ប្រធានអង្គការ មូលនិធិបង្ការរបួស អាស៊ីគាំទ្រ ចំពោះការសម្រច របស់សម្ដេចតេជោ ឲ្យផ្អាកធ្វើប័ណ្ណ បើកបរបណ្ដោះអាសន្ន

ភ្នំពេញ៖ លោកគឹម  បញ្ញា នាយកអង្គមូនិធិបង្ការ របួសអាស៊ី (AIP) បានចេញមុខគាំទ្រ ចំពោះការ សម្រេច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលឲ្យក្រសួងសាធារណៈការ និងដឹកជញ្ជូន ផ្អាកធ្វើប័ណ្ណបើកបរគ្រប់ប្រភេទជាបណ្ដោះអាសន្ន។

លោក គឹម បញ្ញា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្អិល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នេះថា “ខ្ញុំសូមគាំទ្រនៅអនុសាសន៍របស់ សម្ដេចនាយករដ្ឋមន្រ្តី  ក្នុងការសិក្សាទៅលើតំលៃ ដែលទាក់ទង ទៅនឹងបណ្ណបើកបរ ក៏ប៉ុន្ដែខ្ញុំគិតថា ការជំរុញឲ្យមានប័ណ្ណបើកបរនេះ គួរតែបន្ដធ្វើក្នុងស្ថានភាព មួយក្នុងកាលទេសៈពេលវេលាមួយក្នុងពេលឆាប់ៗខាងមុខនេះ ពីព្រោះថា តាមពិតទៅច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មី យើងកំណត់ឲ្យ អ្នកបើកបរម៉ូតូ និងរថយន្ដ ត្រូវមានប័ណ្ណបើកបរ យើងមាន តាំងពីឆ្នាំ ២០០៧មកម្លេះហើយក៏មានអប់រំ ផ្សព្វផ្សាយ ក៏បានច្រើនមកដែរ”។

លោកបានបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវកំណត់ពេល ទុកពេលពីរ ទៅបី ឬ៦ ខែ តាមការសិក្សាជាក់កស្ដែងដើម្បីឲ្យអ្នកទៅធ្វើប័ណ្ណបើកបរ និងអ្នកផ្ដល់សេវា ឲ្យគាត់អាច មានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការងារឲ្យបានជោគជ័យ។

សូមបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ បានទទួលយក សំណូមពរពីប្រជាពលរដ្ឋ ដែលស្នើរតាមរយៈ បណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក សុំបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរ ដោយសម្តេចបានសន្យាថា និងធ្វើការដោះស្រាយ ជូនដើម្បីបញ្ចុះតម្លៃ និងលប់ចោលការចំណាយ ៕