ឧ​​​កញ៉ា ​​​និង​​​អតីត​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​បន្ត​​​ឡើង​​​សវនា​​​ការ​​​ពាក់​​​ព័ន្ធ​​​ផែន​​​ការ​​​រំលោភ​​​សម្លាប់

លោក ខូវ ផល្លា​​​បុត្រ ដែល​​​បានរួម​​​គ្នា​​​​បង្កើត​​​​​​​ក្រុមហ៊ុន​​​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​សំណង់​​​ដ៏​​​ធំ​​​បំផុត​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ត្រូវ​​​បាន​​​បើក​​​សវនាការជំនុំជម្រះ​​​​កាល​​​ពី​​​ម្សិលមិញ​​​ជា​​​មួយ​​​អ្នកស្រី ឡាយ​​​ ហួង អតីត​​​ភរិយា​​​របស់​​​លោក​​​​​​ជុំវិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ថា ពួក​​​គេ​​​បាន​រៀប​ផែន​​​ការ​​​រំលោភ​​​ ហើយ​​​សម្លាប់​​​ប្រពន្ធ និង​​​កូន​​​ស្រី​​​របស់​​​លោក ស៊ុន​​​ ចាន់​​​ថុល រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ ពាណិជ្ជកម្ម​​​​កាល​​​ពី​​​ឆ្នាំ​​​២០១០​​​។

លោក ខូវ ផល្លា​​​បុត្រ មិន​​​មាន​​​វត្ត​​​មាន​​​នៅ​​​សាលា​​​ដំបូង​រាជធានី​​​ភ្នំពេញ​​​ទេ​​​ ហើយ​​​លោក ​​​ លឹម វណ្ណា មេធាវី​​​របស់​​​លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​រឿង​​​ក្តី​​​នេះឡើយ​​​​​​។ ​​​អ្នក​​​ស្រី ឡាយ ហួង ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​​​​ ប្រទេស​​​ថៃ​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​មុន ហើយ​​​ត្រូវ​​​បាន​​​ធ្វើ​​​បត្យា​ប័ន​​​​​​​​មក​​​ប្រទេស​​​កម្ពុជា​​​នោះ​​​បាន​​​បដិសេធ​​​ដាច់អហង្ការ​​​​​​ចំពោះ​ការ​ចោទ​​​ប្រកាន់​​​មក​​​លើ​​​អ្នក​​​ស្រី​​​ថា “មាន​គំនិត​​​ផ្តួច​​​ផ្តើម​​​ក្នុង​​​ការ​​​រំលោភ​​​ និង​​​ប៉ុន​​​ប៉ង​​​មនុស្ស​​​ឃាត​​​ដោយ​​​ គិត​​​ទុក​​​ជា​​​មុន​​​”។

គេ​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​ថា តើ​​​ការ​​​ចោទ​​​ប្រកាន់ ​​​លើ​​​​​​លោក ខូវ ផល្លា​​​បុត្រ​​​ ធ្វើឡើង​នៅពេល​ណា​​​​នោះ​​​ទេ។ ទោះ​​​ជាយ៉ាង​​​ណា ​​​លោក ​​​សាន ​​​ សុផាត ចៅ​​​ក្រ​​​ម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ក្រុម​​​ជំនុំ​​​ជម្រះ​​​បាន​​​ចេញ​​​ឈ្មោះ​​​គាត់​​​​ថា ជា​​​ចុ​​​ង​​​ចោទ​​​ ខណៈ​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​បាន​​​ចាប់​​​ផ្តើម ​​​ហើយ​​​​​​មេធាវី ជា​​​ ចាន់​​​ដាវី ​​​តំណាង​​​អ្នកស្រី ​​​ឡាយ ហួង បាន​​​អះអាង​​​ថា លោក​​​ឧកញ៉ា ​​​កំពុង​​​ ​ប្រឈម​​​ការ​​​ចោទ​​​ប្រកាន់​​​ដូច​​​គ្នា​​​នឹង​​​កូន​​​ក្តី​​​របស់​​​​​​លោក​​​ដែរ​​​។ លោក​​​បាន​​​ថ្លែង​​​ថា “គាត់​​​ត្រូវ​​​បានចោទ​​​ប្រកាន់​​​ដូច​​​គ្នា​​​ដែរ ពីព្រោះ​​​វា​​​ជា​​​បទ​​​ល្មើស​​​ដូច​​​គ្នា​​​”។

