​រដ្ឋមន្ដ្រីក្រសួង​អប់រំ ចំណាយពេល​ច្រើន​ឆ្នាំ ចងក្រង​សៀវភៅ​ស្ដីពី «​សេដ្ឋកិច្ចកម្ពុជា​» មាន​ពីរ​ភាសា​

ភ្នំពេញ​: សៀវភៅ​ស្ដីពី «​សេដ្ឋកិច្ចកម្ពុជា​» ដែល​លោក​រដ្ឋមន្ដ្រី ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចំណាយពេល អស់​ជាច្រើន​ឆ្នាំ ដោយ​ផ្ដោត​សំខាន់ ទៅលើ​បញ្ហា​សេដ្ឋកិច្ចកម្ពុជា​នេះ មាន​ពីរ​ភាសា ដែលមាន​ជា​ភាសា​អង់គ្លេស ជាង ៣០០​ទំព័រ និង​ជា​ភាសា​ខ្មែរ ជាង ៥០០​ទំព័រ​។​

​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​ពិធី​ផ្សព្វផ្សាយ សៀវភៅ​ស្ដីពី «​សេដ្ឋកិច្ចកម្ពុជា​» កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សាកល វិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​បាន​ចែករំលែក​នូវ បទពិសោធន៍​ជាច្រើន ដែល​លោក​ធ្លាប់​ឆ្លងកាត់ ជាច្រើន​ឆ្នាំ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាង​១៥​ឆ្នាំ​មកនេះ និង​បទពិសោធន៍ ជាច្រើន​ទៀត ជូន​ដល់​មហាជន​ទាំងអស់​។​

​លោក​រដ្ឋមន្ដ្រី បាន​ថ្លែងថា សៀវភៅ​នេះ គឺ​បង្ហាញ​ពី​តួនាទី​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី​កម្ពុជា ក្នុងការ​សម្រេចបាន នូវ​សន្ដិភាព នៅ​កម្ពុជា ពិសេស​សន្ដិភាព​អំឡុង ឆ្នាំ​១៩៩៨-១៩៩៩ បើ​គ្មាន​សន្ដិភាព​នេះ​ទេ យើង​មិនអាច​អនុវត្ដ​បានទេ​, ទី​២ ចែករំលែក​បទពិសោធ​ន៍ ដែល​បាន​បំពេញការងារ ជាង ១៥​ឆ្នាំ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ពី​ការ​ចងក្រង​សៀវភៅ​មួយ​ក្បាល​នេះ ឲ្យ​យុវជន​កម្ពុជា បាន​យល់ដឹង តើ​ការអភិវឌ្ឍ​នេះ វា​ឆ្លងកាត់​ដំណាក់កាល​អី​ខ្លះ បញ្ហា​ប្រឈម​អ្វីខ្លះ ហើយ​កត្ដា​អ្វីខ្លះ​ដែល​ឲ្យ​យើង អភិវឌ្ឍន៍​បានល្អ​ប្រសើរ តើ​ថ្ងៃមុខ​ទៀត មាន​បញ្ហា​អី​ខ្លះ ដែល​ធ្វើ​ឲ្យ​យើង ចេះ​ដោះស្រាយ ដើម្បី​ឈានទៅរក ការអភិវឌ្ឍ​ថ្មី​ទៀត​។​

​លោក​រដ្ឋមន្ដ្រី បាន​ថ្លែងថា សៀវភៅ​នេះ បាន​ផ្ដោត​សំខាន់​ទៅលើ ការអភិវឌ្ឍ​គ្រប់ផ្នែក​តែម្ដង មាន​តាំងពី​ប្រជាជន ម៉ាក្រូសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស អប់រំ សុខាភិបាល និង​ផ្សេងៗ​ជាច្រើន​ទៀត ជាពិសេស​ជុំវិញ​អាស៊ាន​តែម្ដង ហើយ​ចំណុច​សំខាន់ ដែល​សៀវភៅ​នេះ ចង់បង្ហាញ​ជាងគេ​នោះ គឺ​អាស៊ាន ឲ្យ​ប្រជាជន​កម្ពុជា យល់​កាន់តែច្បាស់ ដើម្បី​ឲ្យ​ដឹងថា កម្ពុជា​ចូល​សមាហរណកម្ម​អាស៊ាន ចុងឆ្នាំ​២០១៥​នេះ យើង​ចំណេញ និង​បាត់បង់​អ្វីខ្លះ​នោះ ពិសេស​ចរន្ដ​លំហូរ​ចេញចូល ទៅវិញទៅមក ទាំង​ការងារ ធនធានមនុស្ស និង​ទំនិញ ក្នុងកំឡុងពេល​នោះ ដែល​ចំណេះដឹង​ទាំងអស់ នៅ​ខាងក្រោយ​គេ សៀវភៅ​នេះ​តែម្ដង​។​

​លោក​រដ្ឋមន្ដ្រី បាន​បន្ថែមថា ជាងនេះទៅទៀត សៀវភៅ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា ជា​មាគ៌ា​ឆ្ពោះ ទៅ​អនាគត​ដ៏​ភ្លឺស្វាង វឌ្ឍនភាព បញ្ហា​ប្រឈម និង​ទស្សនវិស័យ​ទៅ​អនាគត គឺជា​ការខិតខំ​ដ៏​ក្លាហាន​មួយ ដើម្បី​បកស្រាយ និង​ពន្យល់​ពី​ដំណើរ​នៃ​វិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា ក្នុង​រយៈពេល ២​ទសវត្សរ៍​កន្លងមក នូវ​ទិដ្ឋភាព​នៃ​កែវភ្នែក​របស់​អ្នកនិពន្ធ ដែលជា​អ្នកសិក្សា​ស្រាវជ្រាវ​ផង និង​អ្នក​អនុវត្ដ​ផ្ទាល់​ផង​៕V​/S

​រដ្ឋមន្ដ្រីក្រសួង​អប់រំ ចំណាយពេល​ច្រើន​ឆ្នាំ ចងក្រង​សៀវភៅ​ស្ដីពី «​សេដ្ឋកិច្ចកម្ពុជា​» មាន​ពីរ​ភាសា​

​រដ្ឋមន្ដ្រីក្រសួង​អប់រំ ចំណាយពេល​ច្រើន​ឆ្នាំ ចងក្រង​សៀវភៅ​ស្ដីពី «​សេដ្ឋកិច្ចកម្ពុជា​» មាន​ពីរ​ភាសា​