មន្ត្រី​ព្រំដែន បូកសរុប​លទ្ធផល​ការងារ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម កម្ពុជា​-​ឡាវ និង​កម្ពុជា​-​ថៃ នៅ​ឆ្នាំ​២០១៥

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ ទទួលបន្ទុក​កិច្ចការ​ព្រំដែន នៃ​ប្រទេស​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា គិត​ត្រឹម​បំណាច់​ឆ្នាំ​២០១៥​នេះ ការងារ​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម ឡាវ និង​ថៃ បាន​ជាង ៨៦% និង​នៅសល់​ជាង ១០% ទៀត​ប៉ុណ្ណោះ​។ ប្រទេស​ទាំងបី កំពុងតែបន្ត​ជជែក​ពិភាក្សា​ជាមួយនឹង​កម្ពុជា លើ​ចំណុច ដែល​នៅ​សេសសល់ និង​មិនទាន់​ឯកភាពគ្នា ដើម្បី​ឈានទៅដល់​ការបញ្ចប់​ការបោះបង្គោល​ព្រំដែន​ទាំងស្រុង​នៅឡើយ​ទេ​។​

​លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ ទទួលបន្ទុក​កិច្ចការ​ព្រំដែន បាន​មានប្រសាសន៍ថា ការបោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម បាន ៨៣,២% នៅសល់ ១៦,៨% ទៀត នឹង​បញ្ចប់​ការបោះបង្គោល​ធំ​ទាំងស្រុង នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​វៀតណាម​។   
​លោកស្រី បញ្ជាក់ថា ទាក់ទង​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម បើ​និយាយ​ពី​តាំង​មាន​ចំនួន ៣១៤​ទីតាំង ដោយសារតែ​បង្គោល​ខ្លះ​មាន​បង្គោល​ភ្លោះ និង​បង្គោល​ត្រី និង​បង្គោល​នៅ​លើដី​ជាក់ស្តែង​មាន​ចំនួន ៣៧៥​បង្គោល​។ ហើយ​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​បោះបង្គោល​បាន​ចំនួន ៣១២ បង្គោល នៅ​លើដី​ជាក់ស្តែង នៅសល់​ចំនួន ៦៣ បង្គោល​។​

​លោកស្រី បាន​បន្ត​ទឿ​ត​ថា ទាក់ទង​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ជា​ព្រំដែន​អន្តរជាតិ គឺ​មិនបាន​បោះបង្គោល​ព្រំដែន​ឡើងវិញ​ទេ ពីព្រោះ​មាន​បន្សល់ទុក​បង្គោល ដែល​បោះ​តាំងពី​ជំនាន់​បារាំង មាន​ចំនួន ៧៣ បង្គោល​។ ភារកិច្ច​របស់​គណៈកម្មកា​រ​ចម្រុះ​ប្រទេស​ទាំងពីរ កម្ពុជា ថៃ គឺ​រុករក​បង្គោល​ព្រំដែន​ចាស់ ដែល​បាន​បោះ​តាំងពី​ទស្សវត្ស​ឆ្នាំ​១៩០៨ ឆ្នាំ​១៩០៩ និង​ឆ្នាំ​១៩១៨ ឆ្នាំ​១៩១៩ និង​ឆ្នាំ​១៩២០ បោះ​បាន ៧៣ បង្គោល​។ ក្រុមការងារ​ចម្រុះ​ប្រទេស​ទាំងពីរ បន្ត​រក​បង្គោល​ចាស់ ដោយ​រកឃើញ​បាន​ចំនួន ៦២ បង្គោល នៅសល់ ១១ បង្គោល​ទៀត​។ ប៉ុន្តែ​នៅក្នុង​ចំណោម​បង្គោល​ព្រំដែន​ចំនួន ៦២ ដែល​បាន​រកឃើញ គឺមាន​បង្គោល​ខ្លះ ក៏បាន​ឯកភាពគ្នា​និង​មាន​បង្គោល​មួយចំនួន មិនទាន់បាន​ឯកភាពគ្នា​នៅលើ​ទីតាំង​ទេ​។ ភាគី​ទាំងពីរ ក៏ត្រូវ​ការជជែក​គ្នា​ឡើងវិញ​ដែរ​។​

អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ ទទួលបន្ទុក​កិច្ចការ​ព្រំដែន បាន​មានប្រសាសន៍​បាន​បន្តថា “​ចំពោះ​ការបោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ គឺ​បោះ​បាន ៨៦% នៅសល់​១៤% ទៀត ដែល​គណៈកម្មការ​ចម្រុះ​ប្រទេស​ទាំងពីរ បន្ត​ជជែក​ពិភាក្សាគ្នា ដើម្បី​បញ្ចប់​ការបោះបង្គោល​ព្រំដែន​ទាំងស្រុង​។ ការបញ្ចប់​នៅពេលណា គឺ​អាស្រ័យទៅលើ​ប្រទេស​ទាំងពីរ​ឯកភាពគ្នា​”​។

​លោកស្រី​បន្តថា បង្គោល​ព្រំដែន​រវាង​ក​ម្ពុ​ជា និង​ឡាវ មាន​ចំនួន ១៤៥ បង្គោល ហើយ​ការបោះបង្គោល​ព្រំដែន​បាន​ចំនួន ១២១ បង្គោល នៅសល់ ២៤ បង្គោល​៕​

មន្ត្រី​ព្រំដែន បូកសរុប​លទ្ធផល​ការងារ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម កម្ពុជា​-​ឡាវ និង​កម្ពុជា​-​ថៃ នៅ​ឆ្នាំ​២០១៥

មន្ត្រី​ព្រំដែន បូកសរុប​លទ្ធផល​ការងារ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម កម្ពុជា​-​ឡាវ និង​កម្ពុជា​-​ថៃ នៅ​ឆ្នាំ​២០១៥

មន្ត្រី​ព្រំដែន បូកសរុប​លទ្ធផល​ការងារ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម កម្ពុជា​-​ឡាវ និង​កម្ពុជា​-​ថៃ នៅ​ឆ្នាំ​២០១៥