ការពារជាតិ​កំពុង​ពិចារណា​ជា​ថ្មី លើ​ខ្សែ​ប្រយុទ្ធ​កូរ៉េខាងជើង ២​នាក់

ការពារជាតិ​កំពុង​ពិចារណា​ជា​ថ្មី លើ​ខ្សែ​ប្រយុទ្ធ​កូរ៉េខាងជើង ២​នាក់

ក្លឹប​ក្រសួង​ការពារជាតិ​កំពុង​ពិចារណា​ជា​ថ្មី​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ជា​យុវជន​កូរ៉េខាងជើង២​នាក់ មក​ពង្រឹង​ក្រុម​សម្រាប់​លីក​កំពូល​កម្ពុជា​រដូវ​កាល​២០១៦ ​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ខែ​កុម្ភៈ​ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ទេព ឡុងរចនា គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារជាតិ។

 

ការពារជាតិ​កំពុង​ពិចារណា​ជា​ថ្មី លើ​ខ្សែ​ប្រយុទ្ធ​កូរ៉េខាងជើង ២​នាក់
លោក ទេព ឡុងរចនា

 

លោក ទេព ឡុងរចនា បាន​បញ្ជាក់​ថា ក្លឹប​ក្រសួង​ការពារជាតិ​បាន​ចរចា​រួច​ហើយ​ក្នុង​ការ​នាំ​យក​កីឡាករ​ជា​យុវជន​ជម្រើស​ជាតិកូរ៉េ​ខាង​ជើង​២​នាក់ ប៉ុន្តែ​លក្ខខណ្ឌ​តឹងតែង​ពេក​​ដែល​កំពុង​ធ្វើ​ឲ្យ​ក្លឹប​ពិចារណា​ជា​ថ្មី។ គ្រូ​បង្វឹក​ដឹក​នាំ​ក្រុម​ជាប់​ចំណាត់​ថ្នាក់​លេខ៥ ក្នុង​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា​បាន​បន្ថែម​ទៀត​ថា ប្រសិន​បើ​កីឡាករ​កូរ៉េខាងជើង​ទាំង ២​រូប​មក​លេង​នៅ​កម្ពុជា គេ​តម្រូវ​ឲ្យ​មាន​មនុស្ស​ម្នាក់​ផ្សេង​ទៀត​មក​តាម​មើល​ជាមួយ ដែល​ជា​បន្ទុក​ចំណាយ​ច្រើន​សម្រាប់​ក្លឹប។ ដូច​នេះ​ហើយ ទើប​ក្លឹប​កំពុង​ពិចារណា​បន្ត​ថា ​ត្រូវ​ចាយ​លុយ នាំ​យក​ពួក​គេ​មក​លេង​ឬ​យ៉ាង​ណា។

 

​ក្លឹប​ក្រសួង​ការពារជាតិ មាន​លក្ខណៈ​ខុស​ប្លែក​ពី​ក្លឹប​ដទៃ​ទៀត​ត្រង់​មិន​ប្រើ​កីឡាករ​ជា​ជន​ជាតិ​អឺរ៉ុប ឬ​អាហ្វ្រិក​ឡើយ ពោល​គឺ​ប្រើ​តែ​កីឡាករ​ជនជាតិ​អាស៊ី​ប៉ុណ្ណោះ។ គោលការណ៍​បែប​នេះ​បាន​នាំ​ឲ្យ​ក្លឹប​ពិបាក​ជ្រើស​រើស​កីឡាករ​មក​ពង្រឹង​ក្រុម។ ក្នុង​រដូវ​កាល​២០១៥ ក្លឹប​ក្រសួង​ការពារ​ជាតិ​មាន​កីឡាករ​បរទេស​ជា​ជន​ជាតិ​ជប៉ុន និង​កូរ៉េខាងត្បូង ដែល​អាច​ជួយ​ក្រុម​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ៥។

 

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Kazuki Tatsuta បាន​ចប់​កុងត្រា​ជា​មួយ​ក្លឹប​ក្រសួង​ការពារជាតិ​ហើយ ប៉ុន្តែ​កំពុង​ចរចា​ដើម្បី​ត​កុងត្រា​ថ្មី ខណៈ​កីឡាករ​រូប​នេះ​មាន​ការ​រា​រែក​ចិត្ត​បន្តិច​​បន្ទាប់​ពី​ជួយ​លេង​ឲ្យ​បឹងកេត​បាន ៣​ប្រកួត​រួច​មក។ ចំណែក​ខ្សែ​បម្រើ Kim Jeong Ho បាន​ចប់​កុងត្រា ត្រលប់​ទៅ​ស្រុក​កំណើត​នៅ​កូរ៉េខាងត្បូង​វិញ​ហើយ។ ចំពោះ​ខ្សែ​ការពារ Taku Yanagidate មាន​បំណង​ចង់​ជួយ​ក្រុម​បន្ត ហើយ​ក្លឹប​កំពុង​រៀប​ចំ​កុងត្រា​ថ្មី៕

 

ការពារជាតិ​កំពុង​ពិចារណា​ជា​ថ្មី លើ​ខ្សែ​ប្រយុទ្ធ​កូរ៉េខាងជើង ២​នាក់
ក្រុម​ក្រសួងការពារជាតិ

អត្ថបទ៖ គង់ វិសាល