បទល្មើសនេសាទ គ្រប់ប្រភេទ ទៅសម្រុក កើតមានយ៉ាង ​ពេញបន្ទុក លើផ្ទៃទឹកបឹង ទន្លេសាបខេត្តសៀមរាប

សៀមរាប ៖ បទល្មើសនេសាទចេញ ពីបណ្តាខេត្តនានា ជុំវិញបឹងទន្លេសាប បានទៅសម្រុកក្នុង ដែនទឹកខេត្ត សៀមរាប នេះបើយោងតាម សេចក្តីរាយការណ៍ ដែលដើមអម្ពិលទទួលបាន នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនជាតិវៀតណាម ជាអ្នកទិញត្រី និងជាម្ចាស់អួនជន រស់នៅកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិសាត់  មានចំនួន៤វង់ចេញធ្វើការនេសាទដោយប្រើប្រាស់កម្លាំងម៉ាស៊ីនខ្នាតធំនៅចំណុចបាក់ដាវ រហូតដល់មាត់ពាមឃ្លាំង ក្នុងទឹកដីស្រុកសូត្រនិគម ខេត្តសៀមរៀប  គ្មានសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ចេញបង្ក្រាបឡើយ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មោះ សេង ហ៊ុង ហៅអាហុងក្បាលដែក ជាជនជាតិវៀតណាម កាន់អត្តសញ្ញាណ ប័ណ្ណខ្មែរ រស់នៅមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប  មានយ៉ាំងកាវ៨វង់ កំពុងបញ្ជាកម្លាំងកម្មករធ្វើការនេសាទ ក្នុងដែនទឹកខេត្តសៀមរាប ហើយក៍បានផ្តល់លាភសក្ការៈ ដល់សមត្ថកិច្ច ជំនាញខេត្តសៀមរាបសមល្មមពួកគេធ្វើការនេសាទដោយល្មើសច្បាប់គ្មានកង្វល់នឹងសមត្ថកិច្ច ចាត់វិធានការណ៍ បង្ក្រាប។

ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា លោក សេង ហ៊ុង ហៅអាក្បាលដែក ឈ្មោះក្រៅនេះជារហសនាម ដែលសមត្ថកិច្ច មិនហ៊ាន ដោយគេក្អេងក្អាងថា មិនមានអ្នកណាហ៊ាន ដោយហេតុពួកគេបានផ្តល់ លាភសក្ការៈ ជូនជំនាញពាក់ព័ន្ធទៅតំបន់នោះ ពិសេសជំនាញរដ្ឋបាលជលផលលោក ព្រិន សាវិន ជានាយខណ្ឌរដ្ឋបាល ជលផលខេត្តសៀមរាបតែម្តង។

ទន្ទឹមនិងនោះផងដែរ ប្រជានេសាទលក្ខណៈគ្រួសារនៅតំបន់នោះបានរាយការណ៍ថា លោក ហុងក្បាលដែកនេះ បានយកឈ្មោះថ្នាក់ដឹកនាំមកប្រើ ធ្វើឲ្យអំណាចរបស់គេ កៀងគរអ្នកនេសាទជនជាតិណាមដូចគ្នា ដែលប្រើ ឧបករណ៍អួន អូសដោយកម្លាំងម៉ាស៊ីនខ្នាតធំនិងជនរុញឬហៅថាស៊ីប រាប់សិបគ្រឿងចូលទៅនេសាទ ក្នុងទឹកដី ខេត្តសៀមរាប បានយ៉ាងរលូន។

ដោយឡែកឈ្មោះ ជ្រីវ ជាឈ្មូញត្រីជនជាតិវៀតណាមនៅកំពង់ហ្លួងខេត្តពោធិសាត់ក៏បានឧបត្ថម្ភ និងរត់ការឲ្យអួន ចំនួន៤វង់ និងស៊ីបចំនួន៤គ្រឿងទៀត ទៅធ្វើការនេសាទនៅក្នុងដែនទឹកខេត្តសៀមរាប ចាប់ពីចំណុចខាងមុខ ក្អមសំណ ជាពិសេសនៅលើផ្ទៃទឹកនៃខេត្តសៀមរាបទាំងមូល ព្រមជាមួយអ្នកនេសាទល្មើសច្បាប់ ជាច្រើនទៀត។    

សេចក្តីរាយការណ៍ខាងលើបានបន្តថា សកម្មភាពវាយអួនទាំងនេះពិសេសបានធ្វើឲ្យនាយខណ្ឌរដ្ឋបាល ជលផល ខេត្តសៀមរាបទទួលបានចំណែកច្រើនជាងគេ ខណៈអួននីមួយៗរត់ការក្នុងមួយគ្រឿង១ម៉ឺនដុល្លាអាមេរិក ។ ទន្ទឹមនិងសេចក្តីរាយការណ៍ខាងលើនេះ បើតាមប្រជានេសាទលក្ខណៈគ្រួសារសុំមិនបញ្ចេញឈ្មោះបានអះអាងថា បច្ចុប្បន្នមានការនេសាទវាយអួន រាប់សិបគ្រឿង និងជនរុញ ឬស៊ីប ប្រមាណជាង៦០គ្រឿង បានកំពុងបញ្ចេញ សកម្មភាពនេសាទដោយម៉ាស៊ីនហ៊ុយទ្រលោម នៅលើផ្ទៃទឹកបឹងទន្លេសាប។ ករណីខាងលើនេះ សហការីសារ ពត៌មាន ដើមអម្ពិល មិនអាចទំនាក់ទំនងសុំការបំភ្លឺណាមួយពីលោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផល ខេត្តសៀមរាបបាននៅឡើយទេ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ។

ជុំវិញនិងការចោទ ប្រកាន់ថា មានការបើកដៃឲ្យក្រុមឈ្មួញជនជាតិវៀតណាមចូលរកស៊ីនេសាទ ដោយខុសច្បាប់ ក្នុងទឹកដីខេត្តសៀមរាប នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺពីមន្រ្តីជំនាញបាននៅឡើយ នោះទេ៕

បទល្មើសនេសាទ គ្រប់ប្រភេទ ទៅសម្រុក កើតមានយ៉ាង ​ពេញបន្ទុក លើផ្ទៃទឹកបឹង ទន្លេសាបខេត្តសៀមរាប

បទល្មើសនេសាទ គ្រប់ប្រភេទ ទៅសម្រុក កើតមានយ៉ាង ​ពេញបន្ទុក លើផ្ទៃទឹកបឹង ទន្លេសាបខេត្តសៀមរាប

បទល្មើសនេសាទ គ្រប់ប្រភេទ ទៅសម្រុក កើតមានយ៉ាង ​ពេញបន្ទុក លើផ្ទៃទឹកបឹង ទន្លេសាបខេត្តសៀមរាប