10​ខែ​ដើមឆ្នាំ​2015 ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​កើនឡើង​17%

រាជធានី​ភ្នំពេញ ៖ រយៈពេល​១០​ខែ (​មក​រា​-​តុលា​)​ក្នុង​ឆ្នាំ​២០១៥​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​កម្ពុជា បាន​កើនឡើង​ប្រមាណ​៧​ទៅ​៨​លាន​ដុល្លារ ស្មើនឹង​ប្រមាណ​១៧% ។ នេះ​បើ​យោង​តាម​អ្នកបកប្រែ​ក្រៅផ្លូវការ​មួយ​ដែល​មន្ត្រី​កុងស៊ុល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចិន លោក Song Xiaoguo បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​អគារ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចិន ក្នុង​រាជធានី​ភ្នំពេញ ។

លោក Song Xiaoguo បន្ត​ថា ៖ « បើ​យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (CDC) បញ្ជាក់​ថា ទំហំ​ទឹកប្រាក់​វិនិយោគទុន​របស់​ចិន​បាន​ដាក់​វិនិយោគ​នៅ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៥៥.៩០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ប៉ុ​ន្តែ​សម្រាប់​ទំនិញ​របស់​កម្ពុជា​នាំ​ចូល​ទៅ​កាន់​ប្រទេស​ចិន​វិញ​មាន​ប្រមាណ​ជា​៥៥៣​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ រីឯ​ផ្នែក​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​បាន​កើនឡើង​ចាប់ពី​៥០០ ដល់​៦០០​រោងចក្រ​ក្នុង​ឆ្នាំ​២០១៥ » ។

លោក​បន្ថែម​ថា ៖ « កម្ពុជា​បាន​នាំ​អង្ករ​ទៅ​ចិន​មាន​ចំនួន​១០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៤ ។ ពេល​នេះ​ភាគី​ទាំង​ពីរ​កំពុង​ចរចា​គ្នា​រវាង​ក្រសួងកសិកម្ម និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​នាំ​ចេញ​ពោត ចេក សណ្តែកសៀង និង​ស្វាយ​ទៅ​កាន់​ប្រទេស​ចិន ។ នៅ​ពេល​ណា​មាន​កិច្ចព្រមព្រៀង​ឬ​ការ​យល់ព្រម ទំនិញ​ទាំងនេះ​មិន​ចាំបាច់​ឆ្លងកាត់​ប្រទេស​ថៃ និង​វៀតណាម​ទេ គឺ​ចូល​ទៅ​ចិន​ផ្ទាល់​តែ​ម្តង » ។

លោក​បញ្ជាក់​ថា ៖ « ក្រុមហ៊ុន​កែ​ច្នៃ​អង្ករ ដំឡូង​មី ក្រុមហ៊ុន​ដាំ​ចម្ការ​កៅស៊ូ (​ខ្វាង​ទុង​) គឺ​ស្ថិត​ក្នុង​ខេត្តរតនគិរី ។ ក្រុមហ៊ុន​ចិន​កំពុងធ្វើការ​វិនិយោគទុន​យ៉ាង​ទូលំ​លាយ​នៅ​កម្ពុជា ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​ភាគី​ចិន ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ កាលពី​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៥ ដើម្បី​វិនិយោគ​ក្នុង​វិស័យ​កៅស៊ូ » ។

លោក Song Xiaoguo មាន​ប្រសាសន៍​ទៀត​ថា ៖ « ភាគី​ចិន​កំពុង​សហការ​ជាមួយ CDC ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ចិន​មក​កម្ពុជា ធ្វើ​យ៉ាងណា ឲ្យ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​មានការ​រីក​ចម្រើន​ថែម​ទៀត ។ ប្រទេស​ចិន​មិន​ត្រឹមតែ​ធ្វើការ​វិនិយោគ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​ជំនួយ​ឥត​សំណង និង​ឥណទាន​ផង​ដែរ ហើយ​ក្នុង​ឆ្នាំ​២០១៥​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្ពោធ​សមិទ្ធផល​ចំនួន​៧ ដែល​ចិន​បាន​ជួយ​ដល់​កម្ពុជា » ។

