​មេខ្លោង​រៀបចំ​និង​ប្រើប្រាស់​ឯកសារ​ក្លែង​ត្រូវបាន​តុលាការ​ចាប់ខ្លួន​ឡើងវិញ

​រាជធានី​ភ្នំពេញ​៖​ឈ្មោះ ពៅ សិទ្ធិ ដែល​គេ​ស្គាល់​ថា ជា​មេក្លោង​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​និង​ប្រើប្រាស់​លិខិត​ក្លែង​បន្ទាប់ពី​មាន បណ្តឹង​របស់លោក​ទេសរដ្ឋមន្ត្រី អឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៅ​អំឡុង​ខែកក្កដា ២០១៥ ។ ឥឡូវនេះ​ត្រូវបាន​តុលាការ​ចាប់ខ្លួន​ឡើងវិញ បន្ទាប់ពី​មេក្លោង​រូបនេះ​មិន​គោរព​តាម​លក្ខខណ្ឌ​ជា​ធរមាន​របស់​តុលាការ ក្រោយ​ពេលដែល​បានរស់នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ។ 

​    ​គួរ​បញ្ជាក់ថា នៅ​ចុងឆ្នាំ​២០០៧ និង​ដើមឆ្នាំ​២០០៨ ឈ្មោះ​ពៅ សិទ្ធិ ជា​មេខ្លោង​រៀបចំ​ឯកសារ​ក្លែង និង​ប្រើប្រាស់​ឯកសារ​ក្លែង​ដោយ​ចេតនា​ជាមួយ​អ្នក​រួមគំនិត​ជាច្រើន​នាក់ ពិសេស​ពួកគេ​ហាក់បីដូចជា​យកគំនិត​របស់​ក្រុម​អ្នកជំនាញ​ឱ្យយោបល់​មួយចំនួន ដែល​គ្មាន​មាគ៌ា​ច្បាប់ និង​គ្មាន​សីលធម៌ ដោយ​លាក់​ការពិត និង​មាន​ចេតនា​បិទបាំង​អំពើ​ល្មើស​របស់​ឈ្មោះ​ពៅ សិទ្ធិ និង​គូកន ដើម្បី​ធ្វើ​ទុក​បុក​ម្មេញ និង​រឹបអូស​ដោយ​ខុសច្បាប់​យក​ដី​គេ​ជាង​១.០០០​ហិកតា ដោយមាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​ក្រុមហ៊ុន​វិនិយោគទុន​ជប៉ុន​ដ៏ ធំ​មួយ ដោយបាន​ដាក់ទុន​វិនិយោគ​រាប់សិប​លាន​ដុល្លារ​អាមេរិក​នៅ​ប្រទេស​កម្ពុជា​នៅ អំឡុង​ឆ្នាំ​១៩៩៥-១៩៩៦​។ 

​    ​មេក្លោង ឈ្មោះ ពៅ សិទ្ធិ ត្រូវបាន​លោក​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​សម្រេច​ឃុំខ្លួន​កាលពី ថ្ងៃទី​២១ កក្កដា ២០១៥ រួច​ម្តង​ហើយ ។ រយៈពេល​ជាង​១​ខែក្រោយ​មក ពោលគឺ​ថ្ងៃទី​១៨ កញ្ញា ២០១៥ ឈ្មោះ​ពៅ សិទ្ធិ ត្រូវបាន​លោក​ចៅក្រម​ស៊ើបសួរ​សម្រេច​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ប៉ុន្តែ​កាលដែល​លោក​ចៅក្រម​សម្រេច​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះបាន ភ្ជាប់​នូវ​លក្ខខណ្ឌ​តាមផ្លូវ​ច្បាប់​មួយចំនួន​។ ប៉ុន្តែ​បន្ទាប់ពី​ឈ្មោះ​ពៅ សិទ្ធិ បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន គឺ​ឈ្មោះ​នេះ​មិនបាន​គោរព​តាម​លក្ខខណ្ឌ​ជា​ធរមាន​របស់​តុលាការ​នោះទេ​ទើប តុលាការ​ចាប់ខ្លួន​មកវិញ​ដើម្បីឱ្យ​ការ​ស៊ើបសួរ​ក្នុង​សំណុំ​រឿងនេះ​មាន ប្រសិទ្ធភាព និង​ដោយ​យុត្តិធម៌​៕ 

​មេខ្លោង​រៀបចំ​និង​ប្រើប្រាស់​ឯកសារ​ក្លែង​ត្រូវបាន​តុលាការ​ចាប់ខ្លួន​ឡើងវិញ