ច្បាប់​ថ្មី​កំណត់​ថា ទាំង​ក្រុម​ហ៊ុន ឬ ម្ចាស់​យាន​ជំនិះ​ បើ​ឲ្យ​គេ​ខ្ចី​ក៏​ត្រូវ​ប្រគល់​ឯកសារ​​ដើម​ដែរ

ច្បាប់​ថ្មី​កំណត់​ថា ទាំង​ក្រុម​ហ៊ុន ឬ ម្ចាស់​យាន​ជំនិះ​ បើ​ឲ្យ​គេ​ខ្ចី​ក៏​ត្រូវ​ប្រគល់​ឯកសារ​​ដើម​ដែរ

មិន​ថា​ក្រុមហ៊ុន​ ឬ ម្ចាស់​យាន​យន្ត​ គឺ​នៅ​ពេល​ឲ្យ​​នរណា​ខ្ចី​ម៉ូតូ ឬ ​ឲ្យ​បុគ្គលិក​ប្រើប្រាស់​យានជំនិះ​ ក៏​ត្រូវ​ប្រគល់​ឯកសារ​ដើម​ដែរ ដូចជា កាតគ្រី និង ច្បាប់​អាជីវកម្ម​ជាដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ពៅ​ ម៉ាលី អគ្គលេខាធិការ​រង​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក។

 

លោក ពៅ ម៉ាលី បាន​និយាយ​ថា ច្បាប់​​ចរាចរណ៍​ជើង​គោក​ថ្មី បាន​កំណត់​ឲ្យ​អ្នក​បើកបរ​ទាំង​អស់​ត្រូវ​មាន​ឯកសារ​ដើម​ដាក់​តាម​ខ្លួន ដូច្នេះ​ ប្រសិន​បើ​ម្ចាស់​យានយន្ត​សម្រេច​ចិត្ត​ឲ្យ​នរណា​ខ្ចី​ម៉ូតូ ឬ រថយន្ត​ជិះ គឺ​ត្រូវ​ប្រគល់​ឯកសារ​ដើម​ឲ្យ​គេ​ដែរ។ មួយ​ទៀត​​ប្រសិន​បើ​ក្រុម​ហ៊ុន​ដែល​ត្រូវ​មាន​ម៉ូតូ ឬ ឡាន​ឲ្យ​បុគ្គលិក​សម្រាប់​បំពេញ​ការងារ​ ក៏​ត្រូវ​ប្រគល់​ឯកសារ​ដើម​ឲ្យ​គេ​ដែរ។ ទន្ទឹម​នឹង​នេះ អ្នក​បើកបរ​គ្រប់​រូប​ចាំ​បាច់​មាន​ប័ណ្ណបើកបរ​។

 

សូមចុចអាន៖ ដំណឹង​ថ្មី! ការ​ធ្វើ​ប័ណ្ណ​បើក​បរ​ត្រូវ​ផ្អាក​សិន…

សូមចុចអាន៖១៨ សំនួរ​កាន់​តែ​ច្បាស់​ពី​ប័ណ្ណ​បើក​បរ

សូមចុចអាន៖ សមត្ថកិច្ច​ត្រៀម​ជិត​ ២ ​ពាន់​នាក់​​​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នៅ​ ១ សប្តាហ៍​ទៀត

 

 

ច្បាប់​ថ្មី​កំណត់​ថា ទាំង​ក្រុម​ហ៊ុន ឬ ម្ចាស់​យាន​ជំនិះ​ បើ​ឲ្យ​គេ​ខ្ចី​ក៏​ត្រូវ​ប្រគល់​ឯកសារ​​ដើម​ដែរ

 

 

មតិមហាជន​ជាច្រើន​បាន​សម្ដែង​ការ​ព្រួយបារម្ភ ក៏ដូចជា​ចោទ​សួរ​ថា ចុះ​ប្រសិន​បើ​ម្ចាស់​យាន​ជំនិះ ឬ ក្រុម​ហ៊ុន​ប្រគល់​ឯកសារ​ដើម​ឲ្យ​ទៅ​បុគ្គលិក ឬ នរណា​ម្នាក់​ដែល​ខ្ចី​យានជំនិះ ហើយ​អ្នក​ខ្ចី​បែរ​ជា​​យក​ទៅ​លក់​បាត់​ តើ​ត្រូវ​ធ្វើ​ដូចម្ដេច?

