តើបណ្ដឹង តវ៉ារបស់កីឡាករ និងមន្ដ្រី ដែលត្រូវក្លឹប ភ្នំពេញក្រោន ពិន័យវិវត្តន៍ ដល់ណាហើយ?

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមន្ដ្រីជំនាញ ពេលនេះកំពុងតែអនុវត្ដនីតិវិធី ដោះស្រាយបញ្ញាដ៏រសើបមួយ ជុំវិញបញ្ហាក្លឹបភ្នំពេញក្រោន បានពិន័យព្យួរកីឡាករ ៧រូប និងមន្ដ្រី ៤រូប មិនឲ្យធ្វើសកម្មភាពគ្មានរយៈពេលកំណត់ កាលពីពេលថ្មីៗកន្លងទៅ បន្ទាប់ពីក្លឹបរកឃើញថា ពួកគេបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរក្នុងពេលបំពេញការងារជាមួយក្លឹប ។

ប៉ុន្ដែដោយមិនសុទ្ធចិត្តនឹងការដាក់ពិន័យបែបនេះ មន្ដ្រី និងកីឡាករ ដែលត្រូវក្លឹបភ្នំពេញក្រោន ពិន័យនោះ បានដាក់ពាក្យបណ្ដឹងស្វែងរកយុត្តិធម៌ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាំងពីពាក់កណ្ដាលខែវិច្ឆិកាមកម្លេះ តែសហព័ន្ធមិនទាន់ដោះស្រាយភ្លាមៗ ព្រោះពេលវេលានោះមមាញឹករៀបចំៗព្រឹត្តិការណ៍បាល់ទាត់ច្រើនពេក រហូតដល់ចប់ការប្រកួតបាល់ទាត់លីកកំពូល ទើបចាប់វិធានការ ។

ជុំវិញបញ្ហានេះ មន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហើបឲ្យដឹងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ជាការពិតខណៈពេលនេះ ក្រុមប្រឹក្សាស៊ើបអង្កេតរបស់សហព័ន្ធ បាននឹងកំពុងដោះស្រាយ ដោយកោះហៅភាគីទាំងសងខាង មកសួរនាំ និងវិនិច្ឆ័យទៅលើភស្ដុតាងនានា ដែលភាគីទាំងពីរ លើកមកធ្វើជាអំណះអំណាងបញ្ជាក់ពីការពិតរៀងៗខ្លួន ។
ប្រភពព័ត៌មាននេះបានបញ្ជាក់ទៀតថា មកទល់នឹងពេលនេះ យើងមិនទាន់ចេញលទ្ធផលសម្រេចបែបណានោះទេ ប៉ុន្ដែក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ សហព័ន្ធនឹងចេញលទ្ធផលថា គួរត្រូវធ្វើបែបណា បន្ទាប់ពីក្រុមប្រឹក្សាអង្កេត បានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុតនោះ ។

គួរបញ្ជាក់ថា កីឡាករ និងមន្ដ្រី ដែលត្រូវបានក្លឹបទើបលើកពានលីកកំពូលកម្ពុជា ពិន័យព្យួរមិនឲ្យធ្វើសកម្មភាពអ្វីនោះ រួមមានកីឡាករ យូគ អៈអារី, ថោង ដា, សារី ម៉ាត់ណូរ៉ូទីន, ទូច សុខហេង, ង៉យ ស្រ៊ីន, សុះ ស៊ូហាណា និងកីឡាករ សាន ឧសភា ។ រីឯមន្ដ្រី ៤រូបទៀត មានលោក ងួន ចាន់សុធា, ប៊ួយ ដារី, ស៊ឺ សីហា, និងលោក ទេស សុផាត ។
ការពិន័យនេះ ត្រូវបានក្លឹបលើកហេតុផល នៃការប្រព្រឹត្តកំហុសដូចជា ការលេងមិនអស់សមត្ថភាពក្នុងការប្រកួតសំខាន់ៗក្នុងរយៈពេល ២ខែចុងក្រោយ ។ មានផែនការ និងធ្វើឲ្យកីឡាករបរទេសសំខាន់ៗរងរបួសក្នុងកំឡុងពេលហ្វឹកហាត់ ហើយជាងនេះទៅទៀត បានប្រើប្រាស់គណនីក្លែងក្លាយក្នុងបណ្តាញសង្គម facebook ដើម្បីដាក់រឿងអវិជ្ជមាន និងបញ្ចេញមតិយោបល់បង្កជម្លោះផ្សេងៗ ៕

តើបណ្ដឹង តវ៉ារបស់កីឡាករ និងមន្ដ្រី ដែលត្រូវក្លឹប ភ្នំពេញក្រោន ពិន័យវិវត្តន៍ ដល់ណាហើយ?

តើបណ្ដឹង តវ៉ារបស់កីឡាករ និងមន្ដ្រី ដែលត្រូវក្លឹប ភ្នំពេញក្រោន ពិន័យវិវត្តន៍ ដល់ណាហើយ?

តើបណ្ដឹង តវ៉ារបស់កីឡាករ និងមន្ដ្រី ដែលត្រូវក្លឹប ភ្នំពេញក្រោន ពិន័យវិវត្តន៍ ដល់ណាហើយ?