មក​ពី​គិត​ថា​កាលីប​​​​ ទើប​និស្សិត​សម្រុក​ចង់​ធ្វើការ​​ធនាគារ?

មក​ពី​គិត​ថា​កាលីប​​​​ ទើប​និស្សិត​សម្រុក​ចង់​ធ្វើការ​​ធនាគារ?

​និស្សិត ​មួយ​​ចំនួន​ហាក់​ចាប់​អារម្មណ៍​ខ្លាំង​ជាមួយ​ការងារ​​នៅ​ក្នុង​​ធនាគារ​ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​​ចាប់​សាកសួរ​និង​ដាក់​ពាក្យ​​ទៅ ​កាន់​ស្តង់​​ពិព័រណ៍​ការងារ​​ផ្សេង​ៗ​។ តើ​មក​ពី​មូល​ហេតុ​អ្វី​ ទើប​ការងារ​​នៅ​​ស្ថាប័ន​ទាំង​​នេះ​​​ពេញ​​និយម​​សម្រាប់​​​​យុវវ័យ?

 

កញ្ញា សុភ័ណ្ឌ​វិជ្ជរ៉ា អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​មួយ បាន​ឲ្យ​ដឹង​ថា ​កញ្ញា​រៀន​មុខ​​ងារ​​​​គណនេយ្យ​ ដែល​មុខ​ជំនាញ​នេះ​ក៏​ត្រូវ​ជាមួយ​ការងារ​នៅ​ធនាគារ​ដែរ។ ម្យ៉ាង​ទៀត​ ធនាគារ​ក៏​ជា​កន្លែង​ធ្វើការ​មួយ​ មាន​លក្ខណៈ​ថ្លៃថ្នូរ​ និង​​មិន​សូវ​ប្រើ​កម្លាំង​ ស័ក្ដិសម​សម្រាប់​មនុស្ស​ស្រី​ដូច​កញ្ញា។

 

វិជ្ជរ៉ា បាន​បន្ថែម​ថា៖ “មិន​មែន​មកពី​យល់​ថា​ការងារ​នៅ​ធនាគារ​ស្រណុក​នោះ​ទេ គឺ​មក​ពី​ជំនាញ​ដែល​ខ្ញុំ​​រៀន​ត្រូវ​នឹង​ជំនាញ​នេះ”។

 

រីឯ ​យុវជន ម៉ី បញ្ញា​ឈួន និស្សិត​ឆ្នាំ​ទី​៣​ជំនាញ General Manager​ នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ការងារ​ទាំង​អស់ ខ្លួន​​ចាប់​អារម្មណ៍​ជាង​គេ គឺ​ការងារ​នៅ​​ធនាគារ​ ហើយ​ណាមួយ​ឃើញ​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ​កើតឡើង​ច្រើន​ យល់​ថា នឹង​មាន​ការងារ​ច្រើន​​នៅ​តាម​ធនាគារ​។ យុវជន​រូប​នេះ​​​​យល់​ថា​ បើ​បាន​ការងារ​​ធនាគារ​​នេះ​​​ពេល​កំពុង​រៀន ​នឹង​​​ផ្ដល់​មុខ​មាត់​គួរ​សម​​​​ គេ​ថា​ជា​មនុស្ស​មាន​កំណើត។

 

មក​ពី​គិត​ថា​កាលីប​​​​ ទើប​និស្សិត​សម្រុក​ចង់​ធ្វើការ​​ធនាគារ?

 

លោក ចក់ ភារម្យ កាន់​ការងារ​ផ្នែក​ជ្រើសរើស​បុគ្គលិក​របស់​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ​ អម្រឹត បាន​ឲ្យ​ដឹង​ថា ​ស្ថាប័ន​របស់​ខ្លួន​តែង​ផ្ដល់​ឱកាស​ជា​ទូទៅ​ដល់​និស្សិត​នៅ​តាម​ សាកលវិទ្យាល័យ​ឲ្យ​មាន​ការងារ​ធ្វើ​ ហើយ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ដាក់​ពាក្យ​សុំ​ការងារ​ធ្វើ​ច្រើន​ដែរ។

 

លោក ​ភារម្យ បាន​បន្ត​ថា ពួក​គេ​មិនមែន​ផ្ដោត​តែ​លើ​ការងារ​ក្នុង​ការិយាល័យ​មាន​​ម៉ាស៊ីន​ត្រជាក់​ ការងារ​មិន​សូវ​លំបាក​នោះ​ទេ គឺ​សំខាន់​ពួក​គាត់​ចង់​បាន​បទ​ពិសោធន៍​ ពាក់ព័ន្ធ​នឹង​ជំនាញ​សិក្សា​របស់​​ខ្លួន​​ និងចង់​បាន​​ចំណេះ​ដឹង​ការងារ​មុន​បញ្ចប់​​ការ​សិក្សា​ ទោះ​បីជា​កិច្ច​ការ​​កំពុង​ធ្វើ​ ​ត្រឹម​​ជា​ការងារ​ស្ម័គ្រ​ចិត្ត​ក៏​ដោយ។

 

