​ប្រជាពលរដ្ឋ នៅ​ខេត្តស្វាយរៀង សម្រុក​ធ្វើ​ស្លាក​លេខ​ម៉ូតូ និង​ធ្វើ​ប័ណ្ណបើកបរ

ស្វាយរៀង:  ខណៈពេល​ថ្ងៃ​ផាកពិន័យ អ្នក​មិន​គោរព​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ថ្មី នឹង​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​ថ្មី ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ខាងមុខនេះ តទៅ គេ​សង្កេតឃើញ​មាន​បងប្អូន ប្រជាពលរដ្ឋ ក្នុង​ខេត្តស្វាយរៀង ហើយក៏​មិន​ខុសពី បណ្តា​ខេត្ត​នានា​ផ្សេងៗ​ទៀត​ដែរ បាននាំគ្នា​ទៅធ្វើ ស្លាក​លេខ​ម៉ូតូ ក៏​ដូច​ប័ណ្ណបើកបរ​យ៉ាងច្រើន នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ជា​រៀងរាល់​ម៉ោង​ធ្វើការ ចាប់ពី​ព្រលឹម​ដល់​ព្រលប់​។​

​បើតាម​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា​៖ នៅក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ខេត្តស្វាយរៀង មានការ​កើនឡើង​ខ្ពស់ នូវ​ចំនួន​យានយន្ត​គ្រប់​ប្រភេទ ជាពិសេស​ម៉ូតូ​ស៊េរី​ថ្មីៗ នាំចូល​មកពី​បរទេស​។ ហើយ​តួលេខ បាន​បញ្ជាក់ថា នៅ​ចុងឆ្នាំ​២០១៤ កន្លងមក ចំនួន​ម៉ូតូ នៅ​ទូទាំង​ខេត្ត មាន​ចំនួន ១០៣.៤៧១ គ្រឿង ក្នុងចំណោម​ប្រជាពលរដ្ឋ ដែលមាន​ក្នុង​ខេត្ត​ចំនួន​ជាង ១៣០.០០០​គ្រួសារ​។ ពោលគឺ​គិត​ជា​មធ្យម ក្នុង​១​គ្រួសារ សឹង​តែមាន​ម៉ូតូ​១​គ្រឿង ព្រមទាំង​រថយន្ត​យ តាម​គ្រួសារ​ចំនួន ១.១៨២​គ្រឿង​។ ក្នុងចំណោម​ម៉ូតូ និង​រថយន្ត​ខាងលើនេះ មាន​មួយចំនួន ក៏មាន​ស្លាក​លេខ ហើយ​មួយចំនួន ក៏​គ្មាន​ស្លាក​លេខ​។​

​លោក រ័ត្ន ច​ន អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង បាន​បញ្ជាក់ថា​៖ ដោយសារ​មានការ​ផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី និង​តម្រូវ​អនុវត្ត​រឹតបន្តឹង ចាប់តាំងពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ខាងមុខនេះ ប្រជាពលរដ្ឋ​នៅ​ទូទាំង ខេត្តស្វាយរៀង បាននាំគ្នា​សម្រុក​ធ្វើ​ស្លាក​លេខ​ម៉ូតូ និង​ប័ណ្ណបើកបរ​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​កុំ​ឲ្យ​សមត្ថកិច្ច ផាកពិន័យ ពេលដែល​ធ្វើដំណើរ តាមផ្លូវ​សាធារណៈ​នានា​។
​លោក​អនុប្រធាន​មន្ទីរ បាន​ប្រសាសន៍​បន្តទៀតថា​៖ នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០១៥​នេះ មាន​ប្រជាពលរដ្ឋ មក​ធ្វើ​ស្លាក​លេខ យ៉ាងច្រើន​កកកុញ ក្នុង​មួយថ្ងៃៗ មាន​ប្រមាណ​ជាង ១០០ គ្រឿង​។ ហើយ​ការធ្វើ​ស្លាក​លេខ​នេះ មិនយូរ​ទេ មាន​រយៈពេល​តែ​២​ថ្ងៃ​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ​។ ស្លាក​លេខ​ម៉ូតូ ១​គ្រឿង មានតម្លៃ ១០៥.០០០ រៀល និង​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ មានតម្លៃ ២០ ដុល្លារ​។

​សូមបញ្ជាក់ថា​៖ បើតាម​ការជជែក​គ្នា​ពី ប្រជាពលរដ្ឋ នៅតាម​ភូមិ ឃុំ ស្រុក មួយចំនួន ក្នុង​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា​៖ ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ថ្មី ក្នុង​ឆ្នាំ​២០១៦ ខាងមុខនេះ ប្រជាពលរដ្ឋ មានការ​ប្រឈម​មួយចំនួន ដោយសារតែ​នៅក្នុង ខេត្តស្វាយរៀង មាន​ម៉ូតូ​អត់​ពន្ធគយ ដែល​នាំចូល​ពី​ប្រទេស​វៀតណាម មាន​ចំនួន​ច្រើន​។ ចំនួន​នេះ បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​ថា​៖ គ្រាន់តែ​ក្នុង​ឆ្នាំ​២០១៣ ម៉ូតូ​អត់​ពន្ធ​នាំចូល តាម​ច្រករបៀង​ផ្សេងៗ មកពី​ប្រទេស​វៀតណាម មាន​ប្រមាណ​២​គ្រឿង​ឯណោះ​។ ហើយ​រហូតមកដល់​ឆ្នាំ​២០១៥​នេះ ម៉ូតូ​អត់​ពន្ធ​មាន​ច្រើនជាង​នេះ​។ ម៉ូតូ​អត់​ពន្ធ​ទាំងនោះ មិនអាច​ទៅធ្វើ ស្លាក​លេខ​បានទេ​។ ដូច្នេះ​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ម៉ូតូ​អត់​ពន្ធ នាំចូល​ពី​ប្រទេស​វៀតណាម អាច​ប្រឈម​នឹង​ច្បាប់ នៅ​ឆ្នាំ​២០១៦ ខាងមុខនេះ មាន​ចំនួន​ច្រើន​៕V​/S

​ប្រជាពលរដ្ឋ នៅ​ខេត្តស្វាយរៀង សម្រុក​ធ្វើ​ស្លាក​លេខ​ម៉ូតូ និង​ធ្វើ​ប័ណ្ណបើកបរ

​ប្រជាពលរដ្ឋ នៅ​ខេត្តស្វាយរៀង សម្រុក​ធ្វើ​ស្លាក​លេខ​ម៉ូតូ និង​ធ្វើ​ប័ណ្ណបើកបរ

​ប្រជាពលរដ្ឋ នៅ​ខេត្តស្វាយរៀង សម្រុក​ធ្វើ​ស្លាក​លេខ​ម៉ូតូ និង​ធ្វើ​ប័ណ្ណបើកបរ