ក្រុម​អ្នកបើក​ឡានក្រុង របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ កា​ពី​តូ​ល ធ្វើ​ការតវ៉ា​ជាថ្មី​

ភ្នំពេញ: ​ក្រុម​អ្នកបើក​ឡានក្រុង​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ កា​ពី​តូ​ល បាន​ប្រមូលផ្ដុំ​ធ្វើ​ការតវ៉ា​សាជាថ្មី កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥​។ ក្រុមអ្នកតវ៉ា អះអាងថា ក្រុមហ៊ុន កា​ពី​តូ​ល នៅ​មិនទាន់​ដោះស្រាយ​បញ្ហា​សេសសល់​មួយចំនួន​។ ក៏ប៉ុន្តែ​តំណាង​ក្រុមហ៊ុន កា​ពី​តូ​ល បាន​អះអាងថា ក្រុមហ៊ុន​បាន​ដោះស្រាយ​បញ្ហា​អស់ហើយ នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។​

​សូម​រម្លឹកថា ការប្រមូលផ្តុំ​តវ៉ា​នោះ បានធ្វើ​ឡើង នៅមុខ​ក្រុមហ៊ុន​ឡានក្រុង​ដឹក​អ្នកដំណើរ កា​ពី​តូ​ល ស្ថិតនៅ​លើផ្លូវ​លេខ​១១២ កែង​នឹង​ផ្លូវ​លេខ​១៨២ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ម្ដុំ​ផ្សារ​អូ​ឬ​ស្សី​។​

​អតីត​បុគ្គលិក​អ្នកបើក​ឡានក្រុង ប្រមាណ​ជិត ៣០​នាក់ បាន​ជួបជុំ លើក​បដា ដើម្បី​ឲ្យ​ក្រុមហ៊ុន គោរព​ល័​ក្ខ​ណ្ឌ​ច្បាប់​ការងារ​។

​ចំណែក​នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន កា​ពី​តូ​ល លោក ផាន់ សុភាព មានប្រសាសន៍ថា អ្វីដែល​ជាការ​ស្នើសុំ​រប​ស់​អ្នក​តវ៉ា​ទាំងនេះ គឺ​ក្រុមហ៊ុន​បាន​ដោះស្រាយ​រួចរាល់​អស់ហើយ នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។​

​ក្នុង​គោលជំហរ​ដាច់ខាត នាយក​ចាត់ការ​ទូទៅ​រូបនេះ បាន​បញ្ជាក់ថា ក្រុមហ៊ុន មិន​ទទួលយក​បុគ្គលិក ដែល​ក្រុមហ៊ុន បាន​បញ្ឈប់​នោះ មក​ធ្វើការ​វិញ​ឡើយ​៕​