ជន​ជាប់ចោទ​ជា​និស្សិត​ច្បាប់​ អា​រ.ក​សម្លាប់​សង្សារ ត្រូវជាប់គុក​​អស់​​មួយ​​ជីវិត

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល លោក​ឃឹម ប៉ុណ្ណ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ ២០១៥ សម្រេច​តម្កល់​សាលដីកា​សាលា​ឧទ្ធរណ៍​​ទុកជា​បានការ​ដដែល គឺ​ផ្តន្ទាទោស​បុរស​ម្នាក់​ជា​និស្សិត​ច្បាប់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច ត្រូវ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពាក់ព័ន្ធ​ការ​អារ​.​ក​សម្លាប់​សង្សារ ដោយ​ព្រោះ​ភ្លើង​ប្រចណ្ឌ ។

ជនជាប់ចោទ​ឈ្មោះ​ស៊ី ហ្សា​ម៉ា​រ៉ូ អាយុ​២៤​ឆ្នាំ ត្រូវ​បាន​ផ្តន្ទាទោស​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ​ប្រព្រឹត្ត កាលពី​ថ្ងៃ​ទី​៣ តុលា ២០១១ ស្ថិត​នៅ​ចំណុច​ផ្ទះសំណាក់ «​ហង្ស​នាគ​» ក្នុង​បន្ទប់​លេខ​១៤ ផ្លូវ​លេខ​៥០២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

គួរ​រំលឹក​ថា តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​២១ ធ្នូ  ២០១៥ បាន​បើក​សវនាការ​កាត់ទោស​បុរស​ម្នាក់​ជា​និស្សិត​ច្បាប់​នៃ​សាកល​វិទ្យា​ល័យ​​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ពាក់ព័ន្ធ​ការ​អារ​.​ក​សម្លាប់​សង្សារ ព្រោះតែ​ភ្លើង​ប្រចណ្ឌ​។

តាម​​អង្គហេតុ គឺ​ឈ្មោះ​ស៊ី ហ្សា​ម៉ា​រ៉ូ បាន​នាំ​សង្សារ​ឈ្មោះ​ហៃ ស្រី​ទូច អាយុ​២៣​ឆ្នាំ ទៅ​ដេក​ក្នុងផ្ទះ​សំណាក់ ។ លុះ​ក្រោយ​ពេល​លង់​លក់​ឈ្មោះ​ស៊ី ហ្សា​ម៉ា​រ៉ូ ក៏​យក​កាំបិត​ដែល​លាក់​ទុក​ចាក់​លើ​ពោះ​សង្សារ​ជា​ច្រើន​កាំបិត និង​អារ​.​ក​សម្លាប់​តែ​ម្តង​។