កូរ៉េខាងត្បូង សម្តែងក្តី តក់ស្លុត និង សោកស្តាយ ចំពោះមរណភាព មន្ត្រីកំពូលកូរ៉េខាងជើង

សេអ៊ូល៖ រដ្ឋាភិបាល កូរ៉េខាងត្បូង នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ ២០១៥ នេះ បានប្រកាស ថា ខ្លួនមានភាពតក់ស្លុត សោកស្តាយជាពន់ពេក និង សូមសម្តែងនូវមរណៈទុក្ខ ជូនដល់ ប្រជាជាតិកូរ៉េខាងជើង ទាំងមូល ដែលបាន បាត់បង់ លោក គីម យ៉ាងហ្គន ដែលធ្លាប់ជាមន្ត្រី ដ៏មានសមត្ថភាពខ្ពស់ និង កសាងស្នាដៃជាច្រើន មិនអាច កាត់ថ្លៃបាន។

កាលពីថ្ងៃអង្គារ ទី២៩ ខែធ្នូ សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចេញផ្សាយព័ត៌មាន ដ៏គួរឲ្យ តក់ស្លុត អំពីការក្រឡាប់ រថយន្ត របស់លោក គីម ដែលបានបណ្តាលឲ្យរូបលោក បាត់បង់ ជីវិត។ កូរ៉េខាងជើង បានចាត់ទុក លោក គីម យ៉ាងហ្គន ជាមន្ត្រីស្មោះស្ម័គ្រ ដែលបានបម្រើ ប្រទេសជាតិ បីជំនាន់មកហើយ ចាប់តាំងពីសម័យ ជីតា គីម អ៊ីលស៊ុង, លោកឪពុក គីម ជុងអ៊ីល, និង មេដឹកនាំ គីម ចុងអ៊ុន បច្ចុប្បន្ន។

បន្ថែមពីនេះទៀត លោកមានតួនាទីជាជំនួយការផ្ទាល់របស់លោក គីម ចុងអ៊ុន ទទួលបន្ទុក កិច្ចការងារប្រឹក្សា យោបល់ ស្តីពីនយោបាយការបរទេស។ លោកក៏ធ្លាប់ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ ដោះស្រាយទំនាស់រវាង កូរ៉េទាំងពីរ ប្រកបដោយសន្តិភាព ហើយក៏ជាមន្ត្រី ដែលបានធ្វើឲ្យទំនាក់ទំនង កូរ៉េខាងជើង និង ខាងត្បូង វិលទៅ រកភាពប្រសើរឡើងផងដែរ។

គួរបញ្ជាក់ថា គណកម្មាធិការរៀបចំបុណ្យសព កូរ៉េខាងជើង បានទទួលបញ្ជារួចហើយ ឲ្យរៀប ចំពិធីបុណ្យសព ជូនលោក គីម ឲ្យសក្តិសមបំផុត ចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍ ស្អែកនេះ៕

កូរ៉េខាងត្បូង សម្តែងក្តី តក់ស្លុត និង សោកស្តាយ ចំពោះមរណភាព មន្ត្រីកំពូលកូរ៉េខាងជើង