ល្បួង​នាង​អាយុ​១៤​ឆ្នាំ​មក​ពួន​សម្ងំ​រួមរស់​ខុសច្បាប់ត្រូវ​​នគរបាល​ចាប់ខ្លួន

ខេត្តក្រចេះ ​៖ ក្រោយ​ពី​មានការ​​​ស្រាវជ្រាវ​​រយៈ​ពេល​ជាង​១​ខែ ជន​ម្នាក់​ដែល​បានល្បួង​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ មក​ពី​ទីក្រុង​ភ្នំពេញ ក្រោយ​ពី​ស្គាល់គ្នា​តាម​ទូរស័ព្ទមក​លួច​ពួនសម្ងំ​រួម​រស់នៅ​ជាមួយ​គ្នា​ជា​ច្រើន​ថ្ងៃ ត្រូវ​កម្លាំង​នគរបាល​ខេត្ត​​ឃាត់ខ្លួន​ទៅ​តាម​បណ្តឹងរបស់​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី ដោយជាប់​សង្ស័យ​ពី​បទ​រួម​ភេទ​ជាមួយ​អ​នី​ត​ជន​ក្រោម​អាយុ​១៥​ឆ្នាំ​។

ជនសង្ស័យ​ដែល​រង​ការ​ចោទប្រកាន់ មានឈ្មោះ ឃឹម តុលា អាយុ​២១​ឆ្នាំ រស់នៅ​ក្នុងសង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ និង​ក៏​ត្រូវ​បាន​នគរបាល​ខេត្តក្រចេះ សហការ​ជាមួយ​នគរបាលខេត្តមណ្ឌលគិរី ចាប់​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៨ ​ធ្នូ ខ​ណៈដែល​ជន​នេះ​បាន​នាំ​ក្មេងស្រី​រង​គ្រោះ អាយុ​១៤​ឆ្នាំ​ មាន​​ទីលំនៅ​រាជធានី​ភ្នំពេញ និង​បាន​ស្រឡាញ់​នាង​ទាំងមិន​ទាន់​គ្រប់​អាយុ​ទៅ​ពួន​សម្ងំ​រស់នៅ​ជាមួយ​គ្នា នៅ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី បានមួយ​រយៈ​​។

ស្នងការ​រង​កណ្តាល​ប្រឆាំង​បទល្មើស​លោក​វរសេនីយ៍ឯក គង់ វ​ណ្ណា​រឹ​ទ្ឋ បាន​ឲ្យ​ដឹងថា ជន​រូប​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តក្រចេះ សហការ​ជាមួយ​នគរបាល​ខេត្ត​មណ្ឌលគិរី ចាប់​ឃាត់ខ្លួន​ បន្ទាប់​ពី​ជន​នេះ​បាន​ជម្លៀស​ខ្លួន​ជាមួយ​​ក្មេង​ស្រី​រង​គ្រោះទៅ​ពួន​សម្ងំ រស់នៅ​ក្នុងស្រុក​កែវ​សីមា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ហើយ​ការ​ចាប់ខ្លួននេះ ​គឺ​ធ្វើ​ឡើង​ទៅ​តាមពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​។

នគរបាល​កា​រិ​យា​យា​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អ​នី​ត​ជន​ខេត្តបាន​ឲ្យដឹង​ថា ក្រោយ​ពី​ស្គាល់គ្នា​តាម​ទូរ​សព្ទ កាលពី​ខែវិច្ឆិកា ជន​នេះ​បាន​ល្បួង​ក្មេង​ស្រី​រង​គ្រោះអាយុ​១៤​ឆ្នាំ ជា​សិស្ស រស់នៅ​ទីក្រុង​ភ្នំពេញ​ឲ្យ​មក​ខេត្តក្រចេះ​។

​​បន្ទាប់​ពី​មានការ​បាត់ខ្លួន​របស់​ក្មេង​ស្រី​រង​គ្រោះ ម្តាយ​របស់​នាង​បាន​ដាក់​ពាក្យបណ្តឹង​មក​នគរបាល និង​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ​ក្មេង​ស្រី​ខាងលើបាន​មក​ពួន​សម្ងំ​រស់នៅ​ជាមួយ​ជន​នេះ​នៅខេត្តក្រចេះ​។ ក្រោយ​ពី​ដឹង​ថា រឿង​នេះ​ត្រូវ​បែកធ្លាយ ជន​នេះ​ក៏​បាន​នាំ​ក្មេង​ស្រី​រងគ្រោះទៅ​ពួន​សម្ងំ​រស់នៅ​ជាមួយ​គ្នា​នៅ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី តែ​ក៏​ត្រូវ​បាន​កម្លាំងនគរបាល​តាម​ស្រាវជ្រាវ​ និង​ចាប់​ឃាត់ខ្លួន​បាន​។

បើ​តាម​លោក​វរសេនីយ៍ឯក គង់ វ​ណ្ណា​រឹ​ទ្ឋ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មានការ​ចាប់​ឃាត់ខ្លួនជន​សង្ស័យ ក្មេង​ស្រី​រង​គ្រោះត្រូវ​បាន​នគរបាល​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ ចំណែកឯជនសង្ស័យ ត្រូវ​បាន​កម្លាំង​នគរបាល​កា​រិ​យា​ល័យ​ជំនាញឃាត់ខ្លួន ​និង​បញ្ជូន​ខ្លួន​ទៅសាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​ធ្នូ ជាប់​សង្ស័យ​ពី​បទ​​​រួម​ភេទ​ជាមួយ​អ​នី​ត​ជន ក្រោម​អាយុ​១៥​ឆ្នាំ​៕