​លោក ហ៊ុន ម៉ា​ណែ​ត បដិសេធ​ព័ត៌មាន​វៀតណាម​មាន​ផែន​ការយក​ទឹកដី​ខ្មែរ

​រាជធានី​ភ្នំពេញ​៖​មេបញ្ជាការរង​កងទ័ព​ជើងគោក លោក ហ៊ុន ម៉ា​ណែ​ត និង​ជា​កូនប្រុស​ច្បង​សម្តេច ហ៊ុន សែន បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែលថា​វៀតណាម​មាន​ផែនការ​លេប​យក​ទឹកដី​ខ្មែរ តាមរយះ​បញ្ជូន​ជនអន្តោប្រវេសន៍​ចូលមក​រស់នៅក្នុង​ទឹកដី​កម្ពុជា​។ ប៉ុន្តែ​លោក​ថា ផែនការ​នោះ​វា​ទៅ​អត់​រួច​ទេ​។ 

​    ​លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា រដ្ឋាភិបាល​បាន​បង្កើន​ការ​រឹតបន្តឹង​ច្បាប់​អន្តោប្រវេសន៍​តាមរយៈ ការចាត់វិធានការ​ជនបរទេស​ខុសច្បាប់​នៅ​កម្ពុជា ។ ការ​ថ្លែង​សារ​បែប​នោះ​គឺ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក សម្តេច ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ​បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​មួយរយៈ​ពេល​ជិត​១០​នាទី ខណដែល​លោក ហ៊ុន ម៉ា​ណែ​ត ថ្លែង​សំណេះសំណាល​របស់លោក ហ៊ុន ម៉ា​ណែ​ត ពេល​ទៅ​បំពេញ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស​។ 

​    ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​ប្រទេស​ណា​ក៏មាន​អន្តោ​ប្រ​វែ​សន៍​ស្របច្បាប់ និង​ខុសច្បាប់ ដែរ​ដូចជា​នៅ​សហរដ្ឋអាមេរិក​ជា​ឧទាហរណ៍​។ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​រដ្ឋាភិបាល​មាន​យន្តការ​ច្បាប់​ត្រឹមត្រូវ តាមរយៈ​ការត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​។ ជាក់ស្តែង​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ចាប់បញ្ជូន​ជនបរទេស​ទៅ​ប្រទេស​ខ្លួន​វិញ​ជា​បន្តបន្ទាប់ ។ 

​    ​លោក ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា កាលពី​ថ្ងៃមុន ខ្ញុំ​ជួប​អ៊ុំ​មួយ គាត់​វាយ​Message(​សារ​)​មក​ខ្ញុំ​តាម​ហ្វេ​ស​ប៊ុ​ក​Inbox(​ប្រអប់​សំបុត្រ ហ្វេ​ស​ប៊ុ​ក​)​។ គាត់​ថា​ណែ​ឥឡូវ​វៀតណាម​មាន​ផែនការ​មក​យក​ដី​ខ្មែរ ឥឡូវ​គេ​បញ្ជូន​ប្រជាជន​គេ​មួយ​លាន​នាក់​ណា ចូលមក​ហើយ​ដាក់​ផែនការ​ឲ្យ​មួយ​នាក់​កើតកូន​១២ ដើម្បី​ធ្វើ​ឲ្យ​យ៉ាង​ឲ្យ​កើន​១២​លាន ហើយ​ខ្មែរ​យើង​កាន់តែ​ថយ​ទៅ​”​។ ប៉ុន្តែ​លោក​អះអាងថា នេះ​ជា​ព័ត៌មាន​មិន​ពិត ដោយ​លោក​ពន្យល់ថា​ប្រជាជន​កម្ពុជា​បានកើត​ហូរហែ​ជា​បន្តបន្ទាប់​ច្រើនជាង ប្រជាជន​វៀតណាម​។ 

​    ​លោក​មានប្រសាសន៍ថា​៖ ចូល​យក​ដី​តាមរយៈ​អន្តោ​ប្រ​វែ​សន៍ ការបង្កើត​កូន​ច្រើន​ឬមួយ​ក៏​អី​ផ្សេងៗ​នេះ គឺ​វា​ទៅ​អត់​រួច​ទេ ហើយ​សំខាន់​គឺ​វិធានការ​ច្បាប់​ដែល​យើង​បាន​រឹតបន្តឹង​ធ្វើ​អន្តោ​ប្រ​វែ សន៍​នេះឯង​៕ 

​លោក ហ៊ុន ម៉ា​ណែ​ត បដិសេធ​ព័ត៌មាន​វៀតណាម​មាន​ផែន​ការយក​ទឹកដី​ខ្មែរ