កសិករ​ដាំ​ម្រេច​នៅ​កម្ពុជា​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ទៅ​លើ​ដំណាំ​របស់​ពួកគេ

កសិករ​ដាំ​ម្រេច​នៅ​កម្ពុជា​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ទៅ​លើ​ដំណាំ​របស់​ពួកគេ

ដំណាំ​ម្រេច​ នៅ​ក្នុង​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌល​គិរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥។ ខេត្ត​មណ្ឌល​គិរី​គឺ​ជា​ខេត្ត​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​ ប៉ុន្តែ​មាន​ប្រជាជន​តិច​ជាង​គេ​ ហើយ​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​ព្នង។​ (នូវ​ ពៅ​លក្ខិណា​/VOA)ប្រជា​កសិករ​ដាំ​ម្រេច​នៅ​ក្នុង​ខេត្ត​កំពត​ និង​ខេត្ត​កែប​ មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ប្រែប្រួល​អាកាសធាតុ ​ដែល​អាច​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​ការ​ដាំ​ដំណាំ​ម្រេច​របស់​ពួក​គេ។ ភ្នំពេញ—

ប្រជា​កសិករ​ដាំ​ម្រេច​នៅ​ក្នុង​ខេត្ត​កំពត​ និង​ខេត្ត​កែប​ មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ប្រែប្រួល​អាកាសធាតុ ​ដែល​អាច​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​ការ​ដាំ​ដំណាំ​ម្រេច​របស់​ពួក​គេ។

ពួកគេ​និយាយ​ថា​ ប្រសិន​បើ​ការ​រាំង​ស្ងួត​នៅ​តែ​បន្ត​នៅ​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ ផលិតផល​ម្រេច​របស់​ពួក​គេ​នឹង​ធ្លាក់​ចុះ។

លោក ​ងួន​ ឡាយ ​ប្រធាន​សមាគម​ម្រេច​កំពត​ ខេត្ត​កំពត​ និង​ខេត្ត​កែប ​បាន​និយាយ​ថា​ ការ​ប្រែប្រួល​អាកាសធាតុ​ដែល​នាំ​ឲ្យ​ភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់ ​និង​កម្ដៅ​ឡើង​ខ្លាំងនោះ​បណ្ដាល​ឲ្យ​ដើម​ម្រេច​មិន​មាន​គ្រាប់​ច្រើន។

«ការ​រាំងស្ងួត​ធ្វើ​ឲ្យ​ម្រេច​ជួប​ភាព​ប្រឈម​ដែរ​ដូច​ជា​សម្រាប់​ចុង​ឆ្នាំ​២០១៥​ កាល​ពី​ខែ​៧​ខែ​៨ ​និង​ខែ​៩​ មេឃ​រាំង។ ម្រេច​ខែ​៦ ចាប់​ផ្កា​ដល់​វា ​រាំង​អញ្ចឹង​ទៅ​ធ្វើ​អោយ​ផ្កា​ជ្រុះ​ច្រើន។ ផ្កា​ ដែល​មិន​ជ្រុះ ​ក៏​វា​មិន​ដាក់​គ្រាប់​ពេញ​ដែរ។ ដូច្នេះ​វា​ធ្លាប់​ថា​មួយ​គួរ​២០​ គ្រាប់​ ឬ​១៥​គ្រាប់​ វា​ នៅ​តែ​៣​គ្រាប់​ ៤​គ្រាប់​ ឬ៥​គ្រាប់។ ម្យ៉ាង​ទៀត ​ម្រេច​ដែល​មិន​ឆ្អែត​ទឹក​ធ្វើ​ឲ្យ​គុម្ព​វា​អត់​សូវ​មាន​កម្លាំង​ ព្រោះ​វា​ខ្វះ​ទឹក​ក៏​ដើម​ វា​អត់​សូវ​ខ្មៅ​ល្អ​ ដូច​ពេល​មាន​ទឹក​ភ្លៀង​គ្រប់​គ្រាន់​ដែរ»។

ទោះបី​ផ្ទៃ​ដី​ដាំ​ម្រេច​សរុប​មាន​កើន​ឡើង​ពី​១១០​ហិកតា ​កាល​ពី​ឆ្នាំ​មុន​ដល់​ចំនួន​១៨០​ហិកតា​នៅ​ក្នុង​ឆ្នាំ២០១៥ នេះ​ក៏​ដោយ ក៏​លោក​បាន​បន្ថែម​ថា​ ផ្ទៃដី​ដែល​អាច​ប្រមូល​ផល​បាន​មាន​ត្រឹម​តែ​៤០​ហិកតារ​ប៉ុណ្ណោះ​ក្នុង​ចំនួន​ផ្ទៃដី​១៨០​ហិកតារ​នោះ ដោយ​សារ​ម្រេច​ត្រូវ​ការ​រយៈពេល​បី​ឆ្នាំ ​ដើម្បី​ផ្ដល់​ផល​បី​ឆ្នាំ​បន្ទាប់​ពី​ពេល​ដាំ។