យោង​តាម​​​គេ​​​ហទំព័រ​​​ក្រុមហ៊ុនបាន​ឱ្យ​ដឹង​ថា លោក ខូវ ផល្លាបុត្រ នៅ​​​តែ​​​ជា​​​ប្រធាន​​​ក្រុម ហ៊ុន ខូវ ជឺលី គ្រុប​​​ ដែល​​​ដាក់​​​ឈ្មោះ​​​តាម​​​ ឪពុក​​​របស់​​​លោកដដែល​ ហើយ​​​មាន​​​ភាគ​​​ហ៊ុន​​​យ៉ាង​​​ច្រើន​​​ក្នុង​​​វិស័យ​សំណង់​​​​និង​​​​​​កសិកម្ម​ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​​​​បើក​ឧស្សាហ​កម្ម​​​​​​ ខូវ​​​ផល្លា​​​បុត្រ​ ក្នុង​​​​ឆ្នាំ​​​២០០៨ ដោយ​​​មាន​​ផែន​​​ការ​​​​​​​ វិនិយោគ​​​ក្នុង​​​គម្រោង​​​សាង​​​សង់​​​ និង​រោង​​​ចក្រ​​​ស៊ីម៉ងត៍​​​​​​។

លោក ខូវ ផល្លាបុត្រ​​​ និង​​​ អ្នក​​​ស្រី ឡាយ ​​​ហួង ដែល​​​មាន​​​កូនស្រី​​​ជាមួយ​​​គ្នា​​​មាន​​​ជម្លោះ​​​ជា​​​សាធារណៈ​​​កាល​​​ពី​​​ដើម​​​ឆ្នា​ំ​​​មុន ដោយ​​​មាន​​​ការ​​​ចុះ​​​ផ្សាយ​​​នៅ​​​ក្នុង​​​កាសែត​​​ក្នុង​​​ស្រុកទៀត​ផង​​​​ ដោយ​​​វាយ​​​ប្រហារ​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​។ ​​​លោក ខូវ ផល្លាបុត្រ​​​ បាន​​សំដៅ​ដល់​អ្នក​​​ស្រី ​​​ឡាយ ហួង ថា ជា​​​ស្រី​​​កំណាន់​​​របស់​​​លោក ​​​ហើយ​​​​​​បាន​​​និយាយ​​​ថា លោក​​​មក​​​បញ្ជាក់​​​ឲ្យ​​​ច្បាស់​​​ថា អ្នក​​​ស្រី​​​មាន​​​ពិរុទ្ធ​​​ភាពពី​បទ​​​​រៀប​​​ចំ​​​ផែន​​​ការ​​​រំលោភ​​​ ហើយ​​​សម្លាប់​​​។

នៅ​​​ក្នុង​​​លិខិត​​​ផ្ញើ​​​ជូន​​​លោក ស៊ុន​​​ ចាន់​​​ថុល ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១៣   លោក   ​​​ខូវ  ​​​ផល្លា បុត្រ​​​ បាន​​​សូម​​​ទោស​​​ចំពោះ​​​ការ​​​អះអាង​​​ពី​​​មុនៗ​ដែល​​​​ថា លោក​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​រូប​​​នេះ​​​​​​បាន​​​ចូលរួម​ប្រឌិត​​​រឿង​​​​​នេះ​​​ដើម្បី​​​​​​ទទួល​​​បាន​​​កេរ​​​ដ៏​​​ច្រើន​​​របស់​គ្រួសារ​​​នេះ​​​។

ទោះ​​​ជាយ៉ាង​​​ណា ​​​អ្នកស្រី ​​​ឡាយ ហួង ​​​បាន​​​បន្ត​​​អះអាង​​​ថា លោក​​​រដ្ឋ​​​មន្ត្រី​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​ប្រឌិត​​​រឿង​​​នេះ​​​អំឡុង​​​សវនាការ​​​ជំនុំជម្រះ​​​រឿង​​​ក្តី​​​អ្នក​ស្រី កាល​​​ព​​ី​​​ម្សិល​​​មិញ។

