ស៊ីម៉ាក់ ​មាន​ដី​២​កន្លែង​សម្រាប់​កសាង​កីឡដ្ឋាន ខ្វះ​​តែ​​ដៃ​គូ​សហការ


ស៊ីម៉ាក់ ​មាន​ដី​២​កន្លែង​សម្រាប់​កសាង​កីឡដ្ឋាន ខ្វះ​​តែ​​ដៃ​គូ​សហការ

ក្លិប​​បាល់ទាត់​មជ្ឈមណ្ឌល​​​កម្ចាត់​មីន​កម្ពុជា​( ស៊ីម៉ាក់​) ​មាន​ដី​២​កន្លែង​ដែល​មាន​ទំហំ ៤​ទៅ​៥​ហិតា​នៅ​ខេត្ត​ត្បូង​ឃ្មុំ និង​កំពង់​ឆ្នាំង ដើម្បី​ត្រៀម​សាងសង់​កីឡដ្ឋាន​បាល់ទាត់​ផ្ទាល់​ខ្លួន ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ​សម្រាប់​ក្រុម​មួយ​នេះ​គឺ​ខ្វះ​ដៃ​គូ​សហការ។

 

ស៊ីម៉ាក់ ​មាន​ដី​២​កន្លែង​សម្រាប់​កសាង​កីឡដ្ឋាន ខ្វះ​​តែ​​ដៃ​គូ​សហការក្រុម​បាល់ទាត់​កម្ចាត់​មីន​កម្ពុជា(​ស៊ីម៉ាក់) រូប​ថត៖ ស៊ីម៉ាក់​

 

លោក មួន វាសនា អគ្គ​លេខាធិការ​ក្លិប​បាល់​ទាត់​​ស៊ីម៉ាក់​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​ក្រុមហ៊ុន​ជប៉ុន​ដែល​ជា​ដៃ​គូ​សហការ​លើក​មុន​នោះ គឺ​ពួកគេ​គ្រាន់​តែ​អាច​ជួយ​ក្រុម​បង្កើត​ជា​កន្លែង​តូច​ៗ​សម្រាប់​កុមារ​ហាត់​បាល់ទាត់​ប៉ុណ្ណោះ ដោយ​ពួកគេ​មិន​អាច​ជួយ​ដល់​ការ​សាងសង់​កីឡដ្ឋាន​លក្ខណៈ​ស្តង់ដារ​បាន​ឡើយ។ ដោយ​បច្ចុប្បន្ន​ក្លិប​ត្រូវ​ស្វែងរក​ដៃ​គូ​សហការ​ដទៃ​ទៀត ដើម្បី​សម្រេច​ការ​សាងសង់​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​បាន។

 

លោក វាសនា ​បាន​បន្ត​ទៀត​ថា ​បច្ចុប្បន្ន​នេះ​ក្លិប​មាន​កន្លែង​២ ​ដែល​មាន​ទំហំ​ផ្ទៃ​ដី​ពី ៤​ទៅ​៥​ហិតា ​ពោល​គឺ​អាច​សាងសង់​កីឡដ្ឋាន​បាន​យ៉ាង​ស្អាត ដោយ​ត្រូវ​ការ​តែ​អ្នក​ជួយ​ជ្រោមជ្រែង​ផ្ដល់​ជា​ថវិកា​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ។ បុរស​រូប​នេះ​បាន​បង្ហើប​ទៀត​ថា ដី​២​កន្លែង​នោះ​នៅ​ត្បូងឃ្មុំ ​ម្ដុំ​ថ្នល់​ទទឹង​មួយ​កន្លែង​ និង​មួយ​កន្លែង​ទៀត​នៅ​ខេត្ត​កំពង់​ឆ្នាំង ​ម្ដុំ​វាលវង់​ព្រលាន​យន្តហោះ​ខេត្ត​កំពង់​ឆ្នាំ​តែ​ម្ដង។

 

ក្លិប​ស៊ីម៉ាក់​មាន​គ្រឿង​ចក្រ​ខ្លួន​ឯង ​បាន​ឈូស​ឆាយ​ដី​ទាំង​ពីរ​កន្លែង​ខាង​លើ​រាបស្មើ​រួច​អស់​ទៅ​ហើយ ដោយ​បច្ចុប្បន្ន​មាន​ប្រជាជន ក៏​ដូចជា​យុវជន​ជា​ច្រើន​តែងតែ​យក​កន្លែង​នេះ​ដើម្បី​លេង​បាល់ទាត់ លក្ខណៈ​តាម​ភូមិ។ ដូច្នេះ លោក មួន វាសនា ​បាន​បញ្ជាក់​ថា​ ក្លិប​ត្រូវ​ការ​តែ​ដៃ​គូ​សហការ​បន្ថែម​ទៀត​ប៉ុណ្ណោះ​គឺ​អាច​ដំណើរ​ការ​សាងសង់​កីឡដ្ឋាន​មួយ​បាន​ទៅ​ហើយ (តាម​គម្រោង​អាច​អស់​ពី​៣​ម៉ឺន​ទៅ​៥​ម៉ឺន​ដុល្លារ)។

 

ដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត​ណា ​ចង់​ជួយ​ក្លិប​ដែល​ទើប​តែ​បាន​ឡើង​មក​លេង​នៅ​លីគ​កំពូល​កម្ពុជា​រដូវ​កាល​មុន​នេះ អាច​ទំនាក់ទំនង​ទៅ​លោក ហាន ស៊ីភូ ​ជំនួយការ​ក្លិប​ផ្ទាល់​តាម​លេខ​ទូរសព្ទ ០៧៧ ៧៧៧ ៩១៩ ៕

 

អត្ថបទ៖ មុន្នី រម្យ