រងរបស់ពួក ISIS ក្នុងប្រទេស ស៊ីរី នេះបើយោងតាមការលើកឡើង របស់នាយសេនាធិការយោធារុស្ស៊ី លោក Rudskoy។

លោក Rudskoy បានបន្ថែមថា យុទ្ធនាការវាយប្រហារតាម ដែនអាកាសរបស់រុស្ស៊ី បានបំផ្លាញគោលដៅ របស់ក្រុមសកម្មជនបានចំនួន ៥៥៦កន្លែង ក្នុងប្រតិបត្តិការចំនួន១៦៤លើក ចាប់តាំងពីការចាប់ផ្តើមការវាយប្រហារ កាលពីពេលថ្មីៗកន្លងទៅនេះ។ តំបន់ដែលត្រូវបានវាយប្រហារ ប្រកបដោយភាពជោគជ័យ មានតំបន់ Aleppo តំបន់Idlib តំបន់Latakia តំបន់Hama តំបន់Homs រដ្ឋធានីDamascus ខេត្ត Deir ez-Zor និងខេត្តRaqqa៕

ការវាយប្រហារ តាមដែនអាកាស របស់រុស្ស៊ី ជួយរំដោះតំបន់ចំនួន ២០ពីការគ្រប់គ្រង របស់ ISIS នៅស៊ីរី