តើ​ពាក្យ​«​វិញ្ញាណ​ខ័ន វិញ្ញាណ​ខណ្ណ វិញ្ញាណ​ខន្ធ និង វិញ្ញាណក្ខន្ធ​» មួយណា​ត្រឹមត្រូវ​?

​សាធារណជន​មួយចំនួន ប្រហែល​នៅមាន​ភាពស្រពេចស្រពិល​នៅក្នុង​ការសរសេរ​ពាក្យ «​វិញ្ញាណ​ខ័ន វិញ្ញាណ​ខណ្ណ វិញ្ញាណ​ខន្ធ និង វិញ្ញាណក្ខន្ធ​» ថា​មួយណា​ជា​ពាក្យ ដែល​ត្រឹមត្រូវ​តាម​ការកំណត់​របស់​វ​ច​នា​នុ​ក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត​។​

​វចនានុក្រម​របស់​ស​ម្ដេច​ព្រះសង្ឃរាជ ជួន ណាត បាន​កំណត់ថា ពាក្យ​ដែល​ត្រូវ​សរសេរ ហើយ​ត្រឹមត្រូវ​តាម​វចនានុក្រម​គឺ​ពាក្យ​«​វិញ្ញាណក្ខន្ធ​» ចំណែក​ពាក្យ​«​វិញ្ញាណ​ខណ្ណ វិញ្ញាណ​ខន្ធ និង វិញ្ញាណ​ខ័ន​»​មិនមាន​សរសេរ​នោះទេ​។ ពាក្យ​ថា វិញ្ញាណក្ខន្ធ មកពី​ពាក្យ វិញ្ញាណ មាន​ថ្នាក់​ពាក្យ​ជា​(​ន​) មានន័យថា ធម្មជាតិ​ដឹង​ច្បាស់​នូវ​អារម្មណ៍​(​ចិត្ត​) បាត់វិញ្ញាណ ឬ រលត់វិញ្ញាណ រលត់ចិត្ត​។ ឧទាហរណ៍៖ ភ័យ​ស្លុត​ខ្លាំង​ស្ទើរ​បាត់វិញ្ញាណ​។ ចំណែក​ពាក្យ វិញ្ញាណក្ខន្ធ មានន័យថា កង​វិញ្ញាណ​(​ពួក​ចិត្ត​) ដែល​រាប់បញ្ចូល​ក្នុង​ខន្ធ​៥(​ម​.​ព​. បញ្ចក្ខន្ធ​ផង​)​៕​