តៃកុង​រថយន្ត​យី​ឌុប​បើក​កិន​ព្រូ​ខ្លួនឯង​ស្លាប់​មួយ​រំពិច​

ព្រះវិហារ:  ព្រូ​រថយន្ត​យី​ឌុប​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ យ៉ាង​អាណោចអាធម៌បមផុត ខណៈ​កំពុង​ដេក​លង់លក់​នៅលើ​កន្ទេល​ក្រោម​រថយន្ត ហើយត្រូវ​រថយន្ត​បើក​កិន​បែកក្បាល​ធ្លាយ​ខួរ ខ្ទេច​ដងខ្លួន ធ្លាយ​ថ្លើម និង​សួត​បែក​ខ្ទា​ត់ចេញមកក្រៅ​។​

​ហេតុការណ៍​ដ៍​រន្ធត់​និង​តក់ស្លុត​នេះ​បាន កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៥៥​នាទីយប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​ស្ថិតនៅ​ខាងលិច​ភូមិ​ពោធិ៍​ទាប ឃុំ​ម្លូព្រៃ​១ ស្រុក​ឆែបខេត្ត​ព្រៃ​វិហារ​។​

 ជនរងគ្រោះ​ឈ្មោះ ញា​ញ់ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ​។ រីឯតៃកុង​ឈ្មោះ​សុខ ម៉េង​ទ្បុ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម​។​

​តាម​អ្នកភូមិ​បាន​ឲ្យ​ដឹងថា មុន​បើកបរ​រថយន្ត​ចេញពី​ទីតាំង​កើតហេតុ​នោះ តៃកុងរថយន្ត​បាន​ស្រែកហៅ និង​ដើររក​ព្រូ​របស់ខ្លួន​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ដែរ ប៉ុន្តែ​រកមិនឃើញ ក៏​ឡើង​បើករថយន្ត​ចេញ ចៃដន្យ​អាក្រក់​បាន​កិន​មនុស្ស​នៅក្រោម​រថយន្តស្លាប់​ដោយ​អ​ចេតនា​តែម្តង​។ នៅក្បែរ​សព​ជនរងគ្រោះ​ឃើញ​មាន​វត្ថុតាង​ដបទឹក​សុទ្ធ ទុយោ និង​ដែកកេះ​សង្ស័យ​ជា​ឧបករណ៍​ជក់​គ្រឿងញៀន​ថែមទៀត​។​

​បន្ទាប់ពី​ដឹងថា​បាន​បើករថយន្ត​កិន​ព្រូ​រថយន្ត​ខ្លួនឯង​ស្លាប់​ហើយ​នោះ តៃកុង​រថយន្តបាន​ចុះ​រត់ចោល​រថយន្ត​បាត់​។ រីឯ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ទាក់ទងទៅ​សាច់ញាតិ​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​មក​ទទួល​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​។

ចំណែក​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​អូស​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​​នគរបាល​ស្រុក​ឆែប ដើម្បី​ចាត់ការ​តាមច្បាប់​៕R