មនុស្ស​​​ប្រាំ​​​ពីរ​នាក់​ក្នុង​គ្រួសារ​​​មួយ​​​ ត្រូវ​​​ជន​ល្មើស​ប្រើ​ពូ​​​ថៅ​កាប់​យ៉ាង​សា​​​ហាវឲ្យ​រង​របួស​

​​​យោង​តាម​នគរ​បាល​​​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ពីរ​​នាក់​​​​​នៅ​សល់​ជីវិត​រស់​ទាំង​ត្រដរ​​កាលពី​យប់​មិញ បន្ទាប់ពី​ជន​ល្មើស​​ម្នាក់​​ប្រដាប់​ដោយ​ពូថៅ បាន​​​កាប់​ពួកគាត់ និង​សមាជិក​គ្រួសារ​ប្រាំ​នាក់​​​ទៀត​នៅ​ផ្ទះ​របស់​​​ខ្លួន (ជន​រង​គ្រោះ​) ​​ក្នុង​សង្កាត់​១ ក្រុង​ព្រះសីហនុ ​​កាលពី​រំលង​អធ្រាត្រ​​​ឈាន​ចូល​ព្រឹក​ម្សិលមិញ​។​​​

លោក ប្រាក់ សុភា ​​នាយ​ប៉ុស្តិ៍​សង្កាត់​បាន​មាន​ប្រសាសន៍​ថា ការ​វាយ​ប្រហារ​នេះ​​បាន​កើត​ឡើង​​នៅ​​ម៉ោង​​ប្រហែល​១​និង​៣០​នាទី​រំលង​អធ្រាត្រ​​​​ជិត​ចំណុច​​ទឹក​ធ្លាក់​ក្បាល​​ឆាយ ​ក្នុង​សង្កាត់​នេះ ខណៈ​ជន​រងគ្រោះ​ទាំង​​ប្រាំពីរ​​​នាក់​​​ដែល​មាន​​​ដូច​ជា ស្ត្រី​​អាយុ​៣១​ឆ្នាំ​ម្នាក់ ម្ដាយ​អាយុ​៦៧​ឆ្នាំ និង​កូនៗ​ប្រាំ​នាក់​របស់​ខ្លួន​​ដែល​មាន​អាយុ​ពី​១ឆ្នាំ​ដល់​១៣​ឆ្នាំ ​​​កំពុង​ដេក​លក់​​លើ​គ្រែ​ពីរ​ផ្សេង​គ្នា។

​លោក​​​​លើក​ឡើង​ថា “​នៅ​ម៉ោង​ប្រហែល​​១​និង​៣០​នាទី​​​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​នេះ ជន​ល្មើស​បាន​ដើរ​ចូល​ក្នុង​ផ្ទះ​​​​ បើក​មុង​​របស់​គ្រួសារ​​នេះ ហើយ​​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រងគ្រោះ​ទាំង​ប្រាំពីរ​នាក់ នៅ​ពេល​ពួកគាត់​កំពុង​ដេក​លក់​​” ​ហើយ​នគរ​បាល​ជឿ​ថា ជន​ល្មើស​បាន​ចំណាយ​ពេល​១៥​​នាទី​​ធ្វើ​សកម្ម​ភាព​​​វាយ​ប្រហារ​ជន​រងគ្រោះ​ មុន​ពេល​​​​គេច​ខ្លួន។ ”​១៥​នាទី​ក្រោយពី​ការ​វាយ​ប្រហារ​​​​កើត​ឡើង​ ក្មេង​អាយុ​១០​ឆ្នាំ​​ បាន​​​​​រត់​ទៅ​ផ្ទះ​សាច់​ញាតិ​នៅ​ក្នុង​តំបន់​​​នោះ​ ហើយ​ពួកគេ​ក៏​បាន​​ប្ដឹង​​មក​​នគរ​បាល​សង្កាត់​​”។

