អា​រ៉ាប់​រួម និង​ចិន​ឯកភាព​គ្នា​បង្កើត​មជ្ឈមណ្ឌល​ទូទាត់​ប្រាក់​យន់

ប្រទេស​អា​រ៉ាប់​រួម ៖ តាម​របាយការណ៍​សារព័ត៌មាន​របស់​អា​រ៉ាប់​បាន​ឲ្យ​ដឹង​ថា ប្រទេស​អា​រ៉ាប់​រួម (UAE) បាន​ចុះហត្ថលេខា​ជាមួយ​ចិន ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ទូទាត់​ប្រាក់​យន់​ដែល​ជា​រូបិយប័ណ្ណ​របស់​ចិន ។

មជ្ឈមណ្ឌល​នេះ​នឹង​បំពេញ​កំណើន​នៃ​តម្រូវការ​ក្នុង​ចំណោម​បណ្តា​ក្រុមហ៊ុន ក៏​ដូច​ជា​ធនាគារ​ដែល​មាន​មូលដ្ឋាន​នៅ​អា​រ៉ាប់​រួម ហើយ​ក៏​នឹង​ក្លាយជា​អ្នក​ទី​២ ក្នុង​តំបន់​មជ្ឈិម​បូព៌​៌ា​ដែរ បន្ទាប់​ពី​ប្រទេស​កា​តា ជា​រដ្ឋ​មួយ​នៅ​ឈូង​សមុទ្រ​អា​រ៉ាប់ ដែល​បាន​បង្កើត​មជ្ឈមណ្ឌល​នេះ​ដំបូង​គេ​កាលពី​ខែមេសា កន្លង​ទៅ​ថ្មី​ៗ​នេះ ។

តាម​របាយការណ៍​របស់​ធនាគារកណ្តាល​អា​រ៉ាប់​រួម​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ខាងលើ​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ខណៈ​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់​អា​ប៊ុ​យ​ដា​ប៊ី Sheikh Mohamed bin Zayed Al-Anhyan ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន កាលពី​ខែ​ដើមខែ​ធ្នូ​នេះ ។

ពុំ​មាន​កាលបរិច្ឆេទ​ជាក់លាក់​ណាមួយ​ត្រូវ​បាន​បង្ហាញ​ឡើយ​អំពី​ពេលវេលា​ដែល​មជ្ឈមណ្ឌល​នេះ​នឹង​ត្រូវ​បើក​ការ​ជួញដូរ​នោះ​។ អា​រ៉ាប់​រួម​ដែល​ជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ដ៏​ធំ​មួយ ហើយ​ចិន​ក៏​បាន​បំពេញបន្ថែម​នូវ​ការ​ចាក់​បង្ហូរ​ចូល​នូវ​រូបិយប័ណ្ណ​របស់​ខ្លួន​ប្រមាណ​ជា​៣៥​ប៊ី​លាន​យន់ (៥,៤២​ប៊ី​លាន​ដុល្លារ​) ក្នុងអំឡុងពេល​ទស្សនកិច្ច​នោះ​ផង​ដែរ ។
អា​រ៉ាប់​រួម​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​គោលការណ៍​វិនិយោគិន​គ្រឹះស្ថាន​បរទេស ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ចំពោះ​ប្រាក់​យន់​ចិន​ផង​ដែរ ពោល​គឺ​គោលការណ៍​ខាងលើ រដ្ឋ​នៅ​ឈូង​សមុទ្រ​អា​រ៉ាប់​មួយ​នេះ​ត្រូវ​បាន​គេ​ផ្តល់​នូវ​កូតា​៥៥​ប៊ី​លាន​យន់ (៨,៥៣​ប៊ី​លាន​ដុល្លារ​) ។

កាលពីដើម​ឆ្នាំ​២០១៥ ICBC ដែល​ជា​ធនាគារ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បាន​ចុះបញ្ជី​ប័ណ្ណបំណុល​ចំនួន​៥០០​លាន​ដុល្លារ ដែល​ជា​ប័ណ្ណបំណុល​ដំបូង​គេ តាម​រយៈ​អ្នក​ផ្តល់​កម្ចី​ជនជាតិ​ចិន​ក្នុង​តំបន់​មជ្ឈិម​បូព៌​៌ា​នៅ Nasdaq Dubai ដែល​ជាទី​ផ្សារ​មូលធន​អន្តរជាតិ​មាន​ទីតាំង​ក្នុង DIFC ។

អ្នកគ្រប់គ្រង​ទូទៅ​នៃ​ធនាគារ ICBC ប្រចាំ​តំបន់​មជ្ឈិម​បូព៌​៌ា លោក Zhou Xiaodong បាន​ប្រាប់​សារព័ត៌មាន​ស៊ី​ន​ហួរ​របស់​ចិន​ថា ៖ « លោក​មាន​ក្តី​រំពឹង​ចំពោះ​ក្រុមហ៊ុន​ចិន​កាន់តែ​ច្រើន​ដែល​អនុវត្ត​តាម និង​ចុះបញ្ជី​ប័ណ្ណបំណុល​នៅ​ឌូ​បៃ ដើម្បី​បង្កើត​ទីផ្សារ​ទ្រព្យសកម្ម​រាវ​ទៅ​ជា​សាច់ប្រាក់​ក្នុង​មូលដ្ឋាន​នៅ​ក្រុង​ឌូ​បៃ តាម​រយៈ​កា​រត​ភ្ជាប់​រវាង​ហិរញ្ញវត្ថុ​នៅ​មជ្ឈិម​បូព៌ា និង​អាស៊ី​បូព៌ា » ។

ក្នុង​ឆ្នាំ​២០១៤ ចិន​បាន​វ៉ា​ដាច់​ឥណ្ឌា ហើយ​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​បំផុត​របស់​អា​រ៉ាប់​រួម ស្រប​ពេល​ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន​ជិត​៥០​ប៊ី​លាន​ដុល្លារ ។ មន្ត្រី​រដ្ឋាភិបាល​ប៉ាន់​ប្រមាណ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​នឹង​សម្រេច​បាន​លើស​ពី​៦០​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ នេះ ។

បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ចិន​ច្រើន​ជាង​៤.០០០​ក្រុមហ៊ុន​ដែល​បាន​បើក​សាខា​នៅ​ប្រទេស​អា​រ៉ាប់​រួម ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនោះ មាន​អ្នក​ផ្តល់​កម្ចី​របស់​ចិន​ធំ​ជាងគេ​បំផុត​ចំនួន​៤ ដូច​ជា ICBC, China Construction Bank, Agricultural Bank of China និង Bank of China ។

សូម​បញ្ជាក់​ដែរ​ថា នៅ​ប្រទេស​អា​រ៉ាប់​រួម​មាន​ពលរដ្ឋ​ចិន​ដែល​មក​តាំង​លំនៅ​ឋាន​ចំនួន​ជាង​៣០​ម៉ឺន​នាក់​ហើយ ៕