កំណើន GDP ចិន​នឹង​ថមថយ​ក្នុងអំឡុងពេល​2​ឆ្នាំ​ក្រោយ

ប្រទេស​ចិន ៖ យោង​តាម​ទិន្នន័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​ពិភពលោក ដែល​ចេញផ្សាយ​ដោយ​បណ្ឌិតសភា​វិទ្យា​សង្គម​ក្រុង​សៀង​ហៃ​បង្ហាញ​ថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​អាច​នឹង​ថមថយ​មក​នៅ​ត្រឹម​៦,៧៨%​នៅ​ឆ្នាំ​ក្រោយ និង​៦,៥១%​ក្នុង​ឆ្នាំ​២០១៧ ធៀប​នឹង​អត្រា​៦,៩% នៅ​ឆ្នាំ​២០១៥ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ការ​នាំ​ចេញ​របស់​ប្រទេស​នេះ​ប្រហែលជា​មាន​ស្ថិរភាព​នៅ​ឆ្នាំ​ក្រោយ ចំណែក​ការ​ប្រើប្រាស់​នឹង​ប្រសើរ​ឡើង ។ ប៉ុន្តែ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​នឹង​កាន់តែ​ចុះ​ខ្សោយ​ថែម​ទៀត​ក្នុង​កម្រិត​ទាប​ជាង​មុន​នៃ​ក្រុមហ៊ុន​សាជីវកម្ម និង​ការ​វិនិយោគ​លើ​ផ្នែក​នេះ ។

លោក Quan Heng អគ្គនាយករង​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​ពិភពលោក​ក្រោម​ចំណុះ​បណ្ឌិតសភា​ខាងលើ ដែល​ជា​អង្គភាព​រួមចំណែក​ចងក្រង​របាយការណ៍​នេះ​បញ្ជាក់​ថា ៖ « វិស័យ​ផ្សេង​ៗ​អាច​មាន​វត្តមាន​នូវ​ប្រតិបត្តិការ​ខុស​ប្លែក​ពី​គ្នា ហើយ​ថែម​ទាំង​ប្រែប្រួល​ផ្អែក​តាម​លក្ខខណ្ឌ​ខាងក្រៅថែម​ទៀត​ផង​ដូច​ជា តម្លៃ​ទំនិញ​នៅ​លើ​ពិភពលោក គោលនយោបាយ​ភូមិសាស្ត្រ និង​ទំនាក់ទំនង​របស់​ចិន​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ស្នូល​របស់​ខ្លួន » ។

របាយការណ៍​ឲ្យ​ដឹង​ថា ចិន​អាច​នឹង​រង​សម្ពាធ​សា​ជា​ថ្មី​ក្នុង​ការ​កាត់​បន្ថយ​សមត្ថភាព​លើស​ផ្នែក​ឧស្សាហកម្ម​នៅ​ឆ្នាំ​ក្រោយ ស្រប​នឹង​ការ​ធ្វើ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ។ ប្រទេស​ចិន​អាច​កាត់​បន្ថយ​ទិស​ដៅ​សម្រាប់​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​ក្រោយមក​ត្រឹម​៦,៥% ពី​រង្វង់​៧% នៅ​ឆ្នាំ​២០១៥ ។

លោក Quan Heng បន្ថែម​ថា ៖ « សេដ្ឋកិច្ច​របស់​ចិន​បាន​ប្រសើរ​ឡើង​បន្តិច​ម្តង​ៗ​ជាមួយនឹង​លក្ខខណ្ឌ​នៃ​តម្រូវការ​ពិភពលោក ខណៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​អាច​នឹង​ចុះ​ខ្សោយ​បន្តិច​នៅ​ឆ្នាំ​២០១៦ រួម​នឹង​ភាព​ប្រែប្រួល​នៃ​ប្រតិបត្តិការ​ក្នុង​តំបន់​មួយ​ចំនួន » ។

របាយការណ៍​បង្ហាញ​ទៀត​ថា សេដ្ឋកិច្ច​សកលលោក​ត្រូវ​បាន​គេ​សម្លឹង​ឃើញ​នូវ​កំណើន​៣,២៤%​នៅ​ឆ្នាំ​២០១៦ និង​៣,៤៣%​នៅ​ឆ្នាំ​២០១៧ បន្ទាប់​ពី​ការ​ពង្រីក​បាន​៣%​ក្នុងឆ្នាំនេះ ។

បណ្តា​ប្រទេស​រើប​ឡើង​នៃ​ទីផ្សារ​ដូច​ជា ប្រេ​ស៊ី​ល រុ​ស្ស៊ី និង​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​កណ្តាល អាច​សម្លឹង​ឃើញ​នូវ​ភាព​អវិជ្ជមាន​នៃ​សេដ្ឋកិច្ច ប៉ុន្តែ​អាហ្វ្រិក​ខាងត្បូង ឥណ្ឌា និង​ម៉ិ​ក​ស៊ិ​ក នឹង​មានដំណើរ​ការ​សេដ្ឋកិច្ច​វិជ្ជមាន​។ ចំណែក​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ដូច​ជា សហរដ្ឋអាមេរិក​ជាដើម​អាច​នឹង​រើប​ឡើង​ក្នុង​កម្រិត​មធ្យម ឬ​កណ្តាល​តែ​ប៉ុណ្ណោះ ៕