បន្ទាប់​​​ពី​​​ច្រាន​​​ចោល​​​សំណើ​​​​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​ថ្មី​បំផុត​របស់​​​អ្នកស្រី​​​ ចៅ​​​ក្រម សាន ​​​សុផាត ​​​បាន​​​ចាប់​​​ផ្តើម​​​សួរ​​​អ្នក​​​ស្រី ឡាយ ហួង ពី​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​អ្នកស្រី​​​ក្នុង​​​ផែន​​​ការ​​​នេះ​​​ដែល​​​អ្នកស្រី​​​ត្រូវ​​​បាន​​​ចោទ​​​ថា ជាមេ​​​គំនិត​​​នៅ​​​ក្នុងការ​​​​ឃុប​​​ឃិត​​​ជា​​​មួយ​​​អ្នក​​​ស្រី ខូវ​​​ សេង​​​ចន្តា ​​​ភរិយា​​របស់​​​លោក ខូវ ជឺលី ដែលពេល​​​​​​បច្ចុប្បន្ន​​​កំពុង​​​អនុវត្ត​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​២០​​​ឆ្នាំ ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​ដូច​​​គ្នា​​​នេះ​​​។

ជាមួយ​​​​ករណី​​​ប្រឆាំង​​​អ្នកស្រី ​​​ខូវ សេង​​​ចន្តា នេះដែរ ភ័ស្តុ​​​តាង​​​សំខាន់​​​ដែល​​​បាន​​​ដាក់​​​បន្ទុក​អ្នកស្រី ឡាយ ហួង កាល​​​ពី​​​ម្ស្ិលមិញ គឺ​​​ការ​​​ផ្តល់​​​សក្ខីកម្ម​​​របស់​​​អ្នក​​​បម្រើ​​​ពីរ​​​នាក់​​​ ឈ្មោះ ចាន់​​​ សុខា និង​​​ នាង​​​ ស៊ីណាត ដែល​​​ត្រូវ​​​​បានសម្រេច​​ផ្តន្ទាទោស​ឱ្យ​ជាប់​​​ពន្ធនាគារ​​​​​​ រយៈ​​​ពេល​​​១៨​​​ឆ្នាំ​​​ចំពោះការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​ពួកគេ​។

លោក​​​ចៅ​​​ក្រម​​​ សាន សុផាត បាន​​​ថ្លែង​​​ថា អ្នក​​​បម្រើ​​​ទាំង​​​ពី​​​រនាក់​​​នេះ នឹង​​​បង្ហាញ​​​ខ្លួន​​​ក្នុង​​​នាម​​​ជា​​​សាក្សី​​​ជាមួយ​​​ សុខ ឡាក់​​​ ដែល​​​ត្រូវ​​​បាន​​​ជួល​​​ឲ្យ​​​ធ្វើ​​​ការ​​​វាយ​​​ប្រហារ​​​ នេះ​​​បើ​​​យោង​​​​​​តាម​​​សេចក្តី​​​សម្រេច​​​ដែល​​​ត្រូវ​​​បាន​​​តម្កល់​​​ដោយ​​​តុលាការ​​​កំពូល​​​កាល​​​ពី​​​ខែ​​​តុលា ឆ្នាំ​​​២០១២ ហើយ​​​ក៏​​​បាន​សម្រេច​ផ្តន្ទាទោស​​​រយៈ​​​ពេល​​​វែង​​​ផង​​​ដែរ​​​។

បន្ទាប់​​​ពី​​​អាន​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​អ្នកស្រី ​​​ ឡាយ ហួង ចៅ​​​ក្រុម​​​ សាន សុផាត បាន​​​សួរ​​​អ្នក​​​ស្រី​​​ថា តើ​​​អ្នក​​​ស្រី​​​មាន​​​ពិរុទ្ធភាពមែន​ឬ​មិនមែន​​​។

អ្នក​​​ស្រី ឡាយ ហួង បាន​​​ឆ្លើយ​​​តប​​​ថា “​​​គ្មាន​​​ ទាល់​​​តែ​​​សោះ​​​ ហើយ​​​ខ្ញុំ​​​ក៏​​​មិន​​​ដឹង​​​អ្វី​​​​​​ដែរ។ ខ្ញុំ​​​គ្មាន​​​ហេតុ​​​ផល​​​អី​​​ត្រូវ​​​សម្លាប់មនុស្ស​​​ទេ​​​”។

