ធី តុងហ៊ី ,ចាន់ ប៊ុនហឿន ដឹកដៃគ្នា ជួបថៃលើសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ថៃ ២រូបឆ្លងដែនមកសាកកណ្តាប់ដៃ និងថ្វីជើងជាមួយ អ្នកចម្បាំងអង្គរ ២រូបដូចគ្នានាយប់ថ្ងៃ អាទិត្យ ទី០៣ ខែមករា ឆ្នាំ២០១៦ ចុងសប្តាហ៍នេះនៅ លើសង្វៀន SEATV ក្នុងកម្មវិធីប្រដាល់ក្បាច់គុនខ្មែរបុរាណលក្ខណៈមិត្តភាពអន្តរជាតិ ។
អ្នកប្រដាល់ ធី តុងហ៊ី ក្លិបសាលវ័ន្តកីឡាជួបជាមួយអ្នកប្រដាល់ថៃ Phlay Noy ក្នុងប្រភេទទម្ងន់ ៦៧ គ.ក្រ រីឯអ្នកប្រដាល់ ចាន់ ប៊ុនហឿន ក្លិបនិរោធន៍មានជ័យ ប្រកួតនឹងអ្នកប្រដាល់ថៃ Yorth Sayam ក្នុងទម្ងន់៦០គ.ក្រ។

សម្រាប់ ធី តុងហ៊ី ជាអ្នកប្រដាល់ដែលមានអំណោយផលល្អខាងកាយសម្បទា គឺខ្ពស់ ១,៧០ម៉ែត្រ ដៃវែង ជើងវែង ធ្វើឲ្យគេខ្លាំងកែង ជង្គង់ និងទាត់ធាក់ ហើយអ្នកប្រដាល់រូបនេះមិនធ្លាប់ជួបប្រកួតជាមួយថៃទេកន្លងមក ប៉ុន្តែធ្លាប់តែជួបប្រកួតជាមួយអ្នកប្រដាល់ អង់គ្លេសម្តងគត់ ដោយចាញ់ក្នុងទឹកទី១ ។ អ្នកប្រដាល់ថៃលើកនេះមានកម្ពស់ទាបជាងបន្តិច ទម្ងន់ស្មើគ្នា ហើយប្រវត្តិប្រកួតទៀតនោះ ក៏ច្រើនជាងខ្លួនតុងហ៊ីផងដែរ ។

តាមលោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំនៅ SEATV បានឲ្យដឹងថា កីឡាករថៃ Phlay Noy អ្នកប្រដាល់ថៃរូបនេះធ្លាប់មកប្រកួតនៅសង្វៀន SEATV នេះ២លើកហើយ ដែលមកលើកទី១ វាយស្មើជាមួយ ផាន់ គ្រាន់ នេះ និងលើកទី២ គេបានវាយឈ្នះ កន ចន្ថា អ្នកប្រដាល់សមាគមកីឡាក្រសួងការពារ ជាតិដោយពិន្ទុ ។ អ្នកប្រដាល់ថៃ Phlay Noy មានប្រវត្តិប្រកួតចំនួន១០០លើក ឈ្នះ៨៣លើក ចាញ់១៥ដង និងស្មើ២ដង ។ រីឯ ធី តុងហ៊ី មានប្រវត្តិប្រកួតចំនួន៩៥លើក ឈ្នះ៧៥ដង ចាញ់១៧ដង និងស្មើ៤ដង។

ចំពោះអ្នកប្រដាល់ ចាន់ ប៊ុនហឿន ក្លិបនិរោធន៍មានជ័យ នឹងជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Yorth Sayam ក្នុងទម្ងន់៦០គ.ក្រ។ អ្នកប្រដាល់ថៃ Yorth Sayam ដែលជាគូរបស់ ចាន់ ប៊ុនហឿន នេះធ្លាប់មកប្រកួតនៅ SEATV ធ្លាប់ផ្តួលអ្នកប្រដាល់កម្ពុជាជាច្រើននាក់មកហើយ។ Yorth Sayam នេះជាជើងខ្លាំងទម្ងន់៦០គីឡូក្រាម ប្រចាំនៅស្រុកថៃ ហើយមានកម្ពស់ស្មើគ្នា ១,៧០ម៉ែត្រ ប៉ុន្តែអ្នកប្រដាល់ថៃរូបនេះមាន កំណត់ត្រាប្រកួត ច្រើនជាង ប៊ុនហឿន។ អ្នកប្រដាល់ថៃនេះមានប្រវត្តិប្រកួត៦៧លើក ក្នុងនោះវាយឈ្នះ៥៧លើក ចាញ់៩លើក និង ស្មើ១លើក បើធៀបជាមួយ ប៊ុនហឿននោះ គឺច្រើនជាងតែ២២លើកឯណោះ ។ ចាន់ ប៊ុនហឿន មានប្រវត្តិប្រកួតចំនួន៤៥លើក ឈ្នះ៤០លើក និងចាញ់៥លើក មិនដែលស្មើ ។ ប៊ុនហឿន ប្រកួតជាមួយថៃ២លើកកន្លងមកនេះ ប្រើពេលមិនដល់៥ទឹកទេ គឺលើកទី១ប្រើពេលតែ១ទឹក ប៉ុណ្ណោះ ផ្តួលថៃ Lao Py ឲ្យសន្លប់ និងលើកទី២គេផ្តួល Phom Phayak ក្នុងទឹកទី៤៕

ធី តុងហ៊ី ,ចាន់ ប៊ុនហឿន ដឹកដៃគ្នា ជួបថៃលើសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ

ធី តុងហ៊ី ,ចាន់ ប៊ុនហឿន ដឹកដៃគ្នា ជួបថៃលើសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