កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​ផលិតផល​គុណភាព​ខ្ពស់​ជា​លើក​ដំបូង​នៅ​ដើមឆ្នាំ​2016

រាជធានី​ភ្នំពេញ ៖ ពិព័រណ៍​អន្តរជាតិ ផលិតផល​គុណភាព​ខ្ពស់ នឹង​រៀបចំ​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ដោយ​គ្រោង​នឹង​ដាក់​តាំង​បង្ហាញ​ទំនិញ​ដែល​មានគុណ​ភាព​ខ្ពស់​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន សរុប​ជាង​១០០​ក្រុមហ៊ុន និង​ជាង​១០០​ស្តង់ ដែល​នេះ​ជា​ព្រឹ​តិ្ត​ការណ៍​ដំបូង​សម្រាប់​កម្ពុជា ។

លោក ខៀវ ខេ​នី អគ្គនាយក​ក្រុមហ៊ុន PTG International ដែល​ជា​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍​នេះ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ៖ « ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ឱ្យ​បណ្ដា​ក្រុមហ៊ុន ដែល​មាន​ផលិតផល​គុណភាព​ខ្ពស់​បាន​ដាក់​លក់ទំនិញ​សម្រាប់​ឱកាស​ចូល​ឆ្នាំ​សកល​ឆ្នាំ​២០១៦ និង​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា មិន​ថា​តែ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​អាច​រក​ទិញ​ទំនិញ​ល្អ​ៗ គុណភាព​ខ្ពស់ និង​កម្រ​ដាក់​លក់​បែប​នេះ » ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « ពិព័រណ៍​អន្តរជាតិ​ផលិតផល​គុណភាព​ខ្ពស់​នេះ គឺជា​លើក​ទី​១​សម្រាប់​កម្ពុជា ហើយនឹង​ត្រូវ​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​បណ្ដា​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​ផ្សេង​ៗ​ពី​បរទេស ដែល​យើង​ផ្ដោត​ទៅ​លើ​ការ​ផ្សព្វផ្សាយ​លក់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ ក៏​អាច​រក​ទិញ​ទំនិញ​ដែល​មានគុណ​ភាព​ខ្ពស់​មក​ពី​បណ្ដា​ក្រុមហ៊ុន​ល្បី​ៗ​នៅ​អាស៊ី និង​អឺរ៉ុប ជាដើម » ។

លោក​បន្ថែម​ថា ៖ « ក្រុមហ៊ុន​ដែល​ចង់​ចូលរួម ត្រូវ​តែ​ជា​ក្រុមហ៊ុន​ដែល​មាន​ប្រវត្តិ​ល្អ មាន​ផលិតផល​ដែល​ស្រប​តាម​ស្តង់ដា​អន្តរជាតិ ហើយ​ត្រូវ​មាន​ផលិតផល​ដែល​សម​នឹង​ឈ្មោះ​ពិព័រណ៍​គឺ​ផលិតផល​មានគុណ​ភាព​ខ្ពស់ ហើយ​ពិព័រណ៍​នេះ ក៏​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន និង​សហគ្រាស​កម្ពុជា​ចូលរួម​ផង​ដែរ ។ ក្រុមហ៊ុន​ដែល​ចុះ​ឈ្មោះ​ចូលរួម​ដាក់​តាំង​ផលិតផល យើង​ត្រូវ​ស្រាវជ្រាវ​មើល​ពី​ប្រវត្តិ​នៃ​ក្រុមហ៊ុន​នោះ​ថា តើ​ផលិតផល​ដែល​ក្រុមហ៊ុន​យក​មក​ដាក់​តាំង​នោះ​សម​ស្រប​តាម​ស្តង់ដា​ទេ ហើយ​ក្រុមហ៊ុន​នោះ​ជា​ក្រុមហ៊ុន​យ៉ាងណា ជាដើម » ។

លោក​បញ្ជាក់​ដែរ​ថា ៖ « ចំពោះ​ក្រុមហ៊ុន និង​សហគ្រាស​កម្ពុជា យើង​ក៏​បាន​លើកទឹកចិត្ត​ពួក​គាត់​ឱ្យ​យក​ផលិតផល​មក​ដាក់​តាំង​លក់​ផង​ដែរ ព្រោះថា មាន​ក្រុមហ៊ុន​កម្ពុជា​ជា​ច្រើន​ដែល​ក្រសួង​បាន​ប្រគល់​វិញ្ញាបនបត្រ​ទទួលស្គាល់​គុណភាព​ស្តង់ដា​អន្តរជាតិ តែ​ក្រុមហ៊ុន​កម្ពុជា ហាក់ដូចជា​មិន​មានចិត្ត​ក្លាហាន​ក្នុង​ការ​នាំ​យក​ផលិតផល​របស់​ខ្លួន​មក​ដាក់​តាំង​នោះ​ទេ គឺ​មាន​តែ​ក្រុមហ៊ុន​ប្រមាណ​២ ទៅ​៣​ប៉ុណ្ណោះ ដែល​នឹង​យក​មក​ដាក់​តាំងនៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ » ។

ចំណែក​លោក Joe Voo អ្នកគ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុន Isukoshi ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន ព្រមទាំង​បាន​បង្កើត​ការិយាល័យ​នៅ​កម្ពុជា​ផង​ដែរ​នោះ និង​ជា​ក្រុមហ៊ុន​ដែល​នឹង​យក​ផលិតផល​របស់​ខ្លួន​មក​ដាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​អន្តរជាតិ​ផលិតផល​គុណភាព ក្នុង​ឱកាស​នោះ​ដែរ​ឱ្យ​ដឹង​ថា ៖ « នៅ​ក្នុង​ពិព័រណ៍​នេះ ក្រុមហ៊ុន​យើង​នឹង​យក​ផលិតផល​មួយ​ចំនួន​មក​ដាក់​តាំង​លក់​សម្រាប់​ប្រជាជន​កម្ពុជា ក្នុង​នោះ​យើង​ផ្តោត​ទៅ​លើ​ផលិតផល​រក្សា​សុខភាព និង​សម្រស់​ដូច​ជា ផលិតផល​ម៉ាស្សា ជាដើម » ។

គួរ​បញ្ជាក់​ថា តាម​ការ​ព្យាករ និង​បទ​ពិសោធន៍​រៀបចំ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​លក់​ផលិតផល​របស់​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍​នេះ រំពឹង​ថា នឹង​មាន​អ្នកចូលរួម​ទស្សនា និង​ទិញ​ផលិតផល​ដាក់​តាំង​នោះ ក្នុង​មួយ​ថ្ងៃ​១​ម៉ឺន​នាក់ ដោយសារ​តែ​ថ្ងៃ​ដាក់​តាំង​លក់​ផលិតផល​នោះ គឺជា​ថ្ងៃ​ឈប់​សម្រាក ជា​ពិសេស ជា​ថ្ងៃ​ចូល​ឆ្នាំ សកល​ឆ្នាំ​២០១៦ ទៀត​ផង ៕