ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ទាក់ទង​ករណី​ឃាតកម្ម នៅលើ​ស្ពាន​អ្នក​លឿង​

ព្រៃវែង:  កម្លាំង​នគរបាល​ការិយាល័យ កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដឹកនាំ​ដោយ​លោក​ឧ​ត្ត​សេនីយ៍​ត្រី សេង សុភ​ក្តិ ស្នងការ​​រង ជាមួយនឹង​កម្លាំង​អធិការនគរបាល ស្រុក​ពាម​រក៍ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល បាន​បើក​កិច្ចប្រតិបត្តិការ ស្រាវជ្រាវ​មុខសញ្ញា​ជនសង្ស័យ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នៅលើ​ស្ពាន​អ្នក​លឿង ត្រង់ចំណុច​ខាងលិច ដោយបាន​ឃាត់ខ្លួន ជនសង្ស័យ​បាន​៣​នាក់​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ បានធ្វើ​ឡើង នៅ​ល្ងាច ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង សុភ​ក្តិ ស្នងការរង បានបញ្ជាក់​បន្ថែមថា​៖ ក្រោយ​កិច្ចសហប្រតិបត្តិការ ស៊ើបអង្កេត​ស្រាវជ្រាវ សមត្ថកិច្ច​នគរបាល កំណត់​បាន​មុខសញ្ញា ជា​ជនសង្ស័យ ពាក់ព័ន្ធ​ទៅនឹង​ការប្រព្រឹត្ត​បទល្មើស​ខាងលើ រួមមាន​៖ ១-​ឈ្មោះ ឃ្លី វិចិត្រ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ​, ២-​ឈ្មោះ ឃ្លី ឡាយ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ និង​៣- ឈ្មោះ ឃ្លី ស្រស់ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ​។ ជនសង្ស័យ​ទាំង​៣​នាក់ រស់នៅ​ភូមិ​ឧ​ត្ត​ម ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង វត្ថុតាង​ដែល​ដកហូត​បាន រួមមាន ម៉ូតូ​១​គ្រឿង និង​ផ្លែ​ដែកឆាប​ចំនួន​១​។​

​ក្រោយ​ការសួរនាំ​តាម​ជំនាញ​រួចមក ជនសង្ស័យ​៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​យ៉ាងពិត​ប្រាកដ នៃ​អំពើ​ឃាតកម្ម​មួយ​នេះ នឹង​ស្ថិតក្រោម​ការសាកសួរ​ប​ន្ត នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង ទៅ​តុលាការ ចាត់ការ​តាម​នីតិ​វិធ​បន្តទៀត​។ ចំណែក​៣​នាក់​ផ្សេងទៀត សមត្ថកិច្ច​កំពុង សួរនាំ​បន្តទៀត​។

​សូម​រំលឹកថា នៅ​យប់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ មុនពេល​កើតហេតុ មាន​ក្រុម​ចុងភៅ​ពីរ​ក្រុម រស់នៅ​ក្រុង​ព្រៃវែង បាន​ទៅធ្វើ​ចុងភៅ​ពីរ​កន្លែង ខាង​អ្នក​លឿង​ត្រើយ​កើត ក្នុងនោះ​មាន​ចុងភៅ​មួយក្រុម បាន​ទៅធ្វើ​ម្ហូបអាហារ​ឡើង គេហដ្ឋាន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង សុភ​ក្តិ ស្នងការរង​ខេត្ត បាន​បបួលគ្នា​ជិះ​
​រថយន្ត​ដើរលេង លើ​ស្ពាន​អ្នក​លឿង ដោយ​ជិះ​ពី​ត្រើយ​ខាងកើត ទៅ​ត្រើយ​ខាងលិច ក្នុង​ទឹកដី​ស្រុក​លើកដែក ខេត្តកណ្តាល វង់​មួយ​ជុំ ក៏​មកដល់​លើ​ស្ពាន​ឈប់​រថយន្ត ។​

​ចុះ​លេង​នៅលើ​ស្ពាន ភ្លាមនោះ មាន​ក្មេង​ទំនើង មួយក្រុម​ទៀត​ជិះ​ម៉ូតូ មក​ឈប់​លើ​ស្ពាន ឈរ​នោម ខាងជើង រួច​ក្រុម​ជិះ​ម៉ូតូ​សួរថា ពួក​ឯង​មកពី​ខាង​ណា ជិះឡាន​មក​សុទ្ធតែ​អត់​អាវ​ពាក់ រួច​ក៏​ប្រកែក​គ្នា​ចុះឡើងៗ ឈានទៅដល់​វាយ​គ្នា ហើយ​ក្នុងពេល​វាយ​គ្នា គាប់​ជួន​មាន​រថយន្ត​អ្នកដំណើរ បើកបរ​ឆ្លងកាត់ ក៏​ខាង​ចុងភៅ​រត់ឡើង​រថ​យន្ត បើក​ចេញ ហើយ​ជនរងគ្រោះ រត់​មិនទាន់​នៅក្រោយ​គេ ត្រូវ​ក្រុម​ខាង​ជិះ​ម៉ូតូ មាន​សម្ភារៈ ដែកឆាប ដំបង ដាវ ជាដើម​នោះ បាន​វាយ កាប់​ចាក់​រហូតដល់​ស្លាប់​តែម្តងទៅ​។​

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​នគរបាល កំពុង​បំពេញ​សំណុំបែបបទ បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់ ៕V​/S

ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ទាក់ទង​ករណី​ឃាតកម្ម នៅលើ​ស្ពាន​អ្នក​លឿង​