កម្មការិនី​​​ម្នាក់​​​ស្លាប់​​​នៅ​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ដោយ​​​​​​ត្រូវ​​​រថ​យន្ត​​​​ដឹក​​​ទឹក​​​កក​​​កិន​​​ពី​​​លើ​​​

យោង​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្ម ការ​​​ិនី​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ម្នាក់​​​បាន​​​ស្លាប់​​​ និង​​​បី​​​នាក់​​​ផ្សេង​​​ទៀត​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ  បន្ទាប់ពី​​​​រថយន្ត​​​ដែល​​​ពួក​​​គាត់​​​ជិះ​​​ទៅ​​​ធ្វើ​​​ការ​​​ត្រូវ​​​រថយន្ត​​​ដឹក​​​ទឹក​​​កក​​​បុក​​​ពី​​​ក្រោយ​​​ ហើយ​បន្ទាប់មក​អ្នក​បើក​បរ​​​​រថយន្ត​​​បង្ក​ហេតុ​នេះ​​​បាន​​​រត់​​​គេច​​​ខ្លួន​​ពី​​​កន្លែង​​​កើត​​​ហេតុ​ភ្លាម​​​ៗ​​​​។

លោក សឹុម ព្រីម នាយ​​​រង​​​ប៉ុស្តិ៍​​​សង្កាត់​​​ត្រពាំង​​​ក្រសាំង​​​បាន​​​​​​លើក​​​ឡើង​​​ថា ជនរង គ្រោះ​ ឈ្មោះ​ ហឹម ផល្លា អាយុ​​​២៣​​​ឆ្នាំ​​​កំពុង​​​ជិះ​​​រថ យន្ត​​​ទៅ​​​ធ្វើ​​​ការ​​​ជាមួយ​​​កម្មករ​​​២៥​​​នាក់​​​ផ្សេង​​​ទៀត​​​ស្រាប់​​​តែ​​​ត្រូវ​​​រថ​យន្ត​ដឹកទឹកកក​បុក​​​ពី​​​ក្រោយ​​​នៅ​​​តាម​​​បណ្តោយ​​​ផ្លូវ​​​មួយ​​​​​​ក​​​្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ ​​​វេលា​​​ម៉ោង​​​៦​​​ព្រឹក​​​។​​​​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រថយន្ត​​​ដឹក​​​ទឹក​​​កក​​​បុក​​​រថយន្ត​​​ដែល​​​​​​ដឹក​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ពី​​​ក្រោយ​​​។ ពេល​​​នោះ​​​កម្មការិនី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​កម្មការិនី​​​ផ្សេង​​​ៗ​​​ទៀត​​​ បាន​​​ធ្លាក់​​​ពី​​​លើ​​​រថយន្ត​​​ ហើយ​​​ត្រូវ​រថយន្ត​​​ដឹក​​​ទឹក​​​កក​​​​​​កិន​​​ពី​​​លើ​តែ​​​ម្តង”។

លោក សេង ច័ន្ទ​ថន ប្រធាន​​​ផ្នែក​​​សើុប​​​អង្កេត​​​នៃ​​​នគរ​​​បាល​​​ចរាចរ​រាជធានី​​​បាន​​​លើក​​​​​​ឡើង​​​ថា អ្នក​​​ដំណើរ​​​បី​​​នាក់​​​ផ្សេង​​​ទៀត​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​ដោយ​​​សារ​​​​រង​​​របួស​​​ដែល​​​​​​មិន​ដឹង​​​ស្ថានភាពច្បាស់លាស់​​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​បើក​​​រថយន្ត​​​ដឹក​​​ទឹក​​​កក​​​​​​ទំនង​​​ជា​​​មាន​​​កំហុស​​​ ហើយ​​​ថា​​​នគរ​​​បាល​​​កំពុង​​​តែ​​​​​ចាប់​​​ខ្លួន​​​អ្នក​​​បើក​​​បរ​​​​រូប​​​នេះ​​​។

លោក​​​បាន​​​លើក​​​​​​ឡើង​​​ទៀត​ថា លោក​​​មិន​ ស្គាល់​​​អត្ត​​​សញ្ញាណ​​​អ្នក​​​បើក​​​បរ​​​ ឬ​​​ម្ចាស់​​​រថយន្ត​​​ ដឹក​​​ទឹក​​​កក​​​នេះ​​​ឡើយ​​​​​​ទោះ​​​បី​​​ជា​​​​​​នៅ​​ក្នុង​​​រូប​​​ថត​​​​​​នៃ​​​ហេតុ​​​ការណ៍​​​នេះ​​​ដែល​​​ត្រូវ​​​បានបង្ហោះ​​​នៅ​​​លើ​​​អីុន​​​ធឺណិត​​​ដោយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ស្រុក​​​​​​បង្ហាញ​​​ថា នៅ​​​លើក្បាល​​​​រថយន្ត​​​មាន​​​​ បិទ​​​ស្លាក​​​សញ្ញា​​​​​​ខ្លា​​​ឃ្មុំ​​​ទឹក​​​កក​​​ ដែលជាស្លាក​សញ្ញា​​​​របស់ក្រុម​​ហ៊ុន​ផលិតទឹកកក​ដើម ​& អនា​​​ម័យ​ក៏​​​ដោយ​​​។