​លោក​បន្ត​ថា ​ការ​ស៊ើប​អង្កេត​បឋម​​​​របស់​នគរ​បាល​​​​បង្ហាញ​ថា ​​​នេះ​មិន​មែន​ជា​​ករណី​​​​ប្លន់​​ទេ​ ហើយ​​ការ​សាក​សួរ​​​ជន​រងគ្រោះ​អាយុ​១០​ឆ្នាំ​ ធ្វើ​ឲ្យ​នគរ​បាល​ជឿ​ថា ការ​វាយ​ប្រហារ​​​នេះ​​ធ្វើ​ឡើង​ដោយ​បុរស​​​ជន​ល្មើស​​តែ​ម្នាក់​។

ដោយ​​ប៉ាន់​ស្មាន​​ថា ជម្លោះ​ដីធ្លី​នៅ​ក្នុង​​​តំបន់​​​​​​​​​នោះ​​អាច​​ជាប់​​ពាក់​ព័ន្ធ​​​​​នឹង​ករណី​​​នេះ ​លោក ប្រាក់ សុភា បាន​​មាន​ប្រសាសន៍​​​ថា “​យើង​​​មិន​ឃើញ​ថា​​មាន​វត្ថុ​មាន​​តម្លៃ​​អ្វី​​​ត្រូវ​បាន​បាត់​បង់​ ឬ​ក៏​ថា​​​​​ជន​សង្ស័យ​​​ប្លន់​គ្រួសារ​​​នេះ​ទេ ដូច្នេះ​យើង​ សន្និដ្ឋាន​​​ថា វា​​​​ជា​ការ​​​​សង​សឹក​។ ​​យើង​​​មិន​ទាន់​​​​រក​ឃើញ​ភ័ស្តុ​តាង​បន្ថែម​ទៀត​ទេ ពីព្រោះ​​​យើង​ កំពុង​រង់ចាំ​​សាកសួរ​បុរស​ជា​ប្ដី​ដែល​ទៅ​នេសាទ​ បាត់ នៅ​ពេល​ការ​វាយ​​​​ប្រហារ​​​​កើត​ឡើង​”។

ពេល​ទាក់​ទង​កាល​ពី​ល្ងាច​ម្សិលមិញ ​លោក ជួន ​ណារិន ​​ស្នងការ​ខេត្ត​ព្រះសីហនុ​ បាន​មាន​​​ប្រសាសន៍​ថា លោក​​អាច​ផ្ដល់​​ព័ត៌មាន​​​លម្អិត​បាន​តិច​តួច​ប៉ុណ្ណោះ​​​ជុំវិញ​ករណី​នេះ​ ពីព្រោះ​​​​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ស៊ើបអង្កេត​​​​​​។

ឧត្ដម​សេនីយ៍​ទោ ជួន ​ណារិន ​បាន​មាន​ប្រសាសន៍​ថា ​”​ពេល​នេះ​យើង​សន្និដ្ឋាន​ថា ​វា​​​ជា​ការ​សង​សឹក​​​ ហើយ​យើង​មាន​តម្រុយ​ខ្លះ​ហើយ​​ពី​ការ​ស៊ើបអង្កេត​នេះ​​” ប៉ុន្តែ​លោក​បាន​បដិសេធ​​មិន​​​បញ្ជាក់​​​ថា “​តម្រុយ​” ទាំង​នោះ​​ជា​អ្វី​ទេ​។

ដោយ​សារ​​រង​របួស​ធ្ងន់ធ្ងរ​​​ ​ជន​រង​គ្រោះ​​​​​​បី​នាក់​​គឺ​ ស្ត្រី​អាយុ​​៣១​ឆ្នាំ ម្ដាយ​​អាយុ​៦៧​ឆ្នាំ និង​​​​កូន​ប្រុស​អាយុ​​៥ឆ្នាំ ត្រូវ​បាន​​​រថយន្ត​​សង្គ្រោះ​​​​បន្ទាន់​​​​ដឹក​បញ្ជូន​​​មក​កាន់​មន្ទីរ​​ពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត​ ក្នុង​រាជធានី​ភ្នំពេញ​។

