ប្រធានរដ្ឋសភា​៖ ពង្រឹងគុណភាព អភិបាលកិច្ច​គ្រប់លំដាប់​ថ្នាក់ ក្នុង​ជួរ​មន្ត្រី​សង្ឃ

ភ្នំពេញ: សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បើក អនុ​សំវ​ច្ឆ​រ​មហាសន្និបាត មន្ត្រី​សង្ឃ​ទូទាំង ប្រទេស​លើក​ទី​២៤ កាលពី​ព្រឹក ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ នៅ​សាលសន្និសីទ​ចតុមុខ​ថា ព្រះពុទ្ធសាសនា ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌​សង្គម​ដែល​ពុទ្ធសាសនិក​ទាំងអស់ ត្រូវ​ចូលរួម​បំពេញ​កុសល​ទាំងឡាយ ដើម្បី​ជា​គុណ ប្រយោជន៍​ដល់​ការថែរក្សា ការពារ សេចក្តីសុខ​សន្តិភាព ស្ថិរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយការកសាង​ជាតិ​ឆ្ពោះទៅរក​សេចក្តី​ថ្កុំថ្កើង​រុងរឿង សម្បូរ​សប្បាយ។​

​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្លែងបន្តថា ការពង្រឹង​គុណភាព លើ​អភិបាលកិច្ច​គ្រប់លំដាប់​ថ្នាក់ ក្នុង​ជួរ​មន្ត្រី សង្ឃ ត្រូវ​ផ្សារភ្ជាប់​នឹង បច្ចេកវិទ្យា​ទំនើប ដើម្បី​កិច្ចការ​សាសនា សណ្តាប់ធ្នាប់​ល្អ ធានាបាន​នូវ សាមគ្គីភាព ក្នុង​ជួរ​ពុទ្ធសាសនិក ជា​ប្រការ​សំខាន់​។ តាមរយៈ​ពុទ្ធិកសិក្សា ប្រទេសជាតិ​យើង ទទួលបាន​នូវ​អ្នកមានចំណេះដឹង​ជាច្រើន ជា​ពហុស្សូត ដែលជា​សសរទ្រូង ដ៏​រឹងមាំ រួមចំណែក​ថែរក្សា ការពារ​វប្បធម៌ ប្រពៃណីជាតិ អរិយធម៌ តាម​គន្លង​ព្រះធម៌ ដែលជា​អត្តសញ្ញាណ​ជាតិ​កម្ពុជា​យើង ហើយ​ការយកចិត្តទុកដាក់ ចំពោះ​ពុទ្ធិកសិក្សា ជាការ​ចាំបាច់​ដែល​ត្រូវ​ពង្រីកពង្រឹង​ពី​ទីក្រុង រហូតដល់​ជនបទ​។​

​សម្តេច​ពញា​ចក្រី បាន​ថ្លែងថា អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង ប្រទេស នាពេលនេះ ស្របទៅនឹង​ការរីកចម្រើន របស់​ប្រទេសជាតិ តែ​នៅមាន​បញ្ហា​ជាច្រើន ដែល​ត្រូវ​ដោះស្រាយ ដោយ​ឈរលើ​ទស្សនៈ ព្រះពុទ្ធសាសនា ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌​សង្គម​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍ថា ការពិគ្រោះ​ពិភាក្សា លើ​បញ្ហា​បច្ចុប្បន្នភាព ដែល​មហាសន្និបាត នឹង​លើកឡើង គឺជា​ប្រការ​សមស្រប និង​ចាំបាច់​ត្រូវ​ដោះស្រាយ ចំពោះមុខ ហើយ​ពុទ្ធសាសនិក​ទាំងអស់ មេត្តា​ចូលរួម​បំពេញ​កុសល​ទាំងឡាយ ដើម្បី​ជា​គុណប្រយោជន៍ ដល់​ការថែរក្សា ការពារ សេចក្តីសុខ​សន្តិភាព ស្ថិរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាង​ជាតិ ឆ្ពោះទៅរក​សេចក្តី​ថ្កុំថ្កើង​រុងរឿង សម្បូរ​សប្បាយ​។​

​សម្តេច​បាន​បន្ថែមថា ចាប់ពីពេលនេះ​ទៅ ជា​ឱកាស​ដ៏​ល្អ សម្រាប់​ប្រជាជាតិ​កម្ពុជា​យើង​រួមគ្នា យ៉ាង​ជិតស្និទ្ធ រក្សា​ការពារ ដើម្បី​សេចក្តីសុខសាន្ត ជូន​សង្គមជាតិ ដោយ​ប្រកាន់យក ព្រះពុទ្ធ​ឱវាទ​ជា​ប្រទីប​បំភ្លឺ​ផ្លូវ សម្រាប់​អប់រំ​ចរិយា​ធម៌ និង​ស្មារតី ជម្រុះ​ចោល​នូវ​ការ​លោភលន់ ការ​ច្រណែន​និន្ទា គំនុំ និង​អំពើហិង្សា​ជាដើម​៕V​/S

ប្រធានរដ្ឋសភា​៖ ពង្រឹងគុណភាព អភិបាលកិច្ច​គ្រប់លំដាប់​ថ្នាក់ ក្នុង​ជួរ​មន្ត្រី​សង្ឃ