ប្រពន្ធ​ចាស់​តាម​ឃ្វាល​ប្តី​ក្មេង​ផ្ទុះ​ជម្លោះ​តាម​ផ្លូវ

ប្រពន្ធ​ចាស់​តាម​ឃ្វាល​ប្តី​ក្មេង​ផ្ទុះ​ជម្លោះ​តាម​ផ្លូវ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ​ដែល​មាន​វ័យ​ខុស​គ្នា គឺ​ប្ដី​មាន​អាយុ​ក្មេង​ជាង​ប្រពន្ធ​នោះ បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំងក្លា​ដោយ​ពាក្យ​សម្ដី រួច​ឈាន​ដល់​ការ​វាយតប់​គ្នា​ថែម​ទៀត ដោយ​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រវាយប្រតប់​ដណ្ដើម​យក​ម៉ូតូ​ពី​ប្ដី ដោយ​ចោទប្រកាន់​ប្ដី​ថា ឆ្លៀតពេល​ដែល​នាង​រវល់ បាន​លួច​យក​ម៉ូតូ​ជិះ​ចេញពីផ្ទះ​ទៅ​ដឹក​ស្រី​ស្នេហ៍ ចូល​ក្រេបទឹក​ឃ្មុំ​នៅផ្ទះ​សំណាក់ ប៉ុន្តែ​នាង​បានដឹង​ទាន់ ក៏​តាម​ហៅ​ឱ្យ​ប្ដី​ត្រឡប់ មក​ផ្ទះ​វិញ ។ ដោយសារ​ប្ដី​មិន​ព្រមទៅ​តាម ទើប​នាង​ជិះ​ម៉ូតូឌុប​តាម​រហូត​ដល់​ចំណុច​ភ្លើងស្តុប ទើប​ទាន់ ហើយ​ក៏​មាន​ជម្លោះ​កើតឡើង​ជាមួយ​គ្នា​បែប​នេះ​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ថ្ងៃ​ទី​២៩ ធ្នូ វេលា​ម៉ោង​១​និង​១០​នាទី​រសៀល នៅ​ត្រង់​ចំណុច​ភ្លើងស្តុប​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី កែង​ផ្លូវ​លេខ​២០០៤ ស្ថិត ក្នុងភូមិ​តា​ងួ​ន​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្ដី​ប្រពន្ធ​មួយគូ​នោះ មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​របស់​ពួក​ទេ សូ​ម្បី​ប៉ូលិស​សួរ​ក៏​មិន​ប្រាប់​ដែរ គឺ​ព្យាយាម​លាក់លៀម​ឈ្មោះ​តែ​ម្ដង​។ តាម​ការ​ប៉ាន់ស្មាន​លើ​ភិនភាគ ប្ដី​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ ចំណែក​ប្រពន្ធ​មាន​អាយុ​ប្រហែល​៤០​ឆ្នាំ ។ នៅ​ប៉ុស្ដិ៍​ប៉ូលិស ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ប្រាប់​ប៉ូលិស​ថា ប្តី​របស់​គាត់​ខិលខូច​ណាស់ ពិសេស​គឺ​ល្មោភ​ស្រី​តែ​ម្តង មួយ​ថ្ងៃ​ៗ​មិន​គិត​ជួយ​ធ្វើការ​ងារ​រក​សុ​ី​អ្វី​ឡើយ គិតតែ​ពី​ដើរ​ញ៉ែ​ទាក់​ស្រី ។ មិនតែប៉ុណ្ណោះ មាន​ពេល​មួយ​នោះ ប្តី​គ្មាន​លុយ​មួយ​រៀល​សោះ តែ​នាំ​ស្រី​ទៅ​ដេក​នៅផ្ទះ​សំណាក់​បាន​យ៉ាង​ងាយ ។ លុះ​គ្មាន​លុយ​ឱ្យ​ស្រី និង​ឱ្យ​ថ្លៃ​ផ្ទះសំណាក់ គាត់​ជា​ប្រពន្ធ​ទៅ​ចេញ​លុយ​ឱ្យ​ថែម​ទៀត ។ គាត់​និយាយ​ប្រាប់​ប៉ូលិស​ថា ធ្វើ​បែប​នេះ​ដើម្បី​ទុក​មុខ​ឱ្យ​ប្ដី មិន​ចង់ឱ្យ​ប្ដី​បាក់មុខ​ខ្មាស​គេ ហើយ​គាត់​តែងតែ​លួងលោម​ប្ដី​ឱ្យ​កែខ្លួន តែ​លោក​ប្តី​មិន​ព្រម​កែ​ទាល់តែ​សោះ ។ ជាង​នេះ​ទៅ​ទៀត ប្តី​ធ្លាប់​បាន​លក់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ មួយ​គ្រឿង យក​លុយ​ទៅ​ដើរ​លេង​ស៊ីចាយ អត់​គិតគូរ​ផ្ទះសម្បែង​ឡើយ ។