រីឯ ​លោកស្រី ពាំង ពិសាក នាយិកា​ផ្នែក​ធនធាន​មនុស្ស​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អេអឹមខេ​ កន្លង​មក​​បាន​ឲ្យ​ដឹង​ថា មក​ពី​ពួក​គាត់​គិត​ថា​ការងារ​នៅ​តាម​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ គឺ​និស្សិត​​ឥឡូវ​ចូលចិត្ត​ការងារ​ណា​ដែល​ងាយស្រួល​ តែ​ពេល​ជួប​ការ​លំបាក​ក៏​សម្រេច​បោះបង់ចោល​វិញ​ងាយ​ៗ ដូច្នេះ​ហើយ​​ទើប​​ពួកគេ​ចង់​បាន​តែ​ការងារ​​នៅ​ក្នុង​ការិយាល័យ​មាន​ម៉ាស៊ីន​ត្រជាក់​ងាយស្រួល​។

 

លោកស្រី ពិសាក បាន​បន្ថែម​ថា ប៉ុន្តែ​ជាក់ស្ដែង​បញ្ហា​ គឺ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ត្រូវ​ការ​បុគ្គលិក​ចុះ​តាម​តំបន់​មួយ​ចំនួន​នៅ​តាម​កន្លែង​ក្រក្រី តាម​ភូមិ​ឆ្ងាយ​ៗ ប៉ុន្តែ​យុវជន​មួយ​ចំនួន​ពេល​ចុះ​ធ្វើការ​​ត្រូវ​កម្ដៅ​ថ្ងៃ​តែ​ម្ដង​ ក៏​សម្រេច​ចិត្ត​បោះបង់​ភ្លាម​ដែរ។ ដូច្នេះ​ហើយ​នៅ​អេអឹមខេ មាន​លក្ខខណ្ឌ​ដល់​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​។ ​អ្នក​ដែល​អាច​ធ្វើ​ការងារ​ជាមួយ​សហគមន៍​បាន​ ទើប​អាច​ធ្វើការ​ជាមួយ​អេអឹមខេ​បាន។

 

លោក ស៊ឹង ថារិទ្ធ នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម នៅ​ក្រុមហ៊ុន​ CamHR ជំនាញ​ផ្នែក​ធនធាន​មនុស្ស​ធ្លាប់​បាន​ឲ្យ​ដឹង​ដែរ​ថា ទី​១​ដោយសារ​ឃើញ​វិស័យ​នេះ​កំពុង​រីកចម្រើន​ខ្លាំង ទី២​ ការងារ​នៅ​ស្ថាប័ន​ទាំង​នេះ​​សម្បូរ​​នៅ​ទី​ប្រជុំ​ជន​ ដូច្នេះ​ហើយ​ទើប​និស្សិត​នាំ​គ្នា​សម្រុក​ចង់​ធ្វើការ​នៅ​ទី​​នោះ។

 

មក​ពី​គិត​ថា​កាលីប​​​​ ទើប​និស្សិត​សម្រុក​ចង់​ធ្វើការ​​ធនាគារ?

 

លោក ​បាន​​បក​ស្រាយ​បន្ថែម​ថា ដោយសារ​រដ្ឋាភិបាល​​កំពុង​ជំរុញ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ ធនធាន​មនុស្ស​​នៅ​កម្ពុជា​​​មិន​សូវ​ពេញ​ចិត្ត​ចំពោះ​ការងារ​ដែល​មាន​ទីតាំង ​នៅ​តំបន់​ឆ្ងាយ​ទេ​​ ខុស​ពី​យុវជន​នៅ​ប្រទេស​ជិតខាង​​កម្ពុជា​ ដែល​គេ​ពេញ​ចិត្ត​ធ្វើ​ការ​នៅ​ឆ្ងាយ​ពី​ទីក្រុង​បន្តិច​មែន​ ប៉ុន្តែ​គេ​ទទួល​បាន​ការ​ឧបត្ថម្ភ​ និង​អត្ថប្រយោជន៍​ផ្សេង​ជា​ច្រើន​លើស​ពី​អ្នក​ធ្វើការ​នៅ​ក្នុង​ក្រុង​​ទៀត​ផង ។

 

ដូច្នេះ ​ជា​ដំណោះ​ស្រាយ​រដ្ឋាភិបាល​គួរ​តែ​ជួយ​ជំរុញ​វិស័យ​ផ្សេង​ៗ ដែល​នៅ​សេសសល់​ ដើម្បី​ផ្ដល់​ឱកាស​ការងារ​កាន់​តែ​ច្រើន​សម្រាប់​យុវជន​ខ្មែរ ហើយ​យុវជន​ក៏​ដូចគ្នា​គួរ​តែ​ងាក​ទៅ​ចាប់​យក​ជំនាញ​បច្ចេកទេស​ផ្សេងៗ​ ដូចជា​វិស័យ​កសិកម្ម​ជាដើម ដើម្បី​ជៀសវាង​​អ្នក​វិនិយោគ​មក​កម្ពុជា​ហើយ ប៉ុន្តែ​បែរ​ជា​ជួប​បញ្ហា​ ខ្វះ​អ្នក​ជំនាញ​ទៅ​វិញ។

 

អត្ថបទ​៖​ កង ចាន់​បញ្ញា