នារី​​​ម្នាក់​​​ដែល​​​បាន​លើក​​​ទូរស័ព្ទ​​​​​​ដែល​ជាលេខ​​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​ប្រាប់​​​​​​ថានាង​ឈ្មោះ ពៅ នារី ជា​​​គណនេយ្យករ​​​នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​នេះ​​​​​​ ប៉ុន្តែ ថា​​​នាង​​​មិន​​​ដឹង​​​អ្វី​​​ឡើយ​​​ទាក់​​​ទិន​​​នឹង​​​គ្រោះ​​​ថ្នាក់​​​នេះ​​​ ហើយ​​​មិន​​​អាច​​​ផ្តល់​លេខ​​ទំនាក់ទំនាង​របស់​​ថ្នាក់​​​លើ​​​នាង​​​បាន​​​​​​ឡើយ ​​​ព្រោះ​​​នាង​​​​​​ទើប​​​តែ​​​ចូល​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​នេះ។

រថយន្ត​​​គ្មាន​​​ដំបូល​​​ដែល​​​ពុំត្រូវ​តាម​ស្តង់ដារ​​​​ និង​​​ដែល​​​កម្មករ​​​ប្រហែល​​​៧០០​​​.០០០នាក់​​​នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​ជិះ​​​ទៅ​​​ធ្វើ​​​ការ​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​​​​​​​ល្បី​​​ថា​​​មាន​​​គ្រោះ​​​ថ្នាក់​​​ច្រើន​​​ណាស់​​​ ព្រោះ​​​មាន​​​កន្លែង​​សម្រាប់​​​តែ​​​​ឈរ​​​​​​​​​​​​ប៉ុណ្ណោះ ហើយ​​​គ្មាន​​​បំពាក់​​​ឧបករណ៍​​​សុវត្ថិ​​​ភាព​​​​​​ទេ​​​។ ហេតុ​​​ការណ៍​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ដោយ​​​សារ​​​បញ្ហា​​​បែប​​​នេះ កើត​​​មាន​​​ស្ទើរ​​​តែ​​​រាល់​​​សប្តាហ៍​​​។

លោក សេង ច័ន្ទ​ថន បាន​​​លើក​​​ឡើង​​​ទៀត​​​​​​ថា ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​ដែល​​​នឹង​​​ចូល​​​ជា​​​​​​ធរមាន​​​នៅ​​​ថ្ងៃ​​​ទី​​​១ ខែ​​​មករា​​​ នឹង​​​តម្រូវ​​​ឲ្យ​​​រថយន្ត​​​បែប​​​នេះ​​​ទាំង​​​អស់​​​​​​​ផ្តល់​​​កន្លែងអង្គុយ​ឲ្យ​បាន​ត្រឹម​ត្រូវ​​​​​​​សម្រាប់​​​អ្នក​​​ដំណើរ​​​គ្រប់​​​ៗ​​​រូប​​​ បើ​​​ពុំ​​​ដូច្នោះ ​​​ទេ នឹង​​​ប្រឈម​​​ការ​​​ពិន័យ​​​។

លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា​​​ “ការ​​​លុប​​​បំបាត់​​​ រថយន្ត​​​​​​ដឹក​​​អ្នក​​​ដំណើរ​​​ទាំងអស់​​​ដែល​​​​គ្មាន​​​ កៅ​​​អី​​​អង្គុយ​​​ត្រឹម​​​ត្រូវ​​ពុំ​​​អាច​​​ទៅ​​​រួច​​​ទេ​​​ ប៉ុន្តែ ​​​យើង​​​​​​ នឹង​​​ព្យាយាម​​​លុប​​​បំបាត់​​​រថយន្ត​​​ប្រភេទ​​​នេះ​​​”៕ស៊ុយឈាង​

The post កម្មការិនី​​​ម្នាក់​​​ស្លាប់​​​នៅ​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ដោយ​​​​​​ត្រូវ​​​រថ​យន្ត​​​​ដឹក​​​ទឹក​​​កក​​​កិន​​​ពី​​​លើ​​​ appeared first on ខេមបូឌា ដេលី.