លោក ជេមស៍ ​ម៉ាកខេប (James McCabe)​ ​​​នាយក​​ប្រតិបត្តិការ​​​នៃ​អង្គភាព​គាំពារ​កុមារ​​ (Child Protection Unit) ​ជា​អង្គភាព​​​បង្កើត​គោល​​​​នយោបាយ​មួយ​​ដែល​ទទួល​បានការ​​​ឧបត្ថម្ភ​គាំទ្រ​ពី​​​មូលនិធិ​កុមារ​កម្ពុជា​ ដែល​កំពុង​ជួយ​​​ដល់​ការ​ស៊ើបអង្កេត​​នេះ​ ​​​មាន​ប្រសាសន៍​ថា “ជីដូន និង​ស្ត្រី​ជា​ម្ដាយ​កំពុង​​ស្ថិត​ក្នុង​ស្ថាន​​ភាព​​ធ្ងន់​ធ្ងរ​ដោយ​​​​មាន​​របួស​គំរាម​កំហែង​ដល់​អាយុ​ជីវិត ហើយ​កូន​​ប្រុស​​​របួស​ធ្ងន់ ប៉ុន្តែ​ស្ថិត​​​​ក្នុង​សភាព​នឹង​ន”​។

លោក​​បាន​​ធ្វើ​​ការ​កត់​សម្គាល់​ថា ​”​​គោល​ដៅ​​​សំខាន់​​ [​របស់​ជន​ល្មើស​] គឺ​សំដៅ​ទៅ​រក​ម្ដាយ និង​ជីដូន​ ប៉ុន្តែ​​​កូនៗ​ទាំង​អស់​សុទ្ធ​តែ​បាន​​​​​រង​របួស​។ ក្មេង​ប្រុស​​អាយុ​៤ឆ្នាំ បងស្រី​អាយុ​​​៨​ឆ្នាំ និង​បង​ស្រី​ម្នាក់​ទៀត​អាយុ​១៤​ឆ្នាំ​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​​កំពង់​សោម​ ​នៅឡើយ​​​ក្នុង​ស្ថានភាព​​នឹង​ន” ហើយ​​ក្មេង​ទាំង​បី​នាក់​នេះ​សុទ្ធ​តែ​អាច​និយាយ​ជាមួយ​នគរ​បាល​​បាន ចំណែក​​​ឯ​​ជន​រង​គ្រោះ​អាយុ​១​ឆ្នាំ​​​​ត្រូវ​បាន​អនុញ្ញាត​​​​ឲ្យ​ចេញពី​មន្ទីរ​ពេទ្យ​​ក្រោម​ការ​មើល​ថែរ​របស់​ម្ដាយ​មីង។

នៅ​ពេល​សាក​សួរ​​អំពី​​មូល​ហេតុ​​ដែល​អាច​​​ទៅ​រួច​ក្នុង​ករណី​នេះ និង​ថា​ តើ​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ​ណា​ម្នាក់​បាន​ហើយ​ឬ​នៅ​ លោក ជេមស៍ មា៉កខេប ​គ្រាន់​តែ​ឆ្លើយ​​​​ថា ​វា​កំពុង​ស្ថិត​ក្នុង​ដំណើរ​​ការ​ស៊ើប​អង្កេត។ លោក​​មាន​ប្រសាសន៍​​ថា “​​​​វា​ឆាប់​រហ័ស​ពេក​ហើយ ព្រោះ​​​​វា​​អាច​​ជា​ការ​ស៊ើបអង្កេត​រយៈ​ពេល​វែង​។ ក្នុង​​ដំណាក់​កាល​នេះ យើង​រក​មិន​ឃើញ​​ថា តើ​​​បាត់​បង់​របស់​របរ​​អ្វី​ខ្លះ​ទេ”។

នៅឯ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​​-សូវៀត​​កាលពី​រសៀល​​ម្សិលមិញ លោក គង់​ ភារម្យ ត្រូវ​ជា​ប្ដី​​​ កូនប្រសា និង​ជា​ឪពុក​របស់​ជន​រង​គ្រោះ​​ដែល​ចេញទៅ​សមុទ្រ​​​បាត់ នៅ​​ពេល​ការ​វាយ​ប្រហារ​​​​ពេល​រំលង​អធ្រាត្រ​​​​​នេះ​កើត​​​​ឡើង បាន​​និយាយ​ក្នុ​ងទឹក​មុខ​​ស្រពាប់​ស្រពោន​ថា ​គាត់​​មិន​​ដឹង​ច្បាស់​​ថា​ហេតុ​អ្វី​បាន​ជា​គ្រួសារ​​​​របស់​គាត់​រង​ការ​វាយ​ប្រហារ​​បែប​នេះ​ទេ ប៉ុន្តែ​​​​​ថា ​​គាត់​​​ធ្លាប់​មាន​​ “​ជម្លោះ​តូច​តាច​” មួយ​​ពាក់​ព័ន្ធ​កម្មសិទ្ធិ​ដីធ្លី​។