លោក ងួន​ ឡាយ ​បាន​បន្ត​ថា៖​«រាំង​តាម​ប្រពៃណី​គឺ​ថា​នៅ​ក្នុង​ខែ​ប្រាំ​ពីរ។ ថា​មាន​កូន​រដូវ​ប្រាំង​នៅ​ក្នុង​ខែ​ប្រាំ​ពីរ។ តែ​ឆ្នាំ​នេះ​មិន​ត្រឹម​តែ​ខែ​ប្រាំ​ពីរ​ទេ ខែ​ប្រាំបី​ និង​ខែ​ប្រាំបួន​រហូត​ដល់​ខែ​១០​ បាន​វា​ចាប់​ផ្ដើម​ភ្លៀង»។

លោក ​តឹក​ វណ្ណារ៉ា​ នាយក​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ឬ NGO Forum បាន​និយាយ​ថា​ ផល​ប៉ះពាល់​នឹង​នៅ​តែ​បន្ត​មាន ​ប្រសិន​បើ​មិន​មាន​កម្មវិធី​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

លោក​បាន​ប្រាប់ VOAនៅ​ក្នុង​ខេត្ត​កំពត​ថា៖​«ការ​កើន​ឡើង​កម្ដៅ​ហើយ​ក៏​ដូច​ជា​ការ​ប្រែប្រួល​នៃ​រដូវ​កាល បញ្ហា​ទាំង​អស់​នេះ​បាន​ជះ​ឥទ្ធិពល​ផ្ទាល់​ និង​ប្រយោល​ទៅ​ដល់​ប្រព័ន្ធ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»។

អ្នកស្រី ​ស៊ន​ សុធី​ ម្ចាស់​ចម្ការ​ម្រេច​សុធី​នៅ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ​នៅ​ក្នុង​ខេត្ត​កែប ​ដែល​មាន​ចម្ការ​ម្រេច​ទំហំ​បី​ហិកតារ​នោះ​ បាន​និយាយ​ថា​ ទិន្នផល​ម្រេច​មាន​ការ​ធ្លាក់​ ចុះ​នៅ​ក្នុង​ឆ្នាំ​២០១៥ ​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៤​ ដោយសារ​តែ​ភាព​រាំងស្ងួត​ និង​ការ​ខ្វះ​បច្ចេកទេស​ក្នុង​ការ​ដាំ​ដុះ។

អ្នកស្រី​បាន​និយាយ​ថា៖​«២៥០​គីឡូ​ឆ្នាំ​២០១៤​ តែ​ជាក់​ស្ដែង​ក្នុង​ឆ្នាំ​២០១៥​ ២០០​គុម្ព​ដូច​គ្នា។ ខ្ញុំ​បាន​ទទួល​ផល​តែ​២០០​គីឡូ​ទេ​ ដោយ​សារ​កម្ដៅ​វា​ក្ដៅ​ខ្លាំង​ ហើយ​នឹង​បច្ចេកទេស​ថែទាំ​របស់​យើង​មាន​កម្រិត»។

ក្នុង​មួយ​ហិកតា ​កសិករ​អាច​ដាំ​ម្រេច​បាន​២៥០០​គុម្ព​ ដែល​មួយ​គុម្ព​អាច​ផ្ដល់​ទិន្នផល​ម្រេច​បាន​មួយ​គី​ឡូ​កន្លះ។ ម្រេច​កំពត​មាន​តម្លៃ​ពី​១៥០០០​ដុល្លារ​ទៅ​២៨០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន។ នេះ​បើ​យោង​តាម​សមាគម​ម្រេច​កំពត។

លោក​ ព្រំ ​យូ​ ដែល​គ្រួសារ​របស់​លោក​ដាំ​ម្រេច​អស់​រយៈពេល​៣០​ឆ្នាំ​មក​ហើយ ​នៅ​លើ​ផ្ទៃ​ដី​២​ហិកតា​នោះ​បាន​និយាយ​ថា ​ភ្លៀង​មិន​ទៀងទាត់​ធ្វើ​ឲ្យ​ម្រេច​ងាប់ ជា​ពិសេស​នៅ​ពេល​ដែល​មាន​ភ្លៀង​ បន្ទាប់​ពី​មេឃ​ក្ដៅ​ខ្លាំង។

«ពេល​យើង​ដឹង​ថា ​មេឃ​ត្រជាក់​ដី​ត្រជាក់​បាន​យើង​ស្រោច ហើយ​ដល់​ទឹក​ភ្លៀង​វា​អត់​ទៀង​ជួន​កាល​ក្តៅៗ​អញ្ចឹង ​វា​ភ្លៀង​មក​រ៉ាវ​មក​ យើង​ទៅ​ហាម​ឃាត់​យ៉ាង​ម៉េច​មេឃ»។

លោក​ ងួន ​ឡាយ ​នៃ​សមាគម​ម្រេច​កំពត បាន​និយាយ​ថា​៦០​ទៅ​៧០​ភាគរយ​នៃ​ទិន្នផល​ម្រេច​កំពត​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ​ដូច​ជា​ប្រទេស​បារាំង​ជាដើម។ហើយ​៣០​ទៅ​៤០​ភាគរយ​ទៀត​ត្រូវ​លក់​នៅ​ក្នុង​ទី​ផ្សារ​ក្នុង​ស្រុក។

ប៉ុន្តែ លោក​ និយាយ​ថា ​កសិករ​ដាំ​ម្រេច​នៅតែ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ក្នុង​ការ​ដាំដុះ ដោយ​សារ​ពួកគេ​មិន​មាន​បច្ចេកទេស​ល្អ​ក្នុង​ការ​ដាំដុះ៕