ពលរដ្ឋ ដែលត្រូវរើចេញពីចំណុចអភិវឌ្ឍច្រាំង ទន្លេផ្សារក្រោម ទាមទារលក្ខខ័ណ្ឌ៣ចំណុចពីអាជ្ញាធ

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ១៩១គ្រួសារ រស់នៅតាមមាត់ ទន្លេក្នុងភូមិចុងកោះ សង្កាត់កំពង់ ក្រុងកំពង់ឆ្នាំង ដែលនឹង ត្រូវរុះរើ ផ្ទះចេញឲ្យអស់ពីចំណុចត្រូវអភិវឌ្ឍច្រាំងទន្លេ នៅអំឡុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០១៦ខាងមុខ បានទាមទារ លក្ខខ័ណ្ឌ ៣ ចំណុច ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង។

យោងតាមគេហទំព័ររបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹង លោក រ៉េស ទីន សមាជិកក្រុមប្រឹក្សា សង្កាត់ផ្សារឆ្នាំង បានលើកឡើង នៅក្នុងកិច្ចប្រជុំរវាងប្រជាពលរដ្ឋ១៩១គ្រួសារ និងអាជ្ញាធរភូមិ និងសង្កាត់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥កន្លងមក ប្រជាពលរដ្ឋមាន សំណូមពរ៣ចំពោះអាជ្ញាធរ ទី១. សុំធ្វើការបង្ហាញទីតាំងថ្មី ដែលគាត់ត្រូវទៅ សាងសង់លំនៅដ្ឋាន ឲ្យបាន ច្បាស់លាស់, ទី២. សុំដោះស្រាយប្រាក់ គោលនយោបាយរុះរើផ្ទះ មាន៣ប្រភេទគឺ ប្រភេទ១ផ្ទះធំ សុំ១៥០០ដុល្លារ ២.ផ្ទះមធ្យម ១០០០ដុល្លារ ៣.ផ្ទះតូច៥០០ដុល្លារ និងសំណូមពរទី៣. ស្នើសុំឲ្យរៀបចំ ប្រព័ន្ធទឹក អគ្គីសនី នៅទីតាំងថ្មីជាមុនសិន ចាំឲ្យ ប្រជាពលរដ្ឋរុះរើផ្ទះទៅនៅតាមក្រោយ។

ឆ្លើយតបនឹង សំណូមពរខាងលើ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរៀបចំ សណ្តាប់ធ្នាប់ខេត្ត បានឲ្យលើកឡើងថា ចំពោះសំណូមពរទី១. ទីតាំងថ្មីដែលប្រជាពលរដ្ឋត្រូវទៅរស់នៅមាន២ទីតាំង គឺតាំងទី១មានចម្ងាយពី១០០ម៉ែត្រ ពីផ្សារថ្មីមានតម្លៃខ្ពស់បន្តិច ឯទីតាំងទី២មានចម្ងាយ៣០០ទៅ៤០០ម៉ែត្រ ពីផ្សារថ្មីមានតម្លៃថោក និងត្រូវបង់រំលោះយូរឆ្នាំ ហើយលោកមិនបានប្រាប់ទីតាំងជាក់លាក់តែម្តងទេ ដោយហេតុថាខ្លាចមានឈ្មួញទៅទិញដីកន្លែងនោះមុនធ្វើឲ្យមានការលំបាក។
លោក អភិបាលរង បានបន្តថា ចំពោះសំណូមពរទី២. ប្រាក់គោលនយោបាយជួយក្នុងការរុះរើផ្ទះ ក្រោយពីបានចរចាគ្នាចំនួន៣លើក ក្នុងអង្គប្រជុំមកអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋបានឯកភាពគ្នាថា ទី១ផ្ទះធំដោះស្រាយជូន១៣០០ដុល្លារ, ទី២ផ្ទះមធ្យម៩០០ដុល្លារ និងទី៣ផ្ទះតូច៤០០ដុល្លារ។ សំណូមពរទី៣. ទីតាំងថ្មី គឺអាជ្ញាខេត្តនឹងធានារៀបប្រព័ន្ធទឹក ភ្លើងជាស្រេចទើបឲ្យប្រជាពលរដ្ឋទៅរស់នៅ។ ចំណែកផ្លូវតាមមាត់ទន្លេត្រូវកសាងថ្មីដែលមានទទឹងលើ១០ម៉ែត្រ អាចមានកំពស់ចាប់ពី៤ទៅ៥ម៉ែត្រខ្ពស់ផុតពីទឹកទន្លេ។

លោក ស៊ុន សុវណ្ណរិទ្ធ បានបន្ថែមទៀតថា ផែនការអភិវឌ្ឍន៍ច្រាំងទន្លេផ្សារក្រោមនេះ គឺត្រូវអនុវត្តរយៈពេល៥ឆ្នាំ គិតពី ឆ្នាំ២០១៥ ដល់២០១៩។
នៅក្នុង ខែ១ និងខែ២ ឆ្នាំ២០១៦នេះ ខេត្តនឹង ធ្វើផ្លូវបេតុងថ្មីប្រវែង៤០០ម៉ែត្រ ចេញពីចុងភូមិ ចុងកោះទៅផ្លូវជាតិលេខ៥ សង្កាត់ខ្សាម ដើម្បីយកយឿត្រី និងអ្នកលក់ឈើ ស្លឹក ពីងពុងទៅដាក់នៅចុងភូមិចុងកោះតាមផែនការដែលបានគ្រោងទុក។ ចំណែកផ្ទះ ប្រជាពលរដ្ឋ ជាង៧០ខ្នង នៅខាងលិចផ្លូវលំក្នុងភូមិចុងកោះ និងផ្ទះប្រជាពលរដ្ឋភូមិកណ្តាល១២ខ្នង ដែលមាន ផលប៉ះពាល់ដែរនោះនឹងត្រូវដោះស្រាយជាបន្តបន្ទាប់ពេលក្រោយទៀត ដោយមិនទុកឲ្យនៅអនាធិបតេយ្យបែបនេះឡើយ។
អាជ្ញាធរខេត្តមាន គំរោងឲ្យក្រុមហ៊ុនវិយោគទុនរៀបចំធ្វើផ្សារថ្មីជាង១ពាន់តូប និងរៀបចំដីប្រមាណ២០ហិកតា លក់បង់ រំលោះជូនពលរដ្ឋដែលខ្វះទីតាំងរស់នៅពិតប្រាកដ ហើយផែនការរៀបចំនេះមានរយៈពេល៥ឆ្នាំ ដើម្បី អភិវឌ្ឍ មាត់ ទន្លេផ្សារក្រោមជាង២គីឡូម៉ែត្រ ឲ្យក្លាយជាតំបន់ទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ លើកស្ទួយ ជីវភាពរស់ នៅប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ឲ្យមានជីវភាពធូរធារមួយកម្រិត ៕

ពលរដ្ឋ ដែលត្រូវរើចេញពីចំណុចអភិវឌ្ឍច្រាំង ទន្លេផ្សារក្រោម ទាមទារលក្ខខ័ណ្ឌ៣ចំណុចពីអាជ្ញាធ