លោក​បន្ត​ថា ៖ « ចិន​បាន​ជួយ​កសាង​មហាវិទ្យាល័យ​កសិកម្ម​នៅ​ខេត្តក្រចេះ សម្រាប់​និស្សិត​កម្ពុជា​បាន​សិក្សា​ស្រាវជ្រាវ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ចិន​បាន​យកចិត្តទុកដាក់​ចំពោះ​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ។ ក្នុង​នោះ​មាន​គម្រោង​កសាង​វា​រី​អគ្គិសនី​មួយ​ដែល​មាន​ទឹកប្រាក់​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ទន្លេសេសាន ដែល​គម្រោង​នេះ​នឹង​ចាប់ផ្តើម​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ហើយ​ប្រទេស​ចិន​ក៏​បាន​ជួយ​សាងសង់​ស្ពាន​ចំនួន​៧ ដល់​កម្ពុជា​ផង​ដែរ ។ ចំណែក​នៅ​ខេត្ត​បាត់ដំបង ចិន​បាន​ផ្តល់​ប្រព័ន្ធ​ស្រោចស្រព​ចំនួន​១២​កន្លែង​ដល់​ពលរដ្ឋ​កម្ពុជា​ទុក​ប្រើប្រាស់​ស្រោច​ដំណាំ និង​ដីស្រែ​ចម្ការ ។ លើស​ពី​នេះ​ទៀត នៅ​មាន​គម្រោង​ផ្លូវ​ហា​យ​វ៉េ​ពី​ក្រុងភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ក៏​កំពុង​តែ​ដំណើរការ​ហើយ​ដែរ ។ ជាមួយ​គ្នា​នេះ ក៏​មាន​ក្រុម​វិនិយោគ​បាន​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​ទឹក​កខ្វក់ និង​សំរាម​នៅ​ប្រទេស​កម្ពុជា តែ​មិន​ទាន់​បាន​ដំណើរការ​ជា​គម្រោង​នៅឡើយ​ទេ » ។

លោក​បន្ថែម​ថា ៖ « ចិន​បាន​ផ្តល់​ជំនួយ​ក្នុង​ការ​ផលិត​ឡ​ជីវសាស្ត្រ​នៅ​ខេត្ត​មួយ​ចំនួនសម្រាប់​ឲ្យ​ប្រជាជន​ប្រើ​ដើម្បី​បង្កើត​ជា​ខ្យល់​ហ្គា​ស ដុត​ចង្កៀង​បំភ្លឺ ដែល​គម្រោង​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​សប្បាយ​រីករាយ​ណាស់​។ ជំនួយ​នេះ​ពិតជា​មាន​សារសំខាន់​សម្រាប់​ស្ត្រី​មេផ្ទះ​ដែល​ត្រូវការ​ភ្លើង និង​ក្មេង​ៗ​មាន​ភ្លើង​អាន​សៀវភៅ​ពេល​យប់​ទៀត​ផង » ។

ក្រៅពី​នេះ ចិន​ក៏​បាន​ជួយ​សាងសង់​ពហុ​កីឡដ្ឋាន​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​ខាង​មុខ ដែល​ស្តា​ត​នេះ​អាច​ដាក់​បាន​មនុស្ស​ចំនួន​៦​ម៉ឺន​នាក់ ។
លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ រដ្ឋមន្ត្រី​ប្រចាំការ និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​ថា ៖ « នៅ​ក្នុង​ឆ្នាំ​២០១៤ បើ​គិត​ទៅ​លើ​វិស័យ​វិនិយោគ​បរទេស​នៅ​កម្ពុជា​វិញ តួលេខ​នៃ​លំហូរ​វិនិយោគ​របស់​ចិន​មក​កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​មួយ » ។

លោក​ឧបនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ « សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ចិន​បាន​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ និង​គាំទ្រ​លើ​វិស័យ​អាទិភាព​សំខាន់​ៗ​ដូច​ជា ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត ថាមពល កសិកម្ម ធារាសាស្ត្រ អប់រំ សុខាភិបាល ពាណិជ្ជកម្ម និង​សុខុមាលភាព​សង្គម ។ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០១ ដល់​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០១៥​នេះ ប្រទេស​ចិន​បាន​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ប្រភេទ​ហិរញ្ញប្បទាន​ឥណ​សំណង​, ឥណ​ទាន​ឥត​ការ​ប្រាក់​, ឥណទាន ជា​ប្រាក់​យន់​ចិន និង​ឥណទាន​ប្រាក់​ដុល្លារ​អា​មេ​រិ​ក  សរុប​ប្រមាណ​ជា​៣.៧២១​លាន​អា​មេ​រិ​ក ។ ទឹកប្រាក់​ទាំងនេះ​បាន​ផ្តោត​ទៅ​លើ​វិស័យ​៤ រួម​មាន ៖ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត ថាមពល កសិកម្ម​ធារាសាស្ត្រ និង​សុខុមាលភាព សហគមន៍ ។ ក្នុង​វិស័យ​ទាំងនេះ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត គឺជា​វិស័យ​ចម្បង​ដែល​ទទួល​បានការ​ផ្តល់​ហិរញ្ញប្បទាន​ច្រើន​ជាងគេ​។ ហិរញ្ញប្បទាន​ទាំងនេះ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ត្រឹមត្រូវ​ប្រកបដោយ​តម្លាភាព និង​គណនេយ្យ​ភាព​ចំពោះ​អ្នក​ជាប់ពន្ធ​ចិន និង​ប្រជាជន​កម្ពុជា ដែល​បាន​បម្រើ​ឲ្យ​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ជា​ពិសេស បម្រើ​ឲ្យ​ដំណើរការ​សមាហរណកម្ម​ផ្ទៃក្នុង​ប្រទេស និង​ក្នុង​តំបន់​របស់​កម្ពុជា ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​គោលនយោបាយ « ខ្សែក្រវាត់​មួយ វិ​ថី​មួយ​របស់​សាធារណរដ្ឋ​ប្រជា​មានិ​ត​ចិន » ៕