មន្ត្រី​ជំនិត​លោក​គីម ជុង​អ៊ុន ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​លោក Kim Yang-Gon មនុស្ស​ជំនិត​របស់​មេដឹកនាំ​កូរ៉េខាងជើង ត្រូវបាន​រាយការណ៍​ថា បាន​បាត់​បង់ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ។ នេះ​បើ​យោង​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ចុះផ្សាយ​នៅ​ថ្ងៃទី​៣០ ខែធ្នូ នេះ ។​

​មន្ត្រីជាន់ខ្ពស់​របស់​កូរ៉េខាងជើង​លោក Kim Yang-Gon ជា​មនុស្ស​ជំនិត​ប្រមុខរដ្ឋ​កូរ៉េខាងជើង​បាន​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី​២៩ ខែធ្នូ​។ ប៉ុន្តែ​សារព័ត៌មាន KCNA មិនបាន​ផ្ដល់ព័ត៌មាន​ជាក់លាក់​ពី​ហេតុការណ៍​នេះ​ទេ ។ ពិធី​បុណ្យសព​ផ្លូវការ​របស់លោក Kim Yang-Gon នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី​៣១ ខែធ្នូ ហើយ​មេដឹកនាំ​វ័យក្មេង​លោក គីម ជុង​អ៊ុន នឹងចូលរួម​ក្នុង​កម្មវិធី​នេះ ។

​លោក Kim Yang-Gon ត្រូវបាន​គេ​ដឹងថា ជាម​នុស្ស​ជំនិត​ម្នាក់​របស់​មេដឹកនាំ​កូរ៉េខាងជើង និង​មាន​តួនាទី​ជា​លេខា​បក្ស​ពលករ ដែល​កំពុង​គ្រប់គ្រង​ប្រទេស ។ ក្រៅពីនេះ​លោក Kim Yang-Gon ក៏មាន​តួនាទី​ជា​ប្រធាន​រណសិរ្ស​រួបរួម ដែល​ទទួលបន្ទុក​ការងារ​ជាមួយ​ភាគី​កូរ៉េខាងត្បូង​។ ហើយ​លោក Kim ក៏បាន​ចូលរួម​ក្នុង​ការចរចា​ជាមួយ​កូរ៉េខាងត្បូង​កាលពី​ខែសីហា ក្រោយ​ការប៉ះទង្គិច​គ្នា​មួយ​ប្រាវ ដែល​ធ្វើ​ឲ្យ​កម្ដៅ​ជម្លោះ​កើនឡើង​ខ្លាំង ។

​ជាមួយគ្នានេះ KCNA បាន​ពណ៌នា​ការស្លាប់​របស់លោក Kim គឺជា​ការបាត់បង់​យ៉ាង​ធំ​សម្រាប់​ប្រជាជន​កូរ៉េខាងជើង និង​បាន​លើកសរសើរ​លោក ចំពោះ​ការងារ​ដែល​បានធ្វើ​ក្នុងការ​គោលនយោបាយ​រួបរួម​កូរ៉េ​ទាំងពីរ ។ លើសពីនេះ បុរស​វ័យ​៧៣​ឆ្នាំ​រូបនេះ ក៏​ជា​អ្នកផ្ដល់យោបល់​ដល់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​សម្រាប់​ការងារ​ការបរទេស ក៏ដូចជា​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ​ផងដែរ​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក Kim Yang-gon បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រៀបចំ​ជំនួប​កំពូល​រវាង​អតីត​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ីល និង​អតីត​ប្រ​ធានា​ធីប​តី​កូរ៉េខាងត្បូង​លោក រ៉ូ ម៉ូ​យុន (Roh Moo-Hyun) នៅ​ឆ្នាំ​២០០៧ ។ ហើយ​លោក Kim គឺជា​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​តែ​ម្នាក់​គត់​ដែល​ចូលរួម​ក្នុងជំនួប​នោះ​។ 

​នេះ​មានន័យថា ការស្លាប់​របស់លោក Kim Yang-gon ពិត​ជាមាន​ផលប៉ះពាល់​ខ្លាំង​ដល់​ទំនាក់ទំនង​និង​ការរួបរួម​រវាង​កូរ៉េ​ទាំងពីរ ។ លោក Kim ជា​មនុស្ស​ម្នាក់​ដែលមាន​បទពិសោធន៍​ច្រើន​ក្នុង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង ហើយ​ប្រហែលជា​គ្មាន​នរណា​អាច​ជំនួស​តំណែង​គាត់ ក្នុង​ការផ្ដល់​មតិយោបល់​ក្នុង​រឿងនេះ​ដល់​លោក គីម ជុង​អ៊ុន​ឡើយ ៕