 

ឆ្លើយ​តប​នឹង​សំណួរ​នេះ លោក ពៅ ម៉ាលី បាន​បញ្ជាក់​ថា នៅ​ពេល​ម្ចាស់​យានជំនិះ​សម្រេច​ចិត្ត​ឲ្យ​នរណា​ខ្ចី​ម៉ូតូ គឺ​ត្រូវ​តែ​ទុក​ចិត្ត​គេ ដូចគ្នា​នេះ​ដែរ ម្ចាស់​ក្រុម​ហ៊ុន​ នៅ​ពេល​សម្រេច​ជ្រើសរើស​បុគ្គលិក​គឺ​ច្បាស់​លាស់​អំពី​ប្រវត្តិ​រូប និង ទុក​ចិត្ត​ព្រម​ទាំង​មាន​លក្ខខ័ណ្ឌ​ចង​តឹងរ៉ឹង​ ទើប​ជ្រើសរើស​មក​ធ្វើ​ជា​បុគ្គលិក។

 

“ច្បាប់​គឺ​ច្បាប់ ខ្ញុំ​បញ្ជាក់​​ហើយ​ថា បើ​យើង​មិន​ទុក​ចិត្ត​គេ​យើង​កុំ​ឲ្យ​គេ​ខ្ចី បើ​សិន​ក្រុម​ហ៊ុន​ជ្រើស​រើស​បុគ្គលិក​មក​ធ្វើ​ការ​ក៏​ត្រូវ​ទុក​ចិត្ត​គេ​ដែរ”។ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​ពី​លោក​ ពៅ​ ម៉ាលី។

 

សំណួរ​មួយ​ទៀត​បាន​ចោទ​សួរ​ថា ចុះ​ប្រសិនបើ​​ម្ចាស់​យាន​ជំនិះ ឬ ក្រុម​ហ៊ុន ឲ្យ​ម៉ូតូ​គេ​ខ្ចី ឬ បុគ្គលិក​ប្រើប្រាស់​ ដោយ​មិន​ឲ្យ​ឯកសារ​ដើម (កាតគ្រី) តើ​បាន​អត់? ម្ចាស់​យាន​ជំនិះ​មាន​ទោស​ទេ? ។ ឆ្លើយ​តប​សំណួរ​ទាំង​នេះ លោក​ ម៉ាលី លើក​ឡើង​ថា បែប​នេះ​ក៏​បាន​ ប៉ុន្តែ នៅ​ពេល​សមត្ថកិច្ច​ឃាត់​យាន​ជំនិះ​ហើយ​សួរ​រក​ឯកសារ​មិន​គ្រប់​ គឺ​គេ​នឹង​ចេញ​វិក្កយបត្រ​ផាក​ពិន័យ​​ឲ្យ​ទៅ​បង់​នៅ​ប៉ុស្តិ៍​នគរបាល​ដែល​បាន​កំណត់។

 

“ប៉ូលិស​គេ​នឹង​ផាក​យើង​អត់​ឯកសារ​អី គេ​ផាក​មួយ​ករណី ឧទាហរណ៍​ថា ប៉ូលិស​សួរ​រក​ប័ណ្ណ​បើកបរ​​ហើយ​យើង​អត់​​មាន​ឬ​អត់​យក​មក​តាម​ខ្លួន​ គឺ​គិត​ ១ករណី សួរ​រក​កាតគ្រី អត់​មាន​​គេ​គិត​ ១ ករណី សួរ​រក​យានជំនិះ​ពី​ច្បាប់​អាជីវកម្ម​អត់​មាន​គិត​ ១ ករណី តែ​ការ​ផាក​ពិន័យ​គឺ​មិន​ផាក​នៅ​កន្លែង​ទេ គឺ​ឲ្យ​ទៅ​បង់​ផាក​នៅ​ប៉ុស្តិ៍​នគរបាល​ដែល​បាន​កំណត់”។ លោក ម៉ាលី ថ្លែង​បញ្ជាក់។

 

នៅ​សល់​ពេល​តែ ២ ថ្ងៃ​ទៀត​ទេ សមត្ថកិច្ច​នឹង​ផ្ដើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ដែល​​ច្បាប់​នេះ​​ បាន​អនុម័ត​កាល​ពី​ដើម​ឆ្នាំ ២០១៥។ លោក​ ពៅ ម៉ាលី បាន​ទទូច​ឲ្យ​​អ្នក​បើកបរ​ទាំង​អស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ព្រោះ​ថា អត្រា​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​កើន​ឡើង​ជា​លំដាប់​ ពី ៥​នាក់​ក្នុង​១ថ្ងៃ កើន​ឡើង​ ជាង​ ៦នាក់​ ក្នុង​ ១ថ្ងៃ។

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា