អភិបាលខេត្ត​សៀម​រាប​​ ៖​ ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​កាត់​ទទឹង​ផ្លូវ​នឹង​ត្រូវ​បាន​បញ្ចប់​ជា​រៀង​រហូត

ខេត្តសៀមរាប​ ៖​ ក្រុម​មន្ត្រី​អាជ្ញាធរ​បាន​អះអាងកាល​ពី​ព្រឹក​ថ្ងៃ​ច​ន្ទ​ ថា​ ​ពួក​ខ្លួន​កំពុង​បើក​យុទ្ធនាការ​បោសសំអាត​ផ្ទាំ​ងផ្សាយពាណិជ្ជកម្ម​ធំ​ៗ(​ប៉ាណូ​)​ទាំងអស់​ដែល​សាងសង់​កាត់​ទទឹង​ផ្លូវ រួម​ទាំង​នៅ​កន្លែង​ផ្សង​ៗ​ទៀត​ក្នុង​ដែន​រដ្ឋបាល​របស់​ខ្លួន ហើយ​មិន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​ឡើង​វិញទៀត​ទេ​។

ការ​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​មានការ​រិះគន់​ខ្លាំង​ទៅ​លើ​បណ្តាក្រុមហ៊ុន​មួយ​ចំនួន រួម​ទាំង​អា​ជ្ញ​ធរ​ផង​ដែរ ​​លើ​ការ​ដាក់​ពង្រាយ​ផ្ទាំង​ប៉ាណូ និង​ស្លាក​យីហោ តូច​-ធំ​ជា​ច្រើន ទាំង​សង់​រំលង​ដងផ្លូវ​ទាំង​នៅ​ទី​ផ្សេង​ថា ​បាន​រំលោភ​ទៅ​លើ​អក្សរ​សាស្ត្រ​ខ្មែរ ជា​ពិសេស​ការ​រំលេច​រូបថត​តារា​សម្តែង​នៅ​ក្នុង​ផ្ទាំង​ប៉ាណូ​កាត់​ទទឹង​ផ្លូវ ដែល​ជនានុជន​ធ្វើ​ដំណើរ​ឆ្លងកាត់​បង្ខំចិត្ត​ជ្រក​ក្រោម​បាតជើង​ និង​គូទ​ក្រុម​តារា​សម្តែង​ទាំងនោះ​អ៊ីចឹ​ង​ដែរ​។​

អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុ​នសុង បាន​មាន​ប្រសាសន៍​ប្រាប់កាល​ពីព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ ​ថា​ ​បច្ចុប្បន្ន​យើង​កំពុង​បោសសំអាត​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ទាំងអស់ដែល​សង់កាត់​ទទឹង​ផ្លូវ​នៅ​ទូ​ទាំង​ខេត្ត ដោយហេតុ​ថា​ នា​ពេល​កន្លង​មក​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​ផ្សាយពាណិជ្ជកម្ម​មួយ​ចំនួន​ដណ្តើម​គ្នា​ដាក់ ក្នុង​នោះខ្លះ​មានច្បាប់​អនុញ្ញាត ខ្លះ​អត់​ច្បាប់ ខ្លះ​ហួស​សុពលភាព​ច្បាប់ ដោយ​មិន​ខ្វល់​ពី​ការ​បាត់បង់​សោ​ភ័ណភាព និង​សណ្តាប់​ធ្នាប់​អ្វី​សូ​ម្បី​តែ​ប​ន្តិច​​។

លោក​អភិបាល​បាន​បញ្ជា​ក់​បែប​នេះ​ថា​​«​ចាប់ពី​ថ្ងៃនេះ​តទៅ​ផ្ទាំង​ប៉ាណូ​ធំ​ៗ​មិន​ប្រក្រតី​ទាំងអស់ នឹង​ត្រូវ​កាត់​ផ្តួល​ដោយ​រថ​យន្ត​ស្ទូច ហើយ​មិន​អាច​អនុញ្ញាត​ច្បាប់​ឲ្យ​បណ្តា​​ក្រុមហ៊ុន​ទាំងនោះ​បន្ត​ដាក់​នៅ​លើ​ទីតាំង​ដដែល​ទៀត​ទេ លើកលែងតែ​ដាក់​​ទៅ​តាម​ប្លង់មេដែល​អាជ្ញាធរ​ខេត្ត​រៀបចំ​ជូន​»​៕