គិតពីឆ្នាំ២០១៤មក អូស្រ្តាលី បានជួយដល់កម្ពុជា មានទំហំទឹកប្រាក់ ជាង៨៩លានដុល្លារ

 ភ្នំពេញ៖ មិនថាប្រទេសទាំងពីរ មានស្ថានភាព បែបណានោះទេ ប្រទេសអូស្រ្តាលី បានប្តេជ្ញានឹងបន្តជួយ ដល់ប្រទេសកម្ពុជាលើគ្រប់វិស័យ ទាំងធនធាន បច្ចេកទេស និងបទពិសោធន៍ ដូចដែលបានធ្វើនាពេលកន្លងមក លើវិស័យអាទិភាពជាច្រើនដូចជា វិស័យសុខាភិបាល កសិកម្ម យុត្តិធម៌ ហេដ្ឋរចនាសម្ព័ន្ធ ពិសេសបានផ្តល់ អាហារូបរណ៍ដល់និស្សិតកម្ពុជា បានទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលីជាបន្តបន្ទាប់ និងជម្រុញឲ្យ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកស្រី អាលីសុន បូរ៉ូ(Alison Burrows) ឯកអគ្គរដ្ឋទូតអូស្រ្តាលីចប់អណត្តិប្រចាំកម្ពុជា បានថ្លែងយ៉ាង ដូចនេះនៅ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចសេនាវិបុលសាយ ឈុំ ប្រធានព្រឹទ្ធ សភាកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅវិមានព្រឹទ្ធសភា ។

លោកស្រីឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា មិនថាកាលៈទេសៈបែបណាទេ ប្រទេសទាំង ពីរបាន ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយគ្នា លើកកិច្ចការវិនិយោគ ទេសចរណ៍ ធនធានមនុស្ស និង វិស័យ សំខាន់ៗមួយចំនួនទៀត ដើម្បីពង្រឹងភាពជាដៃគូរជាមួយគ្នា រវាងប្រទេសទាំងពីរ ដែលគិតពីឆ្នាំ២០១៤ មកដល់ពេលនេះ អូស្រ្តាលីបានជួយដល់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណជាង៨៩លានដុល្លារអាមេរិក។

លោកស្រីសន្យាថា នៅពេលខាងមុខ អូស្រ្តាលី នឹងបង្កើនចំនួនអាហាររូបករណ៍ ដល់និស្សិតកម្ពុជា ក៏ដូចជា ជម្រុញដល់អ្នកវិនិយោគទុន និងប្រជាជន ឲ្យមកវិនិយោគ និងមកទស្សនាកំសាន្តនៅកម្ពុជា ឲ្យបានកាន់តែច្រើន ឡើងថែមទៀត។

ជាមួយគ្នានោះសម្តេច សេនាវិបុលភក្តី សាយ ឈុំ បានសម្តែងនូវអំណរគុណចំពោះអូស្រ្តាលី ដែលតែងតែជួយ ដល់ប្រទេសកម្ពុជានាពេលកន្លងមក ។ សម្តេចស្នើឲ្យបន្តនឹងបង្កើនចំនួន អាហាររូបករណ៍នេះឲ្យបានច្រើន ថែមទៀត ព្រោះកម្ពុជាពិតជាត្រូវការធនធានមនុស្សក្នុងការចូលរួមកសាង អភិវឌ្ឍន៍ប្រទេសទាំងក្នុងពេល បច្ចុប្បន្ន និងទៅអនាគត។ ជំនួយរបស់អូស្រ្តាលី ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជា ពិសេសការជួយបង្កើនធនធានមនុស្ស សុខភាពអនាម័យ ហេដ្ឋរចនាសម្ព័ន្ធ វិនិយោគ ទេសចរណ៍ កសិកម្ម និងប្រព័ន្ធយុត្តិធម៌ជាដើម៕

គិតពីឆ្នាំ២០១៤មក អូស្រ្តាលី បានជួយដល់កម្ពុជា មានទំហំទឹកប្រាក់ ជាង៨៩លានដុល្លារ

គិតពីឆ្នាំ២០១៤មក អូស្រ្តាលី បានជួយដល់កម្ពុជា មានទំហំទឹកប្រាក់ ជាង៨៩លានដុល្លារ