រថយន្ត​ដឹក​ថ្ម​កៀរ​រថយន្ត​ជនជាតិ​ចិន​ឆ្កូត​មួយ​ចំហៀង​ខាងឆ្វេង

រាជ​ធានីភ្នំពេញ ៖ រថយន្ត​២​គ្រឿង​​កៀប​​ជាប់​គ្នា​ធ្វើ​ឲ្យ​ឆ្កូត​ថ្នាំ​មួយ​ចំហៀង​ខាងឆ្វេង​មិន​មាន​អ្នក​រង​របួស​ទេ ប៉ុន្តែ​ចរចា​មិន​ត្រូវ​គ្នា​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃ​ទី២៩ ​ធ្នូ ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​មុខ​ផ្ទះ​ស្រា​បៀរ នៅ​ភូមិ​ឫ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

រថយន្ត​រង​គ្រោះ​ម៉ាក​កាម​រី​គូទ​ហើម ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Y-7450 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​តាម​បណ្តោយ​ផ្លូវ​២១៧​ ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​FUSO ពណ៌​ក្រហម​លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-2058 ជិះ​គ្នា​២​នាក់​​អ្នក​បើក​បរ​​និង​ព្រូ បើក​ពី​ត្បូង​ទៅ​ជើង​ស្រប​ជាមួយ​រថយន្ត​ជនជាតិ​ចិន ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​​ គេ​ឃើញ​រថយន្ត​បង្ក​ជា​រថយន្ត​ដឹក​ថ្ម​បើកបរ​ស្របគ្នា​ជាមួយ​រថយន្ត​រង​គ្រោះ ​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​ខាងលើ​ មាន​ការដ្ឋាន​រដ្ឋាករទឹក​ស្វយ័ត​ជីក​ដាក់​លូ​ហើយ​មាន​ដាក់​ស្លាក​សញ្ញា​បម្រាម​ផ្លូវ​វាង​ធ្វើ​ឲ្យ​រថយន្ត​បង្ក​បួង​ចង្កូត​វាង​ផ្លូវ​ទៅ​កៀរ​រថយន្ត​រង​គ្រោះ​ដែល​បើក​មក​ពីក្រោយបណ្តាល​ឆ្កូត​ថ្នាំ​មួយ​ចំហៀង​ខាងឆ្វេងតែ​ម្តង​ ។

​ជនជាតិ​ចិន​បានឱ្យ​​ដឹង​ថា ​គាត់​​​បើករថយន្ត​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​ដឹក​ថ្ម​​​បត់​ឆ្វេង ​ក៏​​ត្រូវ​រថយន្ត​បង្ក​កៀរ​ពី​ស្តុ​ប​ក្រោយ​រហូត​ដល់​ទ្វារ​ខាង​មុខខូច​ខាត​ស្ទើរ​ទាំងស្រុង ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​ភ្លាម​ៗ​ក៍​ឃើញ​រថយន្ត​ទាំង​២​​គ្រឿង​កៀប​ជាប់​គ្នា​​​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​ ​ហើយ​​សមត្ថកិច្ច​ក៏​បាន​ជួយ​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​​មាន​ការ​កកស្ទះ​​ ដោយ​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​បើក​ចេញ​ទៅ​អែបចិញ្ចើម​ផ្លូវ​ តែ​ដោះស្រាយ​មិន​ត្រូវ​គ្នា ទើប​សមត្ថកិច្ច​វាស់វែង​យក​ទៅ​ដោះស្រាយ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានីភ្នំពេញ ៕