UN ផ្តល់ជំនួយ ថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋ យ៉េម៉ែនចំនួន ១,២លាននាក់

(UNITED NATIONS)៖ ភ្នាក់ងារសុខភាព របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UN បាននាំឱសថព្យាបាលជំងឺចំនួន១០០តោន ដើម្បីផ្គត់ផ្គង់ដល់ ប្រជាពលរដ្ឋ១,២ លាននាក់ ដែលកំពុងរស់នៅក្នុងតំបន់ ភាគកណ្តាលប្រទេស យ៉េម៉ែន ដែលកំពុងមានសង្គ្រាមរ៉ាំរ៉ៃ និងជាទីតាំងដែលមាន មនុស្សប្រមាណ៣លាន នាក់កំពុងត្រូវការជំនួយ មនុស្សធម៌ជាបន្ទាន់ នេះបើយោងការលើកឡើង របស់មន្ត្រីUN ដកស្រង់ដោយសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ។

ដំណាងអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ក្នុងប្រទេស យ៉េម៉ែន លោក Ahmed Shadoul បានលើកឡើងថា បច្ចុប្បន្នភ្នាក់ងារUN កំពុងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទំាងអស់ ចូលរួមផ្តល់នូវជំនួយមនុស្សធម៌ដោយគ្មានការកំណត់ និងរយៈពេលយូរ ព្រមបញ្ជូនបុគ្គលិកសុខភាពដោយគ្មានលក្ខខ័ណ្ឌ ដើម្បីជួយដល់ប្រទេស យ៉េម៉ែនដែលកំពុងត្រូវការជំនួយជាចាំបាច់។

ជំនួយទាំងនោះរួមមាន ឧបករណ៍បញ្ជូលអ៊ុកស៊ីសែនសម្រាប់ការសង្គ្រោះបន្ទាន់ ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រជាដើម ដោយបានចែកចាយដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន១៣កន្លែង ព្រមទាំងបានផ្តល់ជំនួយផ្សេងៗ បន្ថែមសម្រាប់មណ្ឌលសុខភាពក្នុងស្រុក ដើម្បីបំពេញតម្រូវការក្នុងពេលខាងមុខផងដែរ៕

UN ផ្តល់ជំនួយ ថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋ យ៉េម៉ែនចំនួន ១,២លាននាក់