គាត់​​រៀប​រាប់​ថា “​​ខ្ញុំ​បាន​​សង់​ផ្ទះ​​របស់​ខ្ញុំ​​លើ​​ដី​រដ្ឋ ប៉ុន្តែ​ដី​រដ្ឋ​នោះ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ទៅ​អ្នក​​​​​ផ្សេង​ ហើយ​បន្ទាប់​មក​​​ក៏​បន្ត​លក់​ទៅ​ឲ្យ​អ្នក​ផ្សេងទៀត។ ខ្ញុំ​មាន​បញ្ហា​តូច​តាច​​​ជា​មួយ​​​អ្នក​ដែល​ពេល​នេះ​អាង​ថា​ជា​ម្ចាស់​កម្មសិទ្ធិ​​​ដី ប៉ុន្តែ​យើង​មិនដែល​និយាយ​គ្នា​​​ទល់​មុខ​ទេ”។

​គាត់​​បន្ថែម​ថា គាត់​​​បាន​ឮ​ថា ពេល​នេះ​ម្ចាស់​ដី​ដែល​​​គាត់​​និយាយ​ថា​ ជា​ជន​ជាតិ​ចិន កំពុង​ជាប់ពន្ធនាគារ ប៉ុន្តែ​​​​គាត់​គ្រោង​នឹង​​ដាក់​ពាក្យ​ប្ដឹង​​​​ជន​ជាតិ​ចិន រូប​នោះ​​។ គាត់​​​​​ប្រាប់​ថា ប្រពន្ធ​របស់​​គាត់​​មាន​ឈ្មោះ អ៊ុំ ផាន់ណា ហើយ​​​ម្ដាយ​ក្មេក​របស់​គាត់​ឈ្មោះ ទូច សំអូន។ ទោះ​​​បី​​​ជា​​គាត់​​ជឿ​ថា ​ខ្សែក​មាស​បាន​បាត់​​បង់​អំឡុង​​​ពេល​វាយ​ប្រហារ​​​នោះ​ក្តី ក៏​​គាត់​​​​និយាយ​ថា ភាព​សាហាវ​យង់ឃ្នង​នៃ​ការ​​វាយ​ប្រហារ​នេះ​បាន​បង្ហាញ​ថា វា​មិន​មែន​ជា​ករណី​ប្លន់​ធម្មតា​ទេ។

គាត់​និយាយ​ថា ​”​ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​ករណី​ប្លន់​ទេ។ បើ​ពួកគេ​គ្រាន់​តែ​ចង់​​ប្លន់​មាស​​​​​​​​៣ជី​ពី​ប្រពន្ធ​​ខ្ញុំ ​​ពួកគេ​ប្រហែល​​ជា​មិន​ចាំ​បាច់​ប៉ុន​ប៉ង​សម្លាប់​ម្ដាយ​ក្មេក​ខ្ញុំ​​​ និង​កូនស្រី​ពៅ​​ខ្ញុំ​ដែល​មាន​អាយុ​​​ទើប​តែ​​២ឆ្នាំ​​នោះ​ទេ”៕ សុខុម​

(រាយការណ៍​បន្ថែម​ដោយ​ ប៊ុត គឹមសាយ និង Anthony Jensen​)

 

The post មនុស្ស​​​ប្រាំ​​​ពីរ​នាក់​ក្នុង​គ្រួសារ​​​មួយ​​​ ត្រូវ​​​ជន​ល្មើស​ប្រើ​ពូ​​​ថៅ​កាប់​យ៉ាង​សា​​​ហាវឲ្យ​រង​របួស​ appeared first on ខេមបូឌា ដេលី.