កាប់​ប្រហារ​ដោយ​ពូថៅ​ប៉ង​សម្លាប់​ផ្តាច់​ពូជ​មួយ​គ្រួសារ

កាប់​ប្រហារ​ដោយ​ពូថៅ​ប៉ង​សម្លាប់​ផ្តាច់​ពូជ​មួយ​គ្រួសារ

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​សមាជិក​មួយ​គ្រួសារ​ដែល​មាន​គ្នា​៧​នាក់ បាន​រង​របួសធ្ងន់​និង​ស្រាល បង្ក​ឱ្យ​មានការ​រន្ធត់​តក់ស្លុត​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ធ្នូ នៅ​ក្រុម​ទី​២១ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បន្ទាប់​ពី​មាន​ជន​មិន​ស្គាល់​មុខ​បាន​ប្រើ​ពូថៅ​កាប់​ប្រហារ​ទៅ​លើ​គ្រួសារ​មួយ​យ៉ាង​ឃោរឃៅ និង​ព្រៃផ្សៃ ខណៈ​គ្រួសារ​នេះ​កំពុង​លង់លក់​ក្នុង​ដំណេក​ទាំងចាស់ទាំងក្មេង ។ នេះ​ជា​ការ​ប៉ុនប៉ង​សម្លាប់​ផ្តាច់​ពូជ​មួយ​គ្រួសារ ដែល​បង្ក​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ជុំវិញ​អំពើ​ដ៏​សាហាវ​យ៉ាង​យង់ឃ្នង​បំផុត​នេះ ។ រីឯ​ប្តី​ដែល​ជា​មេ​គ្រួ​សារបាន​រួចខ្លួន ព្រោះ​ជាប់​ទៅ​នេសាទ​សមុទ្រ ។

យោង​តាម​ប្រភព​ពី​មន្ត្រី​មាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​បានឱ្យ​ដឹង​ជំហាន​ដំបូង​ថា នេះ​ជា​ករណី​ឃាតកម្ម​មួយ​លើ​មនុស្ស​១​គ្រួសារ បង្ក​ឱ្យ​មនុស្ស​ចាស់​ក្មេង​៦​នាក់ បាន​រង​របួសធ្ងន់​និង​ស្រាល​ក្នុង​ចំណោម​៧​នាក់ ដោយ​ពុំ​ទាន់​ដឹង​អំពី​មូលហេតុ​ច្បាស់លាស់​នៅ​ទ្បើ​យ​ទេ ។ ប៉ុន្តែ​បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ យោង​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​អាច​និយាយ​ថា ជា​រឿង​គំនុំ​យ៉ាង​ពិតប្រាកដ ព្រោះ​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ពុំ​មានទ្រព្យ​សម្បត្តិ​អ្វី ដែល​សង្ស័យ​ថា​ជា​អំពើ​ប្លន់​នោះ​ទេ ។ ហើយ​ប្រសិនបើ​ប្លន់​នោះ​ប្រហែលជា​ពួក​ចោរ​វា​មិន​ចាំបាច់​ចំណាយ​កម្លាំង​កាប់​មនុស្ស​នាំ​តែ​អំពល់​នោះ​ទេ ព្រោះ​ចោរ​ត្រូវការ​តែ​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ប៉ុណ្ណោះ ។ គ្រួសារ​ដែល​រង​គ្រោះ​នេះ​ជា​អ្នក​ក្រីក្រ ជា​អ្នកនេសាទ​សមុទ្រ គ្មាន​ទ្រព្យសម្បត្តិ​ឱ្យ​ចោរប្លន់​នោះ​ទេ ព្រោះ​អ្នកនេសាទ​សមុទ្រ​នៅ​ក្រុងព្រះសីហនុ​ច្រើន​តែ​រស់នៅ​ត្រឹម​គ្រប់គ្រាន់​ប៉ុណ្ណោះ ។

ជន​ទាំង​៦​នាក់​ក្នុង​ចំណោម​៧​នាក់ ដែល​រង​គ្រោះ​រួម​មាន​៖

១-​ឈ្មោះ តូច សំ​អុល ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ត្រូវជា​ជីដូន និង​ជា​ម្តាយ​រង​របួសធ្ងន់ ។
២-​ឈ្មោះ អ៊ុំ ផា​ន់ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ត្រូវជា​កូន រង​របួសធ្ងន់ ។
៣-​ឈ្មោះ គង់ ណា​រី​ន ភេទ​ស្រី អាយុ​១៣​ឆ្នាំ ។
៤-​ឈ្មោះ គង់ ណា​រី ភេទ​ស្រី អាយុ​១០​ឆ្នាំ ។
៥-​ឈ្មោះ គង់ ភា​រុន ភេទ​ប្រុស អាយុ​៦​ឆ្នាំ ។
៦-​ឈ្មោះ គង់ យ៉ា​ន់ ភេទ​ប្រុស អាយុ​៤​ឆ្នាំ កុមារ​ទាំង​៤​នាក់​រង​របួសធ្ងន់ និង​ស្រាល ត្រូវជា​កូន​របស់​ឈ្មោះ អ៊ុំ ផា​ន់ ។

ឯ​កុមារ​ម្នាក់​ទៀត​ឈ្មោះ កង់ សូ​នី​តា ភេទ​ប្រុស អាយុ​៣​ឆ្នាំ ពុំ​មាន​គ្រោះថ្នាក់​អ្វី​ទេ ដោយសារ​ឈ្មោះ គង់ ណា​រី​ន ជា​បងស្រី​យក​ភួយ​គ្រប​ពីលើ​ធ្វើ​ឱ្យ​ឃាតករ​មើល​មិនឃើញ ។លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ថា ករណី​ដ៏​សាហាវ​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​ហើយ រង់ចាំ​ប្តី​ដែល​ជា​អ្នកនេសាទ​សមុទ្រ​ត្រ​ទ្ប​ប់​មក​វិញ ដើម្បី​សាកសួរ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ។ ចំពោះ​ឃាតករ​យង់ឃ្នង​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ លោកស្នងការ​ពុំ​ទាន់​បំភ្លឺ​បាន​នៅ​ទ្បើ​យ​ទេ ព្រោះ​នេះ​ជា​នីតិវិធី​របស់​សមត្ថកិច្ច ដើម្បី​ទុក​លទ្ធភាព​តាម​ប្រមាញ់ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល ។ ការ​សង្ស័យ​ថា ជា​រឿង​គំនុំ​អាច​ជា​តម្រុយ​ដែល​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត ។ អ្វី​ដែល​ត្រូវ​បាន​សាធារណ​មតិ​ថ្កោលទោស​នោះ គឺ​ការ​ព្យាបាទ​លើ​គ្រួសារ​រង​គ្រោះ​នេះ​ដូច​ជា​ព្រៃផ្សៃ​ពេក​ហើយ ដែល​សូ​ម្បី​តែ​កូន​ក្មេង​ក៏​មិន​លើកលែង​ដែរ ពិតជា​ឃោរឃៅ​ពេក​ណាស់​ហើយ តើ​គំនុំ​អ្វី​ទៅ​បានជា​ជ្រាលជ្រៅ​ពេក​បែប​នេះ ។
មហាជន​គិត​ថា ឃាតករ​មិន​អាច​គេច​ផុត​ពី​កណ្តាប់ដៃ​លោកស្នងការ​នគរបាល​ខេត្ត​បាន​ទ្បើ​យ ៕