អ្នកស្រី ឡាយ ហួង បាន​​​លើក​​​ឡើង​​​ថា ​​​ជម្លោះ​​​ ​​​​​​រវាង​​​អ្នក​​​ស្រី និង​​​គ្រួសារ​​​របស់​​​លោក ​​​ស៊ុន ចាន់ថុល និង​​​ភរិយា​​​របស់​​​លោក​​​ គឺ​​​អ្នក​​​ស្រី​ ស៊ុន សូថា ដែល​​​ជា​​​បង​​​ស្រី​​​​​​របស់​​​លោក ​​​ខូវ ផល្លាបុត្រ ទី​​​បំផុត​​​បាន​​​ឈាន​​​ដល់​​​អ្វី​​​ដែល​​​អ្នក​​​ស្រី​​​លើក​​​ឡើង​​​ថា ជា​​​ការ​​​ចោទ​​​ប្រកាន់​​​បទ​​​​ព្រហ្មទណ្ឌ​​​ដែល​​​មាន​​​ការ​​​ភាន់​​​ច្រឡំ។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “​​​បើ​​​អ្នក​​​មិន​​​ចូល​​​ចិត្ត​​​ខ្ញុំ​​​ មិន​​​ត្រូវ​​​ធ្វើ​​​បាប​​​ខ្ញុំ​​​ ហើយ​​​ចាប់​​​ខ្ញុំ​​​ដាក់​​​គុក​​និង​​​បំបែក​​​ខ្ញុំ​​​ចេញ​​​ពី​​​កូន​​​ៗ​​​ និង​​​គ្រួសារ​​​ទេ​​​ខណៈ​​​​អ្នក​​​ឯង​​​កំពុង​​​ដេក​​​ក្នុង​​​ម៉ាស៊ីន​​​ត្រជាក់ ​​​និង​​​ផឹក​​​ស្រា​​​ក្រហម”។

ដោយ​​​កាត់​​​ប្រសាសន៍​​​របស់​​​អ្នក​​​ស្រី ​​​ឡាយ ​​​ហួង ចៅក្រម សាន សុផាត បាន​​​លើក​​​ឡើង​​​ថា សាក្សី​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​បាន​​​ផ្តល់​​​​​​សក្ខី​​​កម្ម​​​ថា អ្នក​​​ស្រី  លោក ខូវ ​​​ផល្លាបុត្រ ​​​និង​​​អ្នក​​​ស្រី សេងចន្តា បាន​​​ឃុប​​​ឃិត​​​គ្នា​​​រៀប​​​ផែន​​​ការ​​​សម្លាប់​​​គ្រួសារ​​​របស់​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​រូប​​​នេះ​​​។

ចៅ​​​ក្រម​​​រូប​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា ​​​”សាក្សី​​​​​​ នៅ​​​​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​និយាយ​​​ថា អ្នក ​​​ប្តី​​របស់​​​ អ្នក​​​ និង​​​អ្នក​​​ស្រី សេងចន្តា ភរិយា​​​របស់​​​លោក​​​ខូវ ជឺលី មាន​​​ផែន​​​ការ​​​សម្លាប់​​​គ្រួសារ​​​របស់​​​ឯក​​​ឧត្តម​​​ ស៊ុន ចាន់​​​ថុល។ ដោយ​​​សារ​​​សាក្សី​​​និយាយ​​​ ដូច្នេះ​​​ ដើម​​​បណ្តឹង​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​កាន់​​​តុលាការ​​​”។

ដោយ​​​សំដៅ​​​លើ​​​ការ​​​អះ​​​អាង​​​ដែលថា​ ​​​​ចាន់ សុខា អ្នក​​​បម្រើ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​បម្រើ​​​ផ្សេង​​​ៗ​​​ទៀត​​​បាន​​​ដក​​​សក្ខី​​​កម្ម​​​​​​របស់ខ្លួន​វិញ អ្នកស្រី ឡាយ ហួង បាន​​​ឆ្លើយ​​​​ថា “ចា៎​​​! សាក្សី​​​ក៏​​​បាន​​​និយាយ​​​ផង​​​ដែរ​​​ថា​​​ឯកឧត្តម​​​ ស៊ុន ចាន់​​​ថុល មាន​​​ផែន​​​ការ​​​ចោទ​​​ប្រកាន់​​​​​​អ្នក​​​ស្រី ​​​សេងចន្តា និងខ្ញុំ​”។

បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ប្រាប់​​​ថា សាក្សី​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​បាន​​​ប្រាប់​​​តុលាការថា ​​​ពួក​​​គេ​​​បាន​​​ឃើញ​​​អ្នក​​​ស្រី ឡាយ ហួង និង​​​អ្នកស្រី ​​​សេង​​​ចន្តា ជួប​​​គ្នា​​​ជា​​​ច្រើន​​​លើក​​​រហូត​​​ដល់​​​យប់​​​ ដែល​​​មាន​​​ផែន​​​ការ​​​ធ្វើ​​​ឃាត​​​នៅ​​​ខែ​​​មិថុនា ​​​ឆ្នាំ​​​២០១០​​​ អ្នក​​​ស្រី​​​ ឡាយ ហួង បាន​​​សួរ​​​ថា ​​​ហេតុ​​​​​​ អ្វី​​​បាន​​​ជា​​​ លោក ស៊ុន ចាន់​​​ថុល​​​ មិន​ដែល ត្រូវបាន​ដាក់​ឲ្យ​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ករណី​​​នេះ​​​​​។

