អង់គ្លេស ចេញមុខថ្កោលទោស ពួក បូកូ ហារ៉ាម ដែលបាន វាយប្រហារនៅ នីហ្សេរីយ៉ា

ឡុងដ៍៖ ចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារកន្លងទៅនេះ បានប្រកាសថ្កោលទោស ធ្ងន់ៗចំពោះ ការវាយប្រហារ ដោយ បំផ្ទុះគ្រាប់បែក ពីសំណាក់ពួកឧទ្ទាម បូកូ ហារ៉ាម កាលពីពេលថ្មីៗនេះ នៅប្រទេសនីហ្សេរីយ៉ា ដែលបាន បណ្តាលឲ្យ មនុស្សជាង ៧០នាក់ស្លាប់ និង រាប់រយនាក់ ទៀត រងរបួស។ នេះបើតាមការផ្សាយរបស់ ស៊ិនហួ នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ ២០១៥។

ពួកឧទ្ទាមបំបែករដ្ឋ បូកូ ហារ៉ាម ដែលមានមូលដ្ឋាន នៅភាគខាងជើង ប្រទេសនីហ្សេរីយ៉ា បាន ធ្វើការវាយប្រហារ ខាងលើនេះ កាលពីថ្ងៃអាទិត្យ ដែលជាការបំផ្ទុះ គ្រាប់បែកអត្តឃាត ទៅលើ ទីប្រជុំជន នៅភាគខាងត្បូង ប្រទេស អាហ្វ្រិក មួយនេះ។ រដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុកកិច្ច ការងារអាហ្វ្រិក លោក ចេមស៍ ដូដឌ្រីក បានថ្លែងថា “វាជា ការសម្លាប់មនុស្សយ៉ាងសាហាវ ពីសំណាក់ពួកបូកូ ហារ៉ាម អំឡុងពេលជនរងគ្រោះទាំងអស់ កំពុងស្ថិតនៅ ក្នុងវិហារ។”

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស បានចាត់ទុកពួក បូកូ ហារ៉ាម ជាក្រុមភេរវករ ដ៏គ្រោះថ្នាក់ មួយនៅតំបន់អាហ្វ្រិក ហើយអង់គ្លេស ក៏បានប្រកាសគាំទ្រថែមទៀតចំពោះរដ្ឋាភិបាល នីហ្សេរីយ៉ា ក្នុងចេញប្រតិបត្តិការតាមកម្ចាត់ ក្រុមបង្កការសម្លាប់រង្គាលយ៉ាងព្រៃផ្សៃនោះ។ ជាងនេះទៀត អង់គ្លេស ក៏សូមសម្តែងមរណៈទុក្ខដល់ក្រុម គ្រួសារ ជនរងគ្រោះទាំងអស់ ផងដែរ៕

អង់គ្លេស ចេញមុខថ្កោលទោស ពួក បូកូ ហារ៉ាម ដែលបាន វាយប្រហារនៅ នីហ្សេរីយ៉ា