ស្ត្រី​រូប​នោះ​បាន​បន្ត​ថា ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ ខណៈ​ដែល​គាត់​កំពុង​ជាប់រវល់​ការងារ ប្ដី​បាន​លួច​យក​ម៉ូតូ ម៉ាក​អាយ​ខន ពណ៌​ខ្មៅ​លាយ​ផ្កាឈូក ជិះ​ចេញពីផ្ទះ ។ ដោយសារ​កន្លង​មក ប្ដី​ក្មេង​ធ្លាប់​ខូច​បែប​នេះ ទើប​លើក​នេះ ក្រោយ​ពី​ដឹង​ថា​ប្ដី​ជិះ​ម៉ូតូ​ចេញពីផ្ទះ គាត់​ក៏​ជិះ​ម៉ូតូឌុប​តាម ក្នុង​បំណង​ហៅ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​ប្ដី​មិន​ព្រមទៅ ទើប​ពេល​តាម​ទាន់​ក៏​បណ្តាល​ឱ្យ​មានការ​ឈ្លោះប្រកែក​គ្នា​តែ​ម្ដង​ទៅ ។

ចំណែក​បុរស​ជា​ប្ដី​វិញ បាន​បដិសេធ​រាល់​អ្វី​ដែល​ប្រពន្ធ​បាន​ចោទប្រកាន់​ទាំងអស់ ដោយ​គាត់​និយាយ​ថា ប្រពន្ធ​គាត់​ចេះ​តែ​និយាយ​បង្ខូច​គាត់​ប៉ុណ្ណោះ ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​ប្តី​ប្រពន្ធ​មួយគូ​នេះ ទៅ​កាន់​ប៉ុស្តិ៍​កា​កាប ដោយ​ណែនាំ​និង​សម្រុះសម្រួល​មួយសន្ទុះ ទើប​ត្រូវរ៉ូវ​គ្នា​វិញ ។ រួច​ហើយ នាង​ជា​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ដឹក​ប្ដី​ត្រឡប់​ទៅ​ផ្ទះ នៅ​ឯ​ខេត្តកំពង់ស្ពឺ​វិញ ។ ប៉ុន្តែ​មិន​មាន​នរណា​បានដឹង​ថា នៅ​ពេល​ទៅ​ដល់​ផ្ទះ ឬ​ទៅ​ថ្ងៃ​មុខ​នឹង​មាន​បញ្ហា​អ្វី​កើតឡើង​ទៀត​នោះ​ឡើយ ធ្វើ​ឱ្យ​អ្នក​ឈរ​មើល​នាំ​គ្នា​និយាយ​ថា ប្តី​ក្មេង​ជាង​ច្រើន​ឆ្នាំ​ពេក ពិតជា​ពិបាក​ឃ្វាល​អុ​ី​ចឹ​ង​ហើយ ៕