អ្នកស្រី​​​បាន​​​និយាយ​​​ថា “ពេល​​​ ចាន់​​​ សុខា​​​ និយាយថា គាត់​​​ជា​​​មេគំនិត​​​នៃ​​​ផែន​​​ការ​​​នេះ​​​

ហេតុ​​​អ្វី​​​បាន​​​ជា​​​ឯកឧត្តម​​​មិន​​​ដែល​​​ត្រូវ​​​បាន​​​អញ្ជើញ​​​ [មក​​​កាន់​​​តុលាការ​​​]”។

អ្នកស្រី​​​បាន​​​និយាយ​​​បន្ត​​​ថា “ខ្ញុំ​​​គឺ​​​ជា​​​មនុស្ស​​​ស្លូត​​​ត្រង់​​​។ ពួក​​​គេ​​​ចាប់​​​ខ្ញុ​​ំ​​​ដាក់​​​គុក​​​ ហើយ​​​មិន​​​អាច​​​រក​​​យុត្តិធម៌​​​​​​​​​​​ឲ្យ​​​ខ្ញុំ​​​បាន​​​ឡើយ​​​ គឺ​​​ផ្តល់​​​យុត្តិធម៌​​​ឲ្យ​​​តែ​​​ឯក​​​ឧត្តម​​​ ស៊ុន ចាន់​​​ថុល​​​ លោក​​​ជំទាវ ​​​[អ្នក​​​ស្រី ស៊ុន សូថា] និង​​​កូន​​​ៗ​​​របស់​​​ពួកគេ​​​ដែល​​​​​​ឥឡូវ​​​កំពុង​​​រស់​​​នៅ​​​យ៉ាង​​​សប្បាយ​​​រីក​​​រាយ​​​ប៉ុណ្ណោះ​​​”។

បន្ទាប់​​​ពី​​​ចៅ​​​ក្រម សាន សុផាត លើក​​​ឡើង​​​ថា ការ​​​បើក​​​សវនាការ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​នឹង​​​ត្រូវ​​​បន្ត​​​នៅ​​​ថ្ងៃ​​​​​​ទី​​​២១​​​ ខែ​​​មករា ​​​អ្នក​​​ស្រី ឡាយ ហួង បាន​​​ឆ្លើយ​​​សំណួរ​​​ចុង​​​ក្រោយ​​​​​​​​​របស់​​​លោក​ លឹម វណ្ណា និង​​​លោក ​​​ពែក ​​​វណ្ណៈ ​​​ មេធាវី​​​របស់​​​លោក​​​ ស៊ុន ចាន់​​​ថុល​​​។

អ្នក​​​ស្រី​​​បាន​​​ទួញ​​​សោក​​​មិនពេញចិត​្ត​ចំពោះ​​​ការ​​​ជាប់​​​ពន្ធនាគារ​​​ដូច​​​អ្នក​​​ស្រី សេងចន្តា ដែរ​​​ ខណៈ​​​លោក ខូវ ផល្លាបុត្រ និង​​​គ្រួសារ​​​របស់​​​គាត់​​​នៅ​​​ដើរ​​​ហើរ​​​ដោយ​​​សេរី។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា  ” លោក ខូវ ផល្លា​​​បុត្រ បាន​​​ទៅ​​​ស្រុក​​​ក្រៅ។ ត្រកូល​​​ ខូវ រួច​​​ផុត​​​ពី​​​ការ​​​ឃុំ​​​ឃាំង​​​ រី​​​ឯ​​​ខ្ញុំ​​​ជាប់​​​ពន្ធនាគារ​​​តែ​​​ម្នាក់​​​ឯង​​​ហើយ​​​​​​​​​​មីង​​​ ចន្តា ក៏​​​ជាប់​​​គុក​​​ម្នាក់​​​ឯង​​​ដែរ​​​៕​​​ សារុន និង​ ស៊ុយឈាង

The post ឧ​​​កញ៉ា ​​​និង​​​អតីត​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​បន្ត​​​ឡើង​​​សវនា​​​ការ​​​ពាក់​​​ព័ន្ធ​​​ផែន​​​ការ​​​រំលោភ​​​សម្លាប់ appeared first on ខេមបូឌា ដេលី.