ក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា មានប្រហោងខ្មៅ នៅក្នុងមហាសមុទ្រ

វិទ្យាសាស្ត្រ៖ ក្រុមអ្នកស្រាវជ្រាវ នៅឯមហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា របស់ ប្រទេសស្វីស និង មហាវិទ្យាល័យ Miami របស់អាមេរិក បានប្រកាសថា ប្រហោងខ្មៅគួច ដ៏ ធំសំបើមមួយ នៃមហាសមុទ្រ ត្រូវបាន រកឃើញនៅក្នុង មហាសមុទ្រអាត្លង់ទិច ភាគខាងត្បូង។ នេះបើយោងតាម ទីភ្នាក់ងារព័ត៌មានវិទ្យាសាស្រ្ត ចេញ ផ្សាយនៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ ២០១៥។

ជាមួយគ្នានេះដែរ ប្រហោងខ្មៅគួចត្រូវបានគេឲ្យនិយមន័យថា ជាកន្លែងដែលធ្វើឲ្យ មានការគួច រវាងវត្ថុរាវ និងឧស្ម័ន ដោយមានចលនារង្វិលខ្ញាល់។ នៅក្នុងរបាយការណ៍ ដែលត្រូវបានចេញផ្សាយដោយលោក George Haller ដែលជាសាស្រា្តចារ្យ នៅមហាវិទ្យាល័យ ETH Zurich និងលោក Francisco Beron-Vera នៃមហាវិទ្យាល័យ Miami បាននិយាយថា ពួកគេបានរកឃើញសញ្ញានៃប្រហោងខ្មៅនៅក្នុងមហាសមុទ្រអាត្លង់ទិច ដែលអាចជា ចំណោទមួយពិបាកនឹងដោះស្រាយរបស់ពួកគេ។

គួរបញ្ជាក់ នេះជាការរកឃើញថ្មីមួយទៀត ស្តីពីអាថ៌កំបាំង ក្រោមបាតសមុទ្ររបស់ផែនដី។ ចំពោះប្រហោងខ្មៅ ដ៏អាថ៌កំបាំងនោះ នៅមិនទាន់មានការបកស្រាយ ឬ ក៏ធ្វើការសិក្សា ស្រាវជ្រាវ ឲ្យបានស៊ីជម្រៅនោះឡើយ៕

ក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា មានប្រហោងខ្មៅ នៅក្នុងមហាសមុទ្រ