មន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង គីម យ៉ាងហ្គន ស្លាប់ក្នុង គ្រោះថ្នាក់ចរាចរណ៍

ព្យុងយ៉ាង៖ លោក គីម យ៉ាងហ្គន ដែលត្រូវជាមន្ត្រីជាន់ខ្ពស់ នៃគណបក្សពលករកូរ៉េ នៃ ប្រទេសកូរ៉េខាងជើង បានទទួលមរណៈភាព កាលពីថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ ២០១៥ ដោយសារតែ គ្រោះថ្នាក់ចរាចរណ៍។

នេះបើតាមស៊ិនហួ ដកស្រង់សេចក្តីរាយការណ៍ពី សារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA កាលពីព្រឹកថ្ងៃពុធ នេះ។
មុនពេលទទួលមរណៈភាព លោក គីមយ៉ាងហ្គន អាយុ ៧៣ ឆ្នាំ ធ្លាប់ត្រូវបានតែងតាំងឲ្យ កាន់តួនាទីជា ប្រធាន គណៈកម្មាធិការ មជ្ឈិមបក្ស និង នាយកដ្ឋានបង្រួបបង្រួម ចំពោះមុខ នៃ គណបក្សពលករកូរ៉េ ដែលមានតួនាទី សំខាន់បំផុត។ លោកបានក្លាយ ជាសមាជិកប្រតិបត្តិ នៃគណៈកម្មាធិការ ខាងលើនេះ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០១៥ មក។

សារព័ត៌មានកូរ៉េខាងជើង បានចេញផ្សាយព័ត៌មាន ដ៏គួរឲ្យតក់ស្លុត អំពីការក្រឡាប់រថយន្ត របស់លោក គីម ដែលបានបណ្តាលឲ្យរូបលោក បាត់បង់ជីវិត។ កូរ៉េខាងជើង បានចាត់ទុក លោក គីម យ៉ាងហ្គន ជាមន្ត្រីស្មោះស្ម័គ្រ ដែលបានបម្រើប្រទេសជាតិ បីជំនាន់មកហើយ តាំងពីសម័យ ជីតា គីម អ៊ីលស៊ុង, លោកឪពុក គីម ជុងអ៊ីល, និង មេដឹកនាំ គីម ចុងអ៊ុន។

បន្ថែមពីនេះទៀត លោកមានតួនាទីជាជំនួយការផ្ទាល់របស់លោក គីម ចុងអ៊ុន ទទួលបន្ទុក កិច្ចការងារប្រឹក្សា យោបល់ ស្តីពីនយោបាយការបរទេស។ លោកក៏ធ្លាប់ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ ដោះស្រាយទំនាស់រវាង កូរ៉េទាំងពីរ ប្រកបដោយសន្តិភាព ហើយក៏ជាមន្ត្រី ដែលបានធ្វើឲ្យទំនាក់ទំនង កូរ៉េខាងជើង និង ខាងត្បូង វិលទៅ រកភាពប្រសើរឡើងផងដែរ។

គួរបញ្ជាក់ថា គណកម្មាធិការរៀបចំបុណ្យសព កូរ៉េខាងជើង បានទទួលបញ្ជារួចហើយ ឲ្យរៀប ចំពិធីបុណ្យសព ជូនលោក គីម ឲ្យសក្តិសមបំផុត ចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍ ស្អែកនេះ៕

មន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង គីម យ៉ាងហ្គន ស្លាប់ក្នុង គ្រោះថ្នាក់ចរាចរណ៍

មន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង គីម យ៉ាងហ្គន ស្លាប់ក្នុង គ្រោះថ្នាក់ចរាចរណ៍