អគ្គនាយក ANUSSA ៖ រៀបចំ The MIC មកពី​ខ្មាស​បរទេស

អគ្គនាយក ANUSSA ៖ រៀបចំ The MIC មកពី​ខ្មាស​បរទេស

លោក សេង ពិសិដ្ឋ អគ្គនាយក ANUSSA  ដែល​បាន​រៀបចំ​ឲ្យ​មាន​កម្មវិធី The MIC Original Song រដូវ​កាល​ទី ១ នេះ​ លើក​ឡើង​ថា​ លោក​ផ្ដួច​ផ្ដើម​គំនិត​ឲ្យ​មាន​ការ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឡើយ មាន​មូលហេតុ​ពីរ​យ៉ាង​ទី​មួយ ខ្មាស​បរទេស និង​ទី​ពីរ ព្រោះ​លោក​មាន​ភាព​ឈឺចាប់។

 

អគ្គនាយក ANUSSA ៖ រៀបចំ The MIC មកពី​ខ្មាស​បរទេស

 

“មូលហេតុ​ទី​មួយ គឺ​ខ្ញុំ​ខ្មាស​បរទេស​ណាស់​ ពេល​ទៅ​ចូលរួម​កម្មវិធី​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ​គេ​ឲ្យ​យើង​លើក​យក​បទ​ចម្រៀង Original របស់​ខ្លួន​ទៅ​បង្ហាញ​ តែ​សឹង​តែ​គ្មាន​ទៅ​ហើយ ព្រោះ​ភាគច្រើន​សុទ្ធតែ​បទ​ចម្លង​ពី​គេ។” ពិសិដ្ឋ ពោល​ដូចនេះ ព្រោះ​ថា​ចម្រៀង​ភាគច្រើន​ជា​របស់​ថៃ ឡាវ វៀតណាម ជាដើម។

 

ចំណែក​ឯ​មូលហេតុ​ទី​ពីរ វិញ​ គឺ​​លោក​ថា​មាន​ភាព​ឈឺចាប់ ព្រោះតែ​​ចម្រៀង​គេ​ចេញ​មក​ភ្លាម ​មិន​ទាន់​បាន​ពីរ បី ថ្ងៃ​ផង ​ផលិតកម្ម​ខ្មែរ​បួន​ប្រាំ​យ៉ាង​ហោច នាំ​គ្នា​ចម្លង​តាម ដោយ​ដូច​ទាំង​ចម្រៀង ដូច​ទាំង​កាយវិការ ដូច​ទាំង​ការ​ស្លៀកពាក់ ដូច​សព្វ​បែបយ៉ាង​ទាំង​អស់។ សេង ពិសិដ្ឋ  ថ្លែង។

 

អគ្គនាយក​ដដែល​ថ្លែង​ថា “ខ្ញុំ​ជា​ខ្មែរ​ម្នាក់​ដែរ ជា​យុវជន​ម្នាក់​ដែរ តើ​ខ្មែរ​យើង​អន់​ដល់​ថ្នាក់​នឹង​ផង? ខ្មែរ​ដែល​ធ្លាប់​មាន​វប្បធម៌​រីកចម្រើន​លូតលាស់​មាន​បទ​ចម្រៀង​ផ្ទាល់​ខ្លួន ច្រើន​កាល​ជំនាន់​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត រហូត​មក​ដល់​ពេល​នេះ​មួយ​ឆ្នាំ​មាន​ចម្រៀង  Original ប៉ុន្មាន​បទ?”

 

សំណួរ​មួយ​ទៀត​ដែល​លោក​ចង់​សួរ​ដែរ​នោះ គឺថា “នេះ​ជា​កំហុស​អ្នក​ណា? អ្នក​ចម្រៀង អ្នក​ផលិត អ្នក​លក់ អ្នក​ស្ដាប់ ឬ​អ្នក​និពន្ធ?”  ដូចនេះ​ហើយ​ទើប​ខាង​លោក​សម្រេចចិត្ត​ធ្វើ​កម្មវិធី​នេះ​ឡើង​ ដើម្បី​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ផលិត​ចម្រៀង​មិន​ចម្លង​គេ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត។

 

 អគ្គនាយក ANUSSA ៖ រៀបចំ The MIC មកពី​ខ្មាស​បរទេស

 

បុរស​វ័យ​កណ្ដាល​រូប​នោះ  ក៏​បាន​ផ្ដាំផ្ញើ​ដល់​អ្នក​ទាំង​នោះ​ដែរ​ថា ​នេះ​ជា​សម័យ​អ៊ីនធឺណិត គេ​មិន​បាច់​ទិញ​ឌីស​ក៏​បាន​ដែរ ដោយ​គ្រាន់តែ​បង្ហោះ​ចូល​YouTube ហើយ​គេ​អាច​ទាញ​យក​មក​ស្ដាប់ ទី​បំផុត​ផលិតកម្ម​របស់​ទាំង​នោះ​នៅតែ​អាច​បិទ​បាន​ដូច​គ្នា ប្រសិន​បើ​មិន​មាន​ការ​ផលិត​បទ​ថ្មី។

 

យ៉ាង​ណា​ជា​ចុង​ក្រោយ លោក ពិសិដ្ឋ បាន​ធ្វើ​ការ​កត់​សម្គាល់​​ថា ​បច្ចុប្បន្ន​មាន​តារា​ចម្រៀង​កំពូល​ៗ​មួយ​ចំនួន​បាន​ងាក​មក​ធ្វើ Original Song បណ្ដើរ​ៗ​ហើយ ហើយ​មាន​ជំនឿ​ចិត្ត​ថា សិល្បៈ​តន្ត្រី​របស់​លោក​កាន់​តែ​ប្រសើរ​ជាង​នេះ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ៕

 

អត្ថបទ៖ទ្រី រ៉ាវី