ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​រង​របួស​បែក​មុខ​បែក​មាត់

​រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បើក​ម៉ូតូ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ទៅ​បុក​ម៉ូតូ​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ដែល​កំពុង​ល្បាតតាម​ផ្លូវ​បណ្តាល​ឲ្យ​ដួល​រង​របួស​បែក​មុខ​បែក​មាត់​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង​១២​និង៤០​​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែធ្នូ ត្រង់​ចំណុច​មុខ​សាលា​អន្តរជាតិញូ​វ​ប្រិច តាម​បណ្ដោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ម៉ូតូ​បង្ក​ម៉ាក​ស៊ុ​យ​ស៊ូ​គី​ស្មាស ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1W-6570 បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូងជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ។ រីឯ​ម៉ូតូ​រង​គ្រោះ​ម៉ាក​វ៉េ​ស្បា ពណ៌​ក្រហម អត់​ស្លាក​លេខ បើកបរ​ដោយ​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​មួយ​គ្រឿង​កំពុង​ជិះ​​ល្បាត ស្រាប់តែ​ម៉ូតូ​បង្ក​បើកបរ​ក្នុង​ស្ថានភាព
ស្រវឹង​រេ​​ចង្កូត​​ឆ្លង​ផ្លូវ​ទៅ​បុក​ម៉ូតូ​​នគរ​បាល​បណ្ដាល​ឲ្យ​ដួល​រង​របួស​បែក​មុខ​បែក​មាត់​ទាំង​២នាក់ ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ដឹក​យកទៅ​ព្យាបាល​​ទាំង​ពីរ​នាក់ ចំណែក​ឯ​ម៉ូតូ​វិញ​ត្រូវ​បាន​​​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