​​បញ្ជូន​ខ្លួន​​ជនសង្ស័យ​ប្រុស​ស្រី៧នាក់​​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ទៅ​សាលា​ដំបូង​ខេត្ត​

ខេត្តសៀមរាប ​៖ ​នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ន​ខេត្ត ​​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល និង​​នគរបាល​ក្រុង​សៀមរាប ​​ចុះ​បង្ក្រាប​​ការ​ជួញ​ដូរ​សារធាតុ​ញៀន​ ដោយ​​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រីចំនួន៧​នាក់ ខណៈ​ពួក​គេ​កំពុង​ចែកចាយគ្រឿង​ញៀន​នៅ​តាម​ផ្ទះ​ជួល និង​តាម​ផ្លូវ​សាធារណៈបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​​កាល​ពី​​​ថ្ងៃ​ទី​២៩​និង​៣០​ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​​​ក្នុង​​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ទោ  អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​​​ខេត្ត​ បាន​​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​​​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ទាំង​៧​នាក់ខាង​លើ​ ​​​រួម​មាន ១/ឈ្មោះ រឿ​ន សុផល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ​​២/​ឈ្មោះ ស៊ី​ម ឡូត ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​ជា​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ​​​៣/​ឈ្មោះ សែន សឿង ​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​រស់នៅ​បន្ទប់​ជួល ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​​ ​​៤/​ឈ្មោះ អាន ម៉ុ​ន ភេទ​ស្រី អាយុ​២៨​ឆ្នាំ ​ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​​ ​​៥/​ឈ្មោះ ទី ដួង ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ ​ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ​៦/​ឈ្មោះ ម៉ក់ ប៉ែ​ត ហៅ​សុភា ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ មុខរបរ​ជាង​ផ្សារ​ដែក រស់នៅ​ភូមិ​តា​ចេក ឃុំ​សំរោង ស្រុក​ពួក ​។ ជន​សង្ស័យ​​ទាំង​៦នាក់​​ឃាត់ខ្លួន​ថ្ងៃ​ទី​២៩ ​​ធ្នូ ​​និង​៧/​ឈ្មោះ គង់ រចនា ហៅ​ខួច ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ​ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ស្ពាន​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ​​ឃាត់ខ្លួន​ថ្ងៃ​ទី​៣០ ​ធ្នូ​​ ។​

​​ចំណែក​វត្ថុតាង​ ដែល​ដកហូត​​​បាន ​រួម​មាន ​ម្សៅមេ​តំ​ហ្វេ​តា​មីន​ចំនួន​៨​កញ្ចប់​ មាន​ទម្ងន់​ស្មើ​១.២​ក្រាម ទូរស័ព្ទ​ដៃ​៤​​ និង​ឧ​បករ​ណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ ​។​​​ជនសង្ស័យប្រុស​ស្រី​​ទាំង​៧នាក់​​នាក់ និង​វត្ថុ​តាង ​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​​នៅ​ថ្ងៃ​ទី​៣០ ​ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​​